សិល្បៈក្នុងស្រុក | June 27, 2020 | 275

បង្កើនមិត្តភាពក្នុងវិស័យសិល្បៈ ក្រុមបាល់ទាត់នាយ ពាក់មី ប្រកួតយ៉ាងស្វិតស្វាញលើទីលានជាមួយក្រុមចម្រុះតារា Mahahang All Stars

ដើម្បីបង្កើនមិត្តភាព និងសុខភាពកំឡុងកូវីដ១៩ និងសម្រាកពីវិស័យសិល្បៈខ្លះៗ ក្រុមបាល់ទាត់ នាយ ពាក់មី បានប្រកួតមិត្តភាពលើកដំបូងជាមួយក្រុម ចម្រះុដោយតារាល្បីគឺ Mahahang All Stars។ ដោយបញ្ចប់ការប្រកួត ក្រុមពែកមី ដែលជាក្រុមបង្កើតមុន និង ល្បីឈ្មោះជាយូរមកហើយ ក្លាយជាអ្នកចាញ់យ៉ាងអាម៉ាស់នៅក្នុងតារាងរបស់វិទ្យាល័យឥន្ទ្រទេវី។ 

ដ្បិតតែជាតារា តែក្នុងវិស័យបាល់ទាត់ពាក់កណ្ដាលអាជីព ក្រុមបាល់ទាត់មហាហង្សដែលមានឈ្មោះជាផ្លូវការថា Mahahang All Stars FC និងក្រុមរបស់លោកពែកមី ដែលមានឈ្មោះថា Pekmi FC គឺជាក្រុមបាល់ទាត់ដែលមានកេរ្តិ៍ឈ្មោះសំលេង ដោយមានប្រវត្តិយកឈ្នះលើក្រុមជាច្រើន។ ប៉ុន្តែក្រុមតារាទាំងពីរក្រុមមិនធ្លាប់ជួបគ្នានោះទេ បើទៅជាមានព័ត៌មានថាក្រុមលោកពែកមី ប៉ងចង់ប្រកួតជាមួយក្រុមនេះតាំងពី២ឆ្នាំមុន។ 

យោងតាមការបង្ហោះរបស់លោក ពែកមី បានបង្ហោះថា "ថ្ងៃនចាញ់ក្រុមហាហង្ស ត្រូវមួយកែងប៉ោងភ្នែកទៀត"។ ងាកទៅមើលផេករបស់ផលិតកម្មមហាហង្ស ក៏បង្ហាញពីការអបអរសាទរចំពោះជ័យជម្នះរបស់ខ្លួនលើក្រុមពែកមី ដែលជាក្រុមខ្លាំង និងស្ទើរតែក្លាយជាក្រុមអាជីព ដោយសារតែមានកីឡាករខ្លាំងៗនៅក្នុងនោះផងដែរ។ ប្រភពពីអ្នកទស្សនា បានទម្លាយមកថា មុនបញ្ចប់ការប្រកួត ក្រុមទាំងពីរមិនត្រឹមតែប្រឹងស្វិតស្វាញក្នុងការស្វែងរកគ្រាប់បាល់ប៉ុណ្ណោះទេ តែក៏មានការប៉ះទង្កិចគ្នាតិចតួចផងដែរ។ លោក អ៊ិន សុភិន មិនទាន់អាចសការបកស្រាយបន្ថែមលើជ័យជម្នះនេះទេ ប៉ុន្តែគេមើលឃើញថា ឱកាសយកឈ្នះលើក្រុមពែកមី គឺការបង្កើនមុខមាត់កាន់តែខ្លាំងរបស់ក្រុមនេះ បន្ទាប់ពីក្រុមមហាហង្សបានប្រមូលតារាអោយក្លាយជាកីឡាករ ហើយយកឈ្នះលើក្រុមជាច្រើននៅក្នុងវិស័យបាល់ទាត់។ 

ផ្អែកតាមការប្រកួតជាក់ស្ដែង ក្រុមទាំងពីរក៏ប៉ះគ្នាខុសបច្ចេកទេសខ្លះៗផងដែរ ខណៈដែលក្រុមមហាហង្សត្រូវគេកត់សម្គាល់ថា លេងត្រូវបច្ចេកទេសបានល្អ លើកលែងតែក្រុមពែកមី ដែលមានកីឡាករខ្លះលេងប្រើកម្លាំង ក្រោយពេលព្យាយាមតាមរកគ្រាប់បាល់មិនទាន់។ គូក្រុមនេះ មិនដឹងថានឹងបើកឆាកប៉ះគ្នាជាលើកទី២ពេលណានោះទេ ប៉ុន្តែយោងតាមកីឡាករមួយរូបរបស់មហាហង្ស បានបញ្ជាក់ដោយមិនអោយដាក់ឈ្មោះថា ក្រុមមហាហង្សនឹងអាចមិនលែងជាមួយក្រុមពែកមីទៀតនោះទេ ដោយអះអាងថា ក្រុមពែកមីលេងប្រើកម្លាំងនៅអំឡុងនាទីជិតចប់ ធ្វើអោយកីឡាករខ្លះក្នុងក្រុមមហាហង្សអន់ចិត្ត។

អត្ថបទ ៖ អាដាម

មតិយោបល់