ជីវិត&អាជីវកម្ម | March 31, 2020 | 439

អាថ៌កំបាំងដើម្បីក្លាយទៅជាមនុស្សសម្រេចស្នាដៃធំ

មនុស្សយើងទាំងអស់ប្រឹងប្រែងធ្វើការដើម្បីសម្រេចបានស្នាដៃធំ និងមានគំនិតច្នៃប្រឌិតខ្ពស់។ ហើយមនុស្សយើងទាំងអស់គ្នាសុទ្ធតែមានសមត្ថភាពបែបនេះ ដរាបណាយើងរក្សាទម្លាប់ដែលនាំទៅរកការសម្រេចសក្តានុពលពេញលេញ។

ដូច្នេះប្រសិនបើលោកអ្នកមានអារម្មណ៍ល្វើយ ឬដឹងថាមានអ្វីម្យ៉ាងដែលត្រូវផ្លាស់ប្តូរដើម្បីជួយជំរុញកម្លាំងចិត្ត សូមសាកល្បងផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃទាំងនេះ និងចាំកត់សម្គាល់មើលការផ្លាស់ប្តូរជាវិជ្ជមាន ៖

១/ បិទសំឡេងទូរសព្ទនិងការរំខានទាំងអស់ក្នុងពេលធ្វើការ

មនុស្សយើងច្រើនតែយល់ច្រឡំថាយើងអាចធ្វើការច្រើនមុខក្នុងពេលតែមួយបាន។ ពេលខ្លះយើងមើលទូរសព្ទដើម្បីឆ្លើយតបសារលើបណ្តាញសង្គម រួចក៏ត្រឡប់ទៅឆ្លើយអ៊ីម៉ែលវិញ និងពេលខ្លះទៀតស្តាប់ចម្រៀងបណ្តើរធ្វើការបណ្តើរ។ ការសិក្សាមួយនៅក្រុមហ៊ុនMicrosoft បានរកឃើញថាបុគ្គលិកម្នាក់ៗចំណាយពេល១៥នាទីដើម្បីធ្វើការស៊ុប ក្រោយពេលពិនិត្យមើលទូរសព្ទម្តង។ បើលោកអ្នកដឹងថាខ្លួនឯងមានទម្លាប់អាក្រក់បែបនេះ សូមចាប់ផ្តើមបង្កើតទម្លាប់ថ្មីតាមរយៈការទុកទូរសព្ទចោលក្នុងកន្លែងឆ្ងាយពីខ្លួន ឬបិទសំឡេងរំខានទាំងអស់។​ ខួរក្បាលរបស់លោកអ្នកមិនអាចគិតបានត្រឹមត្រូវ ឬផ្តោតចិត្តលើការងារបានទេ ក្នុងពេលដែលមានការរំខានជានិច្ច។

២/ ប្រុងប្រយ័ត្នចំពោះអ្វីៗដែលលោកអ្នកទទួលទាន

ថាមពលរបស់លោកអ្នកទទួលបានពីការទទួលទាន។ អាហារខ្លះប្រហែលមានរសជាតិឆ្ងាញ់មែន ប៉ុន្តែវាជះឥទ្ធិពលមិនល្អដល់កម្រិតថាមពលក្រោយពេលទទួលទានរួច។ ក្រុមអ្នកស្រាវជ្រាវនៅHarvard Health បានកត់សម្គាល់ថា ខួរក្បាលរបស់យើងធ្វើការបានល្អបំផុតនៅពេលទទួលបានអាហារដែលសម្បូរដោយវីតាមីននិងសារធាតុរ៉ែ។ ចំណែកអាហារដែលមានជាតិស្ករខ្ពស់ អាហារធ្វើពីទឹកដោះគោ និងគ្រាប់ធញ្ញជាតិអាចធ្វើការប្រឆាំងជាមួយនឹងតួនាទីរបស់ខួរក្បាល។ ក្រៅពីប្រុងប្រយ័ត្នចំពោះប្រភេទអាហារដែលត្រូវទទួលទាន លោកអ្នកក៏គួរតែជៀសវាងកុំទទួលទានច្រើនពេកដែរ។

៣/ រៀបចំផែនការប្រចាំថ្ងៃនិងប្រចាំសប្តាហ៍ទៅតាមអាទិភាព

សហគ្រិនជាច្រើនចាំតែប្រតិកម្មតបចំពោះការងារនិងតម្រូវការដែលកើតឡើង ជាជាងធ្វើជាមនុស្សដែលផ្តួចផ្តើមគំនិតចំពោះការងារ។ ទម្លាប់របស់មនុស្សដែលសម្រេចស្នាដៃធំគឺគេដឹងថាការងារអ្វីខ្លះដែលមានអាទិភាពខ្ពស់បំផុត ហើយគេរៀបចំផែនការថ្ងៃរបស់គេជុំវិញវិញអាទិភាពទាំងនោះ។ ប្រសិនបើលោកអ្នករៀបចំផែនការប្រចាំថ្ងៃនិងប្រចាំសប្តាហ៍ទៅតាមអាទិភាពការងារ រួមជាមួយនឹងការលុបបំបាត់ការរំខានចេញ លោកអ្នកនឹងមើលឃើញកំណើននៃផលិតភាពឡើងខ្ពស់មិនខាន។

៤/ ធ្វើឱ្យបេះដូងលូតញាប់ខ្លាំងយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ

លោកអ្នកពិតជាត្រូវការហាត់ប្រាណដើម្បីសម្រេចបានស្នាដៃខ្ពស់។ លោកអ្នកត្រូវធ្វើយ៉ាងណាឱ្យបេះដូងលូតបានខ្លាំង។ មនុស្សដែលចំណាយពេលហាត់ប្រាណរាល់ថ្ងៃតែងតែទទួលការគ្រប់គ្រងពេលវេលាបានល្អនិងផលិតភាពខ្ពស់ពីការងារ។ តើលោកអ្នកកំពុងតែគិតថាគ្មានពេលសម្រាប់ហាត់ប្រាណមែនទេ? លោកអ្នកអាចបង្កើតពេលវេលាបាន។ ក្រោកពីដំណេក៣០នាទីមុនទម្លាប់រាល់ថ្ងៃ និយាយទូរសព្ទពេលរត់ហាត់ប្រាណ ដើរទៅរកកន្លែងទទួលទានអាហារជាជាងប្រើប្រាស់យានជំនិះ។​ នៅពេលបង្កើតទម្លាប់បែបនេះបានហើយ លោកអ្នកនឹងភ្ញាក់ផ្អើលចំពោះភាពស្រស់ស្រាយនិងផលិតភាពការងាររបស់ខ្លួនឯងជាមិនខាន។

ប្រភព ៖ Entrepreneur

មតិយោបល់