ជីវិត&អាជីវកម្ម | March 30, 2020 | 510

វិធីសាស្រ្តធ្វើឱ្យអ្នកដទៃជឿទុកចិត្ត

នៅក្នុងពាណិជ្ជកម្មក៏ដូចជាក្នុងជីវិតដែរ ទំនាក់ទំនងជាគន្លឹះនៃអ្វីៗគ្រប់យ៉ាង ហើយមូលដ្ឋានគ្រឹះនៃទំនាក់ទំនងគឺទំនុកចិត្ត។ ទោះបីជាការបង្កើតគ្រឹះនៃទំនុកចិត្តត្រូវការពេលវេលាច្រើន ក៏ការបំផ្លាញទៅវិញប្រើពេលត្រឹមតែពីរបីនាទីប៉ុណ្ណោះ។ ដើម្បីសម្រេចសុបិនបាន លោកអ្នកត្រូវការក្រុមការងារដែលគាំទ្រលោកអ្នក។

ដូច្នេះហើយតើលោកអ្នកបង្កើតទំនុកចិត្តបានដោយរបៀបណា? ងាយស្រួលទេ គឺត្រូវប្រាប់ការពិត បើទោះជាពេលខ្លះពិបាកនិយាយក៏ដោយ។ នៅពេលលោកអ្នកដឹកនាំដោយភាពស្មោះត្រង់ លទ្ធផលល្អនឹងរង់ចាំនៅទីបញ្ចប់។​ ស្ថានភាពពិបាកជាឱកាសដើម្បីបង្កើតទំនុកចិត្ត។ អនុវត្តតាមជំហានទាំងនេះ ហើយចាំមើលទំនាក់ទំនងនិងទំនុកចិត្តចំពោះលោកអ្នករីកចម្រើន ៖

១/ គោរពសម្តីខ្លួនឯង និងធ្វើតាមគំនិត

ចំណុចនៃការបង្កើតទំនុកចិត្តគឺត្រូវធ្វើយ៉ាងណាឱ្យអ្នកដទៃជឿលើពាក្យសម្តីដែលលោកអ្នកនិយាយ។ ទោះជាយ៉ាងណា សូមចងចាំថា ការបង្កើតទំនុកចិត្តមិនត្រឹមតែតម្រូវឱ្យរក្សាការសន្យាប៉ុណ្ណោះទេ ប៉ុន្តែក៏មិនត្រូវសន្យារឿងដែលលោកអ្នកមិនអាចរក្សាបាននោះដែរ។ ការគោរពសម្តីខ្លួន​​​​​​ឯងបង្ហាញឱ្យអ្នកដទៃឃើញថាលោកអ្នករំពឹងចង់បានអ្វីពីគេមកវិញ ហើយជាលទ្ធផលគេនឹងគោរពលោកអ្នក និងបង្កើតបានដំណើរទុកចិត្តគ្នាកាន់តែខ្លាំង។

២/ រៀនទាក់ទងជាមួយអ្នកដទៃយ៉ាងមានប្រសិទ្ធភាព

ទំនាក់ទំនងមិនច្បាស់លាស់ជាហេតុផលចម្បងដែលនាំឱ្យបាត់បង់ទំនុកចិត្ត។ ទំនាក់ទំនងល្អត្រូវមានការបង្ហាញឱ្យច្បាស់អំពីអ្វីដែលលោកអ្នកប្តេជ្ញានិងអ្វីដែលលោកអ្នកមិនបានប្តេជ្ញា។ ការបង្កើតទំនុកចិត្តមិនមែនគ្មានការប្រថុយទេ គឺវាតម្រូវឱ្យលោកអ្នកនិងអ្នកដទៃប្រថុយបង្ហាញការទុកចិត្តគ្នា។

៣/ រំឭកខ្លួនឯងថាទំនុកចិត្តត្រូវការពេលវេលា

ការបង្កើតទំនុកចិត្តជាកិច្ចការដែលត្រូវធ្វើប្រចាំថ្ងៃ។ កុំបង្កើតកំហុសក្នុងការរំពឹងចង់បានច្រើនក្នុងពេលឆាប់ពេក។ ដើម្បីបង្កើតទំនុកចិត្ត ដំបូងលោកអ្នកត្រូវបោះជំហានតូចៗ និងប្តេជ្ញាចិត្តបន្តិចម្តងៗ។ នៅពេលទំនុកចិត្តកើនឡើង លោកអ្នកនឹងមិនពិបាកប្តេជ្ញាចិត្តចំពោះរឿងធំៗនោះទេ។ វិនិយោគលើទំនុកចិត្តជាមុន លោកអ្នកនឹងទទួលបានទំនុកចិត្តត្រឡប់មកវិញ។

៤/ ចំណាយពេលខ្លះដើម្បីសម្រេចចិត្តនិងគិតមុនធ្វើអ្វីមួយ

ប្តេជ្ញាចិត្តចំពោះតែរឿងណាដែលលោកអ្នករីករាយនឹងយល់ព្រមតាមតែប៉ុណ្ណោះ។ ត្រូវមានភាពក្លាហានក្នុងការនិយាយបដិសេធ សូម្បីតែការបដិសេធនោះធ្វើឱ្យអ្នកដទៃខកចិត្តក៏ដោយ។ បើលោកអ្នកយល់ព្រមចំពោះរឿងអ្វីមួយដែលមិនអាចធ្វើតាមបាន មនុស្សដែលពាក់ព័ន្ធទាំងអស់នឹងជួបស្ថានភាពកាន់តែអាក្រក់ជាងនេះ។

៥/ ឱ្យតម្លៃចំពោះទំនាក់ទំនងដែលលោកអ្នកមាន

មនុស្សយើងច្រើនតែមានទំនុកចិត្តខ្លាំងបំផុតលើមនុស្សដែលចាំគាំទ្រយើងជាប្រចាំទាំងពេលបានសុខនិងពេលបានទុក្ខ។ ការបង្ហាញការគាំទ្រជាប្រចាំដល់នរណាម្នាក់ជាមធ្យោបាយដែលមានប្រសិទ្ធភាពបំផុតដើម្បីបង្កើតទំនុកចិត្ត។

៦/ ស្មោះត្រង់គ្រប់ពេល

សារដែលលោកអ្នកបញ្ជូនចេញ និងគ្រប់ពាក្យសម្តីរបស់លោកអ្នកត្រូវតែជាការពិតជានិច្ច។ បើគេដឹងថាលោកអ្នកនិយាយកុហក ទោះជារឿងនោះតូចតាចយ៉ាងណា ក៏ការជឿទុកចិត្តលើលោកអ្នកនឹងរលាយបាត់ទៅអស់ដែរ។ ពាក្យចាស់លោកថា ភូតច្រើនចាញ់អាត្មា។

ប្រភព ៖ Entrepreneur

មតិយោបល់