ជីវិត&អាជីវកម្ម | March 28, 2020 | 419

ជំនាញចចារដែលសហគ្រិនទាំងអស់ត្រូវតែមាន

មនុស្សយើងទាំងអស់ចង់បានលទ្ធផលច្រើនបំផុតពីការដោះដូរអ្វីមួយ។ យើងមិនអាចមិនគិតអំពីប្រយោជន៍ខ្លួនឯងនៅគ្រប់ពេលដែលមានកិច្ចព្រមព្រៀងឬការចចារអ្វីមួយនោះទេ។ ការគិតបែបនេះមិនមែនជារឿងអាត្មានិយមទេ ប៉ុន្តែដើម្បីក្លាយទៅជាមនុស្សពូកែចចារ លោកអ្នកត្រូវតែចេះទុកដាក់តម្រូវការនិងការចង់បានផ្ទាល់ខ្លួនមួយឡែក និងចាប់ផ្តើមសម្លឹងមើលស្ថានភាពទៅតាមការពិត។

ស្រដៀងគ្នានឹងការគ្រប់គ្រងពាណិជ្ជកម្មដែរ ការចចារមិនមែនជារឿងងាយស្រួលធ្វើប៉ុន្មានទេ។ លោកអ្នកត្រូវដឹងថាខ្លួនឯងអាចលះបង់អ្វីបានខ្លះដើម្បីទទួលបានលទ្ធផលដែលចង់បានមកវិញ។ មនុស្សពូកែចចារយល់របៀបរក្សាតុល្យភាពដើម្បីបង្កើតនិងពង្រីកពាណិជ្ជកម្មរបស់គេ។ តើមានកត្តាអ្វីខ្លះដែលបែងចែកមនុស្សពូកែចចារពីមនុស្សដែលខ្សោយ?

មនុស្សពូកែចចារចំណាយពេលបណ្តុះជំនាញចាំបាច់ដែលជួយឱ្យគេទទួលបានអត្ថប្រយោជន៍លើសអ្នកផ្សេងទៀត។​ ជំនាញទាំងអស់ត្រូវការពេលវេលាដើម្បីបណ្តុះ ពីព្រោះគ្រប់ការចចារទាំងអស់មិនដូចគ្នាគ្រប់ពេលទេ។ ខាងក្រោមនេះជាជំនាញមួយចំនួនដែលជួយសហគ្រិនឱ្យក្លាយជាមនុស្សពូកែចចារ ៖

១/ ជំនាញរៀបចំផែនការ

ការចចារជោគជ័យទាំងអស់ជាលទ្ធផលនៃការរៀបចំផែនការនិងការប្រុងប្រៀបទុកជាមុន។ មានន័យថាលោកអ្នកគួរតែស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយនិងស្គាល់ឱ្យបានច្រើនអំពីភាគីម្ខាងទៀត។ ការស្គាល់របៀបធ្វើពាណិជ្ជកម្មរបស់ភាគីម្ខាងទៀតនិងការនិយាយជាមួយមនុស្សដែលធ្លាប់ធ្វើការយ៉ាងជិតស្និទ្ធជាមួយគេនឹងជួយលោកអ្នកឱ្យដឹងចំណុចខ្លាំងនិងចំណុចខ្សោយរបស់ដៃគូចចារ។ លោកអ្នកមិនអាចផ្តល់ជូនអ្វីមួយដល់មនុស្សណាដែលលោកអ្នកមិនស្គាល់ច្បាស់នោះទេ។

២/ ជំនាញគ្រប់គ្រងអារម្មណ៍

ក្នុងពេលដែលលោកអ្នកគួរតែមានជំនឿចិត្តដោយសារបានស្រាវជ្រាវគ្រប់ជ្រុងជ្រោយហើយ លោកអ្នកក៏គួរតែទុកអំនួតទាំងអស់មួយកន្លែងដែរ។​ ការខ្វះជំនាញគ្រប់គ្រងអារម្មណ៍ជាផ្លូវនាំទៅរកបរាជ័យក្នុងការចចារ។ នៅពេលចចារគ្នា លោកអ្នកគួរតែព្យាយាមរក្សាភាពអព្យាក្រឹតឱ្យបានច្រើនបំផុត។ នៅពេលលោកអ្នកគ្រប់គ្រងគំនិតនិងអារម្មណ៍បានល្អ លោកអ្នកនឹងអាចគិតបានច្បាស់ និងមើលឃើញបញ្ហាទៅតាមការពិត ហើយសម្រេចចិត្តបានត្រឹមត្រូវ។ ជំនួសឱ្យការរក្សាជំហររឹងកំព្រឹស លោកអ្នកក៏ត្រូវតែចេះបត់បែននិងស្វែងចំណុចរួមគ្នាដែរដើម្បីធ្វើយ៉ាងណាឱ្យការចចារមានប្រយោជន៍ទាំងសងខាង។

៣/ គិតដល់លទ្ធភាពផ្សេងៗទុកជាមុន

មុនពេលចូលរួមក្នុងកិច្ចចចារអ្វីមួយ កិច្ចការសំខាន់ដែលលោកអ្នកគួរតែធ្វើគឺត្រូវគិតដល់លទ្ធភាពទាំងអស់ដែលភាគីម្ខាងទៀតអាចនឹងលើកឡើង។ ពេលហ្វឹកហាត់បែបនេះបានល្អជាមួយមិត្តភក្តិ ឬមនុស្សក្នុងគ្រួសារ លោកអ្នកនឹងមិនសូវមានអារម្មណ៍អន្ទះសាប៉ុន្មានទេ។ បើមិនមាននរណាម្នាក់ជួយហ្វឹកហាត់ចចារសាកល្បងទេ លោកអ្នកក៏គួរឆ្លើយឆ្លងតែក្នុងចិត្ត។ ការធ្វើបែបនេះក៏អាចជួយលោកអ្នកឱ្យជាប់ជំពាក់កាន់តែតិចនៅក្នុងការរំពឹងទុកដែរ។ ការយកចិត្តទុកដាក់ចំពោះជំហរដែលមានជារឿងល្អហើយ ប៉ុន្តែបើលោកអ្នករឹងទទឹងពេក លោកអ្នកនឹងខ្វះខាតការគ្រប់គ្រងអារម្មណ៍ជាមិនខាននៅពេលមិនទទួលបានលទ្ធផលដូចការរំពឹងទុក។

៤/ ការគិតជាយុទ្ធសាស្រ្ត

ដើម្បីចាប់ផ្តើមចចារឱ្យបានជោគជ័យ លោកអ្នកត្រូវចេះគិតជាយុទ្ធសាស្រ្ត និងស្គាល់ខ្លួនឯងគ្រប់ពេល។ លោកអ្នកត្រូវយល់ដឹងមិនត្រឹមតែចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវស្គាល់ចំណុចខ្លាំងនិងចំណុចខ្សោយរបស់ដៃគូចចារថែមទៀត។ ការស្គាល់ចំណុចទាំងអស់នេះនឹងជួយបញ្ជៀសការចចារមិនចប់ចុងចប់ដើម។ បើក្រុមហ៊ុនលោកអ្នកនៅក្មេងខ្ចី តើវាអាចនឹងរីកធំប៉ុនណានៅក្នុងរយៈពេល៥ទៅ១០ឆ្នាំខាងមុខទៀត? តើលោកអ្នកនឹងមានសមត្ថភាពអាចឆ្លើយតបតាមតម្រូវការរបស់អតិថិជនបានទេ? តើលោកអ្នកអាចផ្តល់ជូនអ្វីខ្លះក្នុងពេលដែលភាគីម្ខាងទៀតមិនអាចធ្វើបាន? តើភាគីម្ខាងទៀតអាចផ្តល់ជូនអ្វីខ្លះក្នុងពេលដែលលោកអ្នកមិនអាចធ្វើបាន?

៥/ ត្រៀមខ្លួនជាស្រេចដើម្បីដើរចេញ

នៅពេលចូលរួមក្នុងកិច្ចចចារអ្វីមួយដោយផ្នត់គំនិតថាលោកអ្នកនឹងដើរចេញបើលទ្ធផលមិនបានសម្រេចដូចការចង់បាន លោកអ្នកនឹងស្ថិតនៅក្នុងទីតាំងដែលខ្ពស់ជាងគេ។ ហេតុដូច្នេះហើយបានជាចាំបាច់ត្រូវរក្សាភាពអព្យាក្រឹតគ្រប់ពេលទាំងអស់។​ គ្មាននរណាម្នាក់អាចប្រមាថលោកអ្នកបានទេបើលោកអ្នកអាចក្រោកឈរនិងដើរចេញពីការចចារដោយសេចក្តីថ្លៃថ្នូរ។ ពេលលោកអ្នកប្រាប់ខ្លួនឯងកិច្ចចចារនេះជាអ្វីៗគ្រប់យ៉ាង លោកអ្នកនឹងពិបាកគ្រប់គ្រងអារម្មណ៍ណាស់ ហើយការគិតបែបនេះនឹងធ្វើឱ្យលោកអ្នកមានជំហរខ្សោយ។ សូមចងចាំថា លោកអ្នកមានកិច្ចចចាររាប់រយដែលត្រូវធ្វើ បើការចចារមួយមិនបានជោគជ័យ លោកអ្នកគ្មានអ្វីត្រូវរលាយបាត់ទេ។  

ប្រភព ៖ Addicted2success

មតិយោបល់