ជីវិត&អាជីវកម្ម | March 30, 2020 | 260

បើចង់សម្រេចចិត្តឱ្យបានប្រសើរនិងរហ័ស ត្រូវជម្រុះរឿងទាំងនេះចោល

មនុស្សធម្មតាសម្រេចចិត្តរាប់ពាន់ម៉ឺនដងក្នុងមួយថ្ងៃ។ ដូច្នេះដើម្បីសន្សំពេលវេលានិងថាមពលផង លោកអ្នកត្រូវរៀនសម្រេចចិត្តឱ្យបានរហ័ស។ ការសម្រេចចិត្តរហ័សមិនមែនជាការបន្ថែមគន្លឹះឬក្បួនអ្វីពិសេសទៅក្នុងដំណើរការសម្រេចចិត្តនោះទេ ប៉ុន្តែជាការដកឬជម្រុះរឿងមួយចំនួនចោល ៖

១/ ការសម្រេចចិត្តភ្លាមៗ

មានពេលខ្លះដែលលោកអ្នកត្រូវសម្រេចចិត្តជាបន្ទាន់ដោយមិនបាច់មានការរង់ចាំព័ត៌មានអ្វីទាំងអស់។ ប៉ុន្តែជាទូទៅ អ្វីៗដែលលោកអ្នកត្រូវការដើម្បីសម្រេចចិត្តនោះអាចធ្វើទុកជាមុនបាន។ គន្លឹះគឺការកំណត់ពេលទុកសម្រាប់គិត។ លោកអ្នកអាចនឹងកំណត់ពេលណាមួយដើម្បីរៀបចំពេលវេលាទុកជាមុនសម្រាប់មួយសប្តាហ៍។ បើបង្កើតទម្លាប់នេះបាន លោកអ្នកនឹងមើលឃើញថាការសម្រេចចិត្តទុកជាមុនអាចបញ្ជៀសការនឿយហត់ដោយសារការសម្រេចចិត្ត និងសន្សំបានថាមពលដើម្បីសម្រេចចិត្តរឿងសំខាន់ៗផ្សេងទៀត។

២/ ការគិតច្រើនជ្រុល

ខុសពីការយល់ឃើញជាទូទៅ ស្ទើរតែគ្មាននរណាអាចគណនាអនាគតទុកជាមុនបានទេ ដោយសាររឿងមនុស្សនិងរឿងជីវិតជារឿងដែលពិបាកទាយបំផុត។ ការមានជំនឿចិត្តជារឿងចំពោះការសម្រេចចិត្តមានប្រយោជន៍ណាស់ ប៉ុន្តែរឿងសំខាន់មួយទៀតគឺត្រូវចងចាំថាលោកអ្នកមិនអាចគ្រប់គ្រងទាំងស្រុងលើលទ្ធផលបានទេ។ ហេតុដូច្នេះហើយ សូមឈប់គិតច្រើនជ្រុលទៀតទៅ។

៣/ ការរំខាន

សាកគិតបន្តិចទៅមើល៖ លោកអ្នកកំពុងតែគិតអំពីអាហារដែលត្រូវទទួលទាននៅថ្ងៃនេះ ប្រហែលលោកអ្នកចង់បានសម្លមួយមុខដែលមានបន្លែច្រើន។ លោកអ្នកក៏ចាប់ផ្តើមសរសេរគ្រឿងផ្សំដែលត្រូវទិញពីផ្សារ ភ្លាមនោះក៏មានសំឡេងទូរសព្ទហៅពីមិត្តភក្តិ។ គ្រាន់តែចំណាយពេលនិយាយទូរសព្ទបន្តិចប៉ុណ្ណោះ ក៏លោកអ្នកអាចភ្លេចគ្រឿងផ្សំស្ទើរតែពាក់កណ្តាលទៅហើយ។ នៅពេលលោកអ្នកកំពុងតែគិតរឿងអ្វីមួយដែលសំខាន់ ត្រូវលុបបំបាត់ការរំខានទាំងអស់ចោល ដូចជាបិទទូរសព្ទ និងសំងំនៅក្នុងកន្លែងស្ងប់ស្ងាត់ ហើយផ្តោតគិតលើរឿងមួយម្តង។

៤​​/ ការប្រៀបធៀប

សហគ្រិននិងមនុស្សភាគច្រើនចូលចិត្តប្រៀបធៀបណាស់នៅពេលឃើញជីវិតឬពាណិជ្ជកម្មរបស់អ្នកដទៃរីកចម្រើន ក្នុងពេលដែលខ្លួន​ឯងកំពុងតែពិបាកឈរជើង។ ដោយសារទម្លាប់យូរមកហើយ លោកអ្នកពិតជាពិបាកកាត់ផ្តាច់ណាស់ ប៉ុន្តែលោកអ្នកត្រូវតែជម្រុះចោលដើម្បីអាចសម្រេចចិត្តបានល្អ។ កុំខ្ជះខ្ជាយថាមពលដើម្បីព្យាយាមផ្លាស់ប្តូរយោបល់ ប៉ុន្តែត្រូវផ្តោតតែលើកិច្ចការចំពោះមុខ ហើយមិនចាំបាច់ខ្វល់ថាមាននរណាម្នាក់ពេញចិត្តឬអត់នោះទេ។

៥/​ ការភ័យខ្លាច

ហេតុផលធំបំផុតដែលមនុស្សអូសបន្លាយពេលវេលាមិនព្រមចាប់ផ្តើមសម្រេចចិត្តឱ្យបានរហ័សនោះគឺគេខ្លាច។ លោកអ្នកមានការគ្រប់គ្រងទាំងស្រុងលើការសម្រេចចិត្តរបស់ខ្លួន​​​​​ឯង ប៉ុន្តែលោកអ្នកមិនអាចគ្រប់គ្រងលើអ្វីៗដែលកើតឡើងបន្ទាប់ពីនោះទេ។ លោកអ្នកអាចនឹងលាឈប់ពីការងារដើម្បីទៅបង្កើតការងារថ្មីក្នុងក្តីសុបិនរបស់ខ្លួន​ឯង ប៉ុន្តែគ្មានការធានាណាមួយថាលោកអ្នកអាចនឹងទទួលបានជោគជ័យនោះទេ។ ដំណោះស្រាយចំពោះបញ្ហានេះគឺ មិនត្រូវពន្លិចខ្លួនឯងក្នុងស្ថានការណ៍ឬរឿងរ៉ាវដែលកើតឡើងបន្ទាប់ពីការសម្រេចចិត្តនោះទេ។

៦/ រឿងកំប៉ុកកំប៉ុក

មធ្យោបាយដែលមានប្រសិទ្ធភាពបំផុតដើម្បីប្រយុទ្ធនឹងការនឿយហត់ពីការសម្រេចចិត្តគឺត្រូវឈប់គិតរឿងតូចតាច។ ឈប់ចំណាយពេលកន្លះម៉ោងគិតថាត្រូវស្លៀកពាក់ដូចម្តេច ឬត្រូវទទួលទានអាហារអ្វីខ្លះ។ ជីវិតរបស់លោកអ្នកមានរឿងសំខាន់ជាងនេះច្រើនទៀតដែលត្រូវគិតនិងសម្រេច។ ការយកចិត្តទុកដាក់និងគិតរឿងគ្រប់យ៉ាងនោះបានត្រឹមតែធ្វើឱ្យខាតពេលវេលានិងថាមពលតែប៉ុណ្ណោះ។

៧/ រឿងល្អឥតខ្ចោះ

ភាពល្អឥតខ្ចោះរារាំងលោកអ្នកមិនឱ្យរីកចម្រើន និងរកឃើញឱកាសថ្មីៗទេ។ បន្ថែមពីលើនេះវាក៏បំផ្លាញផលិតភាពរបស់លោកអ្នកដែរ ដោយសារលោកអ្នកចំណាយពេលច្រើនលើការសង្ស័យរបស់ខ្លួនឯង។ តើលោកអ្នកអាចជម្នះនឹងបញ្ហានេះដោយរបៀបណា?

          ត្រូវទទួលស្គាល់ការពិតថាលោកអ្នកមិនមែនជាមនុស្សឥតខ្ចោះទេ

          កំណត់គោលដៅដែលត្រូវសម្រេចបាន

          ព្រមទទួលយកគំនិតយោបល់ពីអ្នកដទៃ

          ឈប់រស់នៅក្នុងអតីតកាល ឬងប់ងល់នឹងបញ្ហាដែលគ្មានដំណោះស្រាយ

 

ប្រភព ៖ Entrepreneur

មតិយោបល់