ជីវិត&អាជីវកម្ម | March 31, 2020 | 669

គន្លឹះចាំបាច់សម្រាប់ជោគជ័យក្នុងសហគ្រិនភាព

សហគ្រិនភាពមានលក្ខណៈប្រកួតប្រជែងនិងស្មុគស្មាញជាងការគិតទៅទៀត។​ ជម្រើសក្នុងការក្លាយជាសហគ្រិន និងសម្រេចបានគ្រប់កម្រិតជោគជ័យដែលលោកអ្នកស្រមៃចង់បាននោះ ត្រូវជម្នះឧបសគ្គជាច្រើន។

ជាភព្វសំណាង នៅក្នុងសម័យបច្ចុប្បន្ននេះ លោកអ្នកមានប្រភពនិងធនធានច្រើនណាស់ដែលអាចទាញយកចំណេះដឹងនិងជំនាញគ្រប់បែបយ៉ាងដើម្បីជោគជ័យតាំងពីវីដេអូក្នុងYouTube រហូតដល់សំណេរអត្ថបទដែលគេចែកអានដោយសេរីនៅលើអ៊ីនថឺណិត។ ទោះជានៅក្នុងឧស្សាហកម្មអ្វីក៏ដោយ ក៏លោកអ្នកត្រូវតែផ្តោតលើអ្វីដែលលោកអ្នកចង់បានដែរ។ គន្លឹះចាំបាច់ខាងក្រោមនេះនឹងជួយលោកអ្នកសម្រេចគ្រប់ការចង់បានទាំងអស់ក្នុងដំណើរសហគ្រិនភាព ៖

១/ ជម្នះតស៊ូ

បើលោកអ្នកកំពុងតែដើរលើផ្លូវសហគ្រិនភាពឬអានសៀវភៅអំពីសហគ្រិនភាព លោកអ្នកពិតជាបានជួបជំហានមួយនេះហើយ។ ការតស៊ូជម្នះក៏អាចចាត់ទុកថាជាការប្រឹងប្រែងធ្វើការដែរ។ ការតស៊ូប្រឹងប្រែងតែម្យ៉ាងមិនគ្រប់គ្រាន់ទេ ប៉ុន្តែវាជាជំហានចាំបាច់ទីមួយដែលមិនអាចខ្វះបាន។

លោកអ្នកនឹងជួបបញ្ហាប្រឈមច្រើននៅលើផ្លូវទៅរកជោគជ័យ។ រឿងរ៉ាវមិនល្អនឹងកើតឡើង ហើយលោកអ្នកនឹងត្រូវដោះស្រាយបញ្ហាទាំងអស់ដើម្បីសម្រេចគោលដៅ។ បន្តរុញច្រានខ្លួនឯងជានិច្ចក្នុងពេលជួបឧបសគ្គ។ លោកអ្នកត្រូវបន្តឬចាប់ផ្តើមហ្វឹកហាត់ដើម្បីពង្រឹងស្មារតី និងធ្វើចិត្តឱ្យនឹងធឹង។​ 

២/ រីកចម្រើន

លោកអ្នកត្រូវតស៊ូជម្នះជានិច្ច ប៉ុន្តែក្នុងពេលជាមួយគ្នាលោកអ្នកត្រូវមើលឱ្យឃើញការរីកចម្រើនក្នុងអ្វីៗដែលលោកអ្នកធ្វើ។ សហគ្រិនច្រើននាក់ណាស់ដែលយល់ខុសក្នុងចំណុចមួយនេះ។ លោកអ្នកប្រឹងប្រែងធ្វើការគ្រប់យ៉ាងដែលចាំបាច់ដើម្បីទៅឱ្យដល់កន្លែងដែលខ្លួនឯងចង់ទៅ។ បន្ទាប់មកលោកអ្នកសម្លឹងត្រឡប់មកក្រោយវិញ ក៏ដឹងថាលោកអ្នកកំពុងតែស្ថិតនៅកន្លែងដដែលដូចពេលទើបតែចាប់ផ្តើម។

លោកអ្នកត្រូវដឹងច្បាស់អំពីគោលដៅ។ ចាប់ផ្តើមដោយការសរសេរគោលដៅចុងក្រោយសម្រាប់ជោគជ័យ រួចធ្វើការត្រឡប់មកក្រោយវិញ។ បំបែកគោលដៅដែលលោកអ្នកចង់សម្រេចបានក្នុងរយៈពេលច្រើនឆ្នាំ ឱ្យទៅជាគោលដៅតូចប្រចាំខែ ប្រចាំសប្តាហ៍ និងប្រចាំថ្ងៃ។

៣/ បត់បែន

ការបត់បែនត្រូវដើរស្របគ្នាជាមួយនឹងការរីកចម្រើន។ លោកអ្នកត្រូវដឹងថាពេលណាដែលត្រូវកែប្រែយុទ្ធសាស្រ្ត។ ការបត់បែននឹងមានលក្ខណៈខុសគ្នាសម្រាប់ពាណិជ្ជកម្មនីមួយៗ ប៉ុន្តែលោកអ្នកនឹងដឹងថាមានពេលខ្លះគំនិតដើមឬផែនការរបស់លោកអ្នកមិនអាចអនុវត្តបានទាំងស្រុងដូចការរំពឹងទុកទេ។

សូមចងចាំទុកថាលោកអ្នកមិនអាចមានចម្លើយទាំងអស់ទុកជាមុនបានទេ ហើយលោកអ្នកនឹងត្រូវបន្តកែប្រែផែនការជានិច្ចនៅពេលអនុវត្ត។ កុំជាប់ផុងក្នុងអ្វីដែលលោកអ្នកគិតថាលោកអ្នកដឹងនិងមិនយកចិត្តទុកដាក់ចំពោះការពិតដែលមានជុំវិញខ្លួន។

៤/ ផលចំណេញ

ផលចំណេញជាជីវិតរបស់ពាណិជ្ជកម្មទាំងអស់។ លោកអ្នកត្រូវតែផ្តោតចិត្តលើការបង្កើនផលចំណេញឱ្យបានច្រើន។ លោកអ្នកបានឆ្លងកាត់ការតស៊ូ ការរីកចម្រើន និងការផ្លាស់ប្តូរទាំងអស់មុននឹងទៅដល់ផលចំណេញ។ ក្នុងនាមជាសហគ្រិន គោលដៅចម្បងមួយគឺការធ្វើយ៉ាងណាឱ្យមានសមត្ថភាពអាចគាំទ្រផ្នែកហិរញ្ញវត្ថុចំពោះពាណិជ្ជកម្មនិងខ្លួនឯង។

លោកអ្នកត្រូវផ្តោតចិត្តលើការបង្កើតនិងបង្កើនផលចំណេញ។ ឧបសគ្គនឹងកើតឡើង ហើយក្នុងពេលដែលលោកអ្នករីកចម្រើន លោកអ្នកត្រូវការធ្វើឱ្យប្រាកដថាផលចំណេញរបស់លោកអ្នកនឹងបន្តរីកជាមួយគ្នាដែរ។

ប្រភព ៖ Addicted2success

មតិយោបល់