សិល្បៈក្រៅស្រុក | August 06, 2020 | 377

ផលិតកម្មចម្រៀងធំៗនៅកូរ៉េ សុទ្ធតែមានការហាមឃាត់មិនឱ្យមានទំនាក់ទំនងស្នេហាក្នុងពេលក្លាយជាតារា

 

តារា Kpop តែងតែជៀសវាងដាច់ខាតរឿងអាស្រូវមានស្នេហា ជាពិសេសអំឡុងពេលពួកគេទើបតែប្រឡូកចូលសិល្បៈ ព្រោះតែអ្នកគាំទ្រងប់ងល់មួយចំនួនមិនពេញចិត្តចំពោះតារាដែលខ្លួនពេញចិត្តចាប់ផ្តើមមានទំនាក់ទំនងស្នេហា។ មានតារាខ្លះដែលលួចលាក់ទាក់ទងគ្នា និងអ្នកគាំទ្រមួយចំនួនបានដឹង ត្រូវបានបណ្តេញចេញពីក្រុមចម្រៀង ឬប្រជាប្រិយភាពរបស់ពួកគេអាចនឹងធ្លាក់ចុះ។ 

ដូច្នេះហើយទើបនៅក្នុងវិស័យចម្រៀង K-POP ក្រុមហ៊ុនចម្រៀងជាច្រើន ជាពិសេសផលិតកម្មធំៗនៅកូរ៉េ YG SM និង JYP បានកំណត់រួចជាស្រេច បានដាក់បម្រាម និងរយៈពេលដែលអនុញ្ញាតឱ្យតារាអាចមានទំនាក់ទំនងស្នេហាបាន។

 

ផលិតកម្ម YG 

នៅពេលដែលលោក Yang Hyun Suk ជាអតីត CEO នៅគ្រប់គ្រង តារាប្រុសស្រីរបស់ពួកគេជាធម្មតាត្រូវបានហាមប្រាមមិនឱ្យមានទំនាក់ទំនងស្នេហា ដោយមិនដឹងរយៈពេល។ ក្រុមចម្រៀង BLACKPINK បានលាតត្រដាងថាកាលពីក្រុមទើបតែចូលសិល្បៈ ក្រុមហ៊ុនពិតជាតឹងរឹងហាមដាច់ខាតពីរឿងមានស្នេហានេះ មិនមែនមានតែ BLACKPINK ទេ ក្រុមចម្រៀង iKon ក៏ត្រូវគោរពការហាមឃាត់នេះនៅពេលទើបតែប្រឡូកចូលសិល្បៈដែរ។  

 

ប៉ុន្តែទោះជាមានការឃាត់យ៉ាងណាក៏ដោយ តារាប្រុសស្រីនៅក្នុងផលិតកម្ម YG ជាច្រើននៅតែចៀសមិនផុតនូវការមានទំនាក់ទំនងស្នេហា មានការលើកឡើងថា បើតារារូបណាអាចរកចំណូលបានច្រើន ការហាមឃាត់នេះក៏សាបរលត់ដោយខ្លួនឯង។ យ៉ាងណាមិញការហាមឃាត់នេះក៏មិនបានធ្វើទៅទាំងអស់ឡើយ មានសមាជិកចម្រៀង AKMU លោក Chanhyuk មិនត្រូវបានផលិតកម្មហាមឃាត់ឡើយ ដោយផ្តល់នូវសេរីភាពពេញលេញទាំងដើរហើរ និងអាចមានស្នេហា។ 

 

 

JYP 

សិល្បករមិនត្រូវបានអនុញ្ញាតឱ្យមានទំនាក់ទំនងស្នេហារយៈពេល៣ឆ្នាំ ខណៈដែលការហាមឃាត់ដំបូងមានរយៈពេល៥ឆ្នាំ ប៉ុន្តែដោយសារតែមិនសូវមានតារាណាគោរពការហាមប្រាមនេះបានយូរ ភាគច្រើនត្រឹមតែរយៈពេល៣ឆ្នាំ។ ដូចក្នុងផលិតកម្ម YG ការហាមឃាត់ក៏មិនបានធ្វើទៅទាំងអស់ឡើយ ដោយតារាចម្រៀងទោល Baek Ah Yeon បានទម្លាយថាផលិតកម្មមិនដែលហាមឃាត់ខ្លួនឡើយ។

 

 

SM  

ហាក់ដូចជាផលិត SM នេះមិនសូវរឹតត្បិតប៉ុន្មានទេ ទៅលើសិល្បករ សិល្បការិនី ចំពោះការមានទំនាក់ទំនងស្នេហា ដោយសារតែពុំមានការហាមឃាត់ណាមួយជាក់លាក់មកលើតារារបស់ពួកគេឡើយ។ តារាសម្តែង Lee Yeon Hee ក៏ធ្លាប់បានទម្លាយនៅក្នុងកម្មវិធីមួយថា ក្រុមហ៊ុនមិនមានបញ្ហាចំពោះការមានទំនាក់ទំនងស្នេហាឡើយ តែក្រុមហ៊ុនអាចនឹងមានបញ្ហាជាមួយនឹងសិល្បករ ក្រោយត្រូវបែកធ្លាយរឿងមានស្នេហា។ 

 

អត្ថបទ ៖ រីដា

មតិយោបល់