កម្សាន្ត | April 13, 2020 | 522

អ្នកបើកបរកង់បី ៥ពាន់នាក់ នៅភ្នំពេញ ទទួលបានអំណោយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណា (កូវីដ-១៩)

 

ភ្នំពេញ ថ្ងៃទី១០ ខែមេសា៖ អ្នកបើកបររឺម៉ក ឬកង់បី ចំនួន៥ពាន់​នាក់ ដែល​បាន​ភ្ជាប់​ជាមួយ​នឹង​កម្មវិធី​ហៅ​យានជំនិះ  ផ្សេងៗ  នៅថ្ងៃសុក្រនេះ បាន​ទទួល​កញ្ចប់​អំណោយ​ជាសម្ភារៈ​ថែរក្សា​អនាម័យ ក្នុងរាជធានីភ្នំពេញ ដើម្បីជួយ​ឲ្យពួក​គាត់ អាចចូល​រួម​បាន​កាន់​តែប្រសើរក្នុង​តួនាទីដ៏សំខាន់​របស់​ពួក​គាត់ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​វីរុសកូរ៉ូណា ឬកូវីដ-១៩។

 

ព្រឹត្តិការណ៍ផ្តល់អំណោយក្រោមទស្សនទាន «ប្រទេសតែ១ សហគមន៍តែ១» មួយនេះ ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន Grab និងក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងសាលា រាជធានីភ្នំពេញ ដែលតំណាងដោយឯកឧត្ដមអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងក្រុមអ្នកអភិរក្សព្រៃឈើ បៃតង វ៉ររៀរស៍ (Baitong Warriors)។

 

 

នៅមជ្ឈមណ្ឌលកោះពេជ្រ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងអ្នកតំណាងមក ពីក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានចែកជូនអ្នកបើកបរកង់បី នូវកញ្ចប់អំណោយជាសម្ភារៈថែរក្សាអនាម័យ ក្នុងម្នាក់មួយកញ្ចប់ ដែលក្នុងនោះមានសម្ភារៈដូចជាម៉ាសការពារ ទឹកអនាម័យលាងដៃ ភេសជ្ជៈ Coca-Cola Energy ខិតបណ្ណអប់រំស្តីពីកូវីដ-១៩ និងស្ទីកឃឺរជាច្រើនសម្រាប់បិទលើកង់បីរបស់ពួកគាត់។

 

ស្របពេលជាមួយគ្នានេះ ក្រុមការងាររបស់ក្រុមហ៊ុន Grab បានរៀបចំកន្លែងមួយ ដើម្បីផ្តល់អំណោយ នៅខាងមុខ ការិយាល័យរបស់ខ្លួន ស្ថិតលើផ្លូវព្រះមុនីវង្ស រាជធានីភ្នំពេញ ដើម្បីប្រគល់កញ្ចប់អំណោយថែទាំសុខភាព ទាំងអស់នោះ។

 

លោក Hashim Alkaff នាយកក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «អំណោយទាំងនេះ គឺការបង្ហាញពីការទទួលស្គាល់របស់យើងចំពោះតួនាទីដ៏សំខាន់របស់អ្នកបើកបរ ដែលភ្ជាប់កម្មវិធីហៅយាន្តជំនិះ ផ្សេងៗគ្នា ជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។ ដើម្បីថែរក្សាសុខភាពរបស់ពួកគាត់ផ្ទាល់ និងសុខភាពអ្នកដំណើរ របស់ពួកគាត់ វាពិតជាសំខាន់ណាស់ដែលអ្នកបើកបរ ត្រូវធ្វើតាមសេចក្តីណែនាំចុង ក្រោយបង្អស់ស្ដីអំពីការការពារសុខភាព និងសុវត្ថិភាព តាមរយៈការប្រើប្រាស់ម៉ាសការពារ និងទឹកអនាម័យលាងដៃ ដើម្បីជួយឲ្យពួកគាត់រក្សាបាននូវអនាម័យជានិច្ច ដែលពិតជាសំខាន់ណាស់ក្នុងការកាត់បន្ថយការឆ្លងរបស់ជំងឺនេះ»។

 

 

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានប្រកាសកាលពីសប្តាហ៍មុនថា ក្រុមហ៊ុនបានបង្វែរ ថវិកាចំនួន ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីកញ្ចប់ថវិកាផ្សាយពាណិជ្ជកម្មរបស់ខ្លួន សម្រាប់យកមកចូលរួមជួយ ដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង វិបត្តិជំងឺកូរ៉ូណា នាពេលបច្ចុប្បន្ន។

លោក រស់ សោភា នាយក ផ្នែកច្បាប់ និងកិច្ចការសាធារណៈប្រចាំប្រទេស  នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) មានប្រសាសន៍ថា៖ «ក្រុមហ៊ុនរបស់យើងបានក្លាយជាផ្នែកមួយនៃសង្គមកម្ពុជា អស់រយៈពេលជិត៣០ឆ្នាំមកហើយ ហើយឥរិយាបថមូលដ្ឋានរបស់យើង គឺយើងជួយឧបត្ថម្ភគាំទ្រដល់សហគមន៍ទូទៅ ក្នុងដំណាក់ កាលដ៏ចាំបាច់ តាមរយៈការផ្តល់អំណោយបែបនេះ។ ការផ្ដល់លទ្ធភាពឲ្យអ្នកបើកបរទាំងអស់ អាចបន្ដប្រកបអាជីវកម្មបានប្រកប ដោយសុវត្ថិភាព តាមរយៈការប្រើប្រាស់ម៉ាសការពារ និងទឹកអនាម័យលាងដៃ មានន័យថា ពួកគាត់អាចបន្តការរកប្រាក់ ដើម្បីផ្គត់ផ្គង់ដល់ក្រុមគ្រួសារ និងសហគមន៍របស់ពួកគាត់»។  

 

 

លោកបានបន្ថែមទៀតថា៖ «យើងក៏ចូលរួមប្តេជ្ញាអនុវត្តតាមយុទ្ធនាការ «ពិភពលោកមួយដែលគ្មានសំរាម» តាមរយៈការលើកទឹកចិត្តអ្នកបើកបរទាំងនោះឲ្យយកដបដែលអាចប្រើប្រាស់វិញបាន ដើម្បីច្រកទឹកអនាម័យ លាងដៃ»។

ក្រុមអ្នកអភិរក្សព្រៃឈើ បៃតងវ៉ររៀរស៍ ដែលបាននិងកំពុងតែចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ការឆ្លងរបស់វីរុស កូរ៉ូណា ទូទាំងប្រទេសនោះ បានចូលរួមក្នុងការផ្តល់ទឹកអនាម័យដៃចំនួន៤២០លីត្រ ក្នុងកម្មវិធីអំណោយនេះផងដែរ។

លោកតាន់ គឹមសួគ៌ អ្នកតំណាងឲ្យក្រុមអ្នកអភិរក្សព្រៃឈើ បៃតងវ៉ររៀរស៍ បានឲ្យដឹងថា៖ «ក្នុងនាមជាក្រុមមួយ បៃតងវ៉ររៀរស៍កំពុងតែយកចិត្តទុកដាក់ រៀបចំទឹកអនាម័យលាងដៃបែបសាមញ្ញ ប៉ុន្តែ មានប្រសិទ្ធិភាពនេះ សម្រាប់ចែកជូនប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេស ដើម្បីជួយឲ្យពួកគាត់មានលទ្ធភាពរក្សាបាននូវសុវត្ថិភាព និងសុខភាពល្អ តាមរយៈការរក្សាដៃរបស់ពួកគាត់ ឲ្យមានអនាម័យជានិច្ច»។

 

 

ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមហ៊ុន Grab ក្រុមហ៊ុនកូកា-កូឡា និងបៃតងវ៉ររៀរស៍ ចំពោះការចូលរួមចំណែកទាំងនេះ ក្នុងន័យផ្តល់សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកបើករឺម៉កកង់បី ដែលកំពុងតែស្ថិតក្នុងទីតាំងជួរមុខគេក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុសកូរ៉ូណានេះ»។

លោកមានប្រសាសន៍បន្ថែមថា៖ «ការលើកទឹកចិត្តឲ្យអ្នកបើកបរទាំងអស់ អនុវត្តន៍វិធីថែរក្សាអនាម័យល្អ នឹងផ្តល់ឲ្យ អ្នកដំណើរ និងក្រុមគ្រួសាររបស់ពួកគាត់ដែលនៅឯផ្ទះ មានអារម្មណ៍ស្ងប់ចិត្ត ដោយសារតែអ្នកបើកបរទាំងអស់ កំពុងតែការពារ សមាជិកក្រុមគ្រួសារ និងសហគមន៍របស់ពួកគាត់»។

ទាំងក្រុមហ៊ុន Grab និងកូកា-កូឡា សុទ្ធសឹងតែបានបញ្ជាក់ថា ពួកគេនឹងរៀបចំព្រឹត្តិការណ៍ផ្តល់អំណោយបន្ថែមទៀត ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលក្រុមហ៊ុនទាំង២ ចូលរួមជាកម្លាំងជាមួយនឹងដៃគូផ្សេងៗ ដើម្បីទប់ស្កាត់ការឆ្លង វីរុសកូរ៉ូណា៕

 

អត្ថ​បទ ៖ យ៉ាដា​

មតិយោបល់