បច្ចេកវិទ្យា | August 24, 2020 | 917

ទីបំផុត MV បទ «ជូនដំណើរអូនឡើងផ្លូវ Highway» របស់ ខេម ដែលចំណាយប្រាក់ខ្ទង់ម៉ឺនដុល្លារក្នុងការផលិត ចេញជាផ្លូវការហើយ

 

ប៉ុន្មានម៉ោងមុននេះ ឆានែលយូធូបរបស់ផលិតកម្ម Galaxy Navatra ទើបបញ្ចេញ MV បទ «ជូនដំណើរអូនឡើងផ្លូវ Highway» របស់តារាចម្រៀងសម្លេងស្អក ខេម ចេញជាផ្លូវការហើយ ក្រោយពីចំណាយពេលថតអស់រយៈពេលប្រមាណជាង ៣ខែ។ 

 

«ជូនដំណើរអូនឡើងផ្លូវ Highway» ជាប្រភេទបទ Action ថ្មី ដំបូងគេបង្អស់របស់ផលិតកម្ម Galaxy Navatra ច្រៀងដោយកំពូលតារាចម្រៀងសំឡេងស្អក ខេម ដែលទើបចូលមករួមរស់ជាមួយផលិតកម្ម Galaxy Navatra កាលពីពេលថ្មីៗនេះ។

 

ជាក់ស្តែង ក្នុងវីដេអូប្រមាណ៤នាទីនេះ មានរំលេចទីតាំងកន្លែងថតថ្មីៗ ប្លែកៗ ជាមួយឧបករណ៍ បច្ចេកទេសប្រើប្រាស់ក្នុងដំណើរការសម្ដែងសុទ្ធតែល្អធ្វើឲ្យបទនេះមើលទៅកាន់តែទាក់ទាញ។ 

 

តួយ៉ាង បទនេះមានឈុតឆាកវាយតប់ និងបាញ់ប្រហាររវាងកងកម្លាំងសមត្ថកិច្ច ជាមួយក្រុមសង្គមងងឹត ត្រូវបានអ្នកគ្រប់គ្រងផលិតកម្មប្រាប់ថា បានចំណាយថវិកាប្រមាណ៣ម៉ឺនដុល្លារអាមេរិក។

 

ក្នុងបទថ្មីរបស់តារាចម្រៀងសម្លេងស្អករូបនេះ គេឃើញមានវត្តមានតារាប្រុសមានឈ្មោះបោះសម្លេងជាច្រើនរូបរួមសម្តែងជាមួយគ្នាដែរ។

 

សុំជម្រាបថា នេះជាបទថ្មីមួយទៀតរបស់តារាប្រុសនិយមច្រៀងបទមនោសញ្ចេតនា ខេម ក្នុងចំណោមបទពិរោះៗជាច្រើន ក្រោយលោកផ្លាស់ពីទ្រនំចាស់ទៅរួមរស់នៅទ្រនំ Galaxy Navatra។ 

 

ប៉ុន្មានខែក្រោយប្រកាសខ្លួនជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មនេះ លោកបានបញ្ចេញស្នាដៃចម្រៀងជាបន្តបន្ទាប់ដូចជា «សុំមួយពេលមក» « នឹកពេលណាយំពេលនោះ» « ចង់បបួលអូនធ្វើសង្សារ» និង« ខួរបងខ្សោយ» ជាដើម។

 

សូមទស្សនាវិឌីអូ

រូបភាព៖ ទំព័រហ្វេសប៊ុក @Galaxy Navatra

អត្ថបទ ៖ យ៉ាដា

មតិយោបល់