ជីវិត&អាជីវកម្ម | March 28, 2020 | 357

ជំនាញដែលអាចប្រែក្លាយទៅជាការងារបន្ថែម

ហេតុអ្វីបានជាលោកអ្នកមិនប្រើប្រាស់ពេលវេលាសេសសល់ឱ្យបានវៃឆ្លាត? នៅពេលដែលមនុស្សក្នុងប្រទេសជាច្រើនសំងំធ្វើការនៅផ្ទះ លោកអ្នកអាចមានឱកាសនិងពេលវេលាច្រើនសម្រាប់ខ្លួនឯង។ លោកអ្នកមិនចាំបាច់ធ្វើដំណើរមកកន្លែងធ្វើការ មិនសូវមានការរំខាន និងមានការងារតិចតួចប៉ុណ្ណោះដែលត្រូវធ្វើ។ ហេតុអ្វីបានជាមិនប្រើពេលវេលាទំនេរថ្មីនេះដើម្បីផលិតភាព? រៀនធ្វើកិច្ចការថ្មីនៅក្នុងពេលទំនេរ ហើយលោកអ្នកអាចនឹងប្រែក្លាយពេលទំនេរនោះឱ្យទៅជាច្រករកលុយបន្ថែមបាន។ ខាងក្រោមនេះជាគំនិតមួយចំនួនដើម្បីចាប់ផ្តើម ៖

១/ សរសេរពាក្យផ្សព្វផ្សាយពាណិជ្ជកម្ម

ពាណិជ្ជកម្មទាំងអស់ត្រូវការមនុស្សដែលពូកែសរសេរពាក្យពេចន៍ដើម្បីផ្សព្វផ្សាយផលិតផល ឬធ្វើទីផ្សារ។ បើហាងទំនិញទូទៅបិទអស់ អ្នកសរសេរពាក្យផ្សព្វផ្សាយពាណិជ្ជកម្មជាមនុស្សដែលគេត្រូវការខ្លាំងណាស់ដើម្បីទាក់ទាញចិត្តមនុស្សដែលប្រើប្រាស់អ៊ីនថឺណិតឱ្យមើលឃើញផលិតផលដែលសហគ្រិនចង់លក់។

២/ កាត់តរូបភាពវីដេអូ

ការធ្វើទីផ្សារតាមរយៈវីដេអូកំពុងតែឡើងប្រជាប្រិយភាពខ្លាំង ហើយពាណិជ្ជកម្មទាំងអស់ត្រូវតែដើរឱ្យទាន់ការពេញនិយមនេះ។​ ហេតុដូច្នេះហើយ អ្នកចេះកាត់តរូបភាពវីដេអូក៏ជាមនុស្សដែលគេត្រូវការច្រើនដែរ។

៣/ រចនាសៀវភៅឬគេហទំព័រ

កម្មវិធីAdobeកំពុងតែផ្តល់ជូនការប្រើប្រាស់Creative Cloud ដល់មនុស្សគ្រប់គ្នារយៈពេលពីរខែដោយមិនគិតថ្លៃ។ មិនមានពេលណាល្អដូចបច្ចុប្បន្ននេះទេដើម្បីរៀនរចនាតាមកុំព្យូទ័រ។ ជំនាញដែលលោកអ្នកទទួលបាននៅពេលនេះនឹងមានប្រយោជន៍យូរអង្វែងសម្រាប់ការរចនារបស់លោកអ្នក។

៤/ ធ្វើទីផ្សារតាមអ៊ីនថឺណិត

សព្វថ្ងៃនេះមានមនុស្សកាន់តែច្រើនឡើងៗទិញទំនិញតាមអ៊ីនថឺណិត។ ហេតុដូច្នេះហើយ ពាណិជ្ជកម្មក៏កាន់តែមានលក្ខណៈប្រកួតប្រជែងឥតឈប់ឈរដែរដើម្បីទាក់ទាញភ្ញៀវឱ្យមកចូលមើលគេហទំព័ររបស់គេ។ ត្រង់នេះហើយដែលអ្នកធ្វើទីផ្សារតាមអ៊ីនថឺណិតបង្កើនការងារ។ អ្នកធ្វើទីផ្សារតាមអ៊ីនថឺណិតនឹងត្រូវប្រើប្រាស់គ្រប់មធ្យោបាយតាំងពីបណ្តាញសង្គម រហូតដល់ច្រកផ្សេងៗទៀតដើម្បីទាក់ទាញអតិថិជន។

៥/ គណនេយ្យ

មនុស្សភាគច្រើនមិនចូលចិត្តគិតអំពីលេខទេ ហេតុដូច្នេះហើយបានជាគេត្រូវការគណនេយ្យករ។ ក្រៅពីការទូទាត់តួលេខ គណនេយ្យករក៏នៅមានការយល់ដឹងច្រើនអំពីហិរញ្ញវត្ថុ និងគណិតវិទ្យាដែលត្រូវប្រើប្រាស់ក្នុងពាណិជ្ជកម្ម។

៦/ អ្នកវិភាគពាណិជ្ជកម្ម

អ្នកពូកែវិភាគពាណិជ្ជកម្មអាចមើលទិន្នន័យដ៏ស្មុគស្មាញរបស់ក្រុមហ៊ុននិងប្រើប្រាស់ទិន្នន័យនោះជាប្រភពនៃចំណេះដឹងពាណិជ្ជកម្មយ៉ាងមានតម្លៃ។ ហេតុដូច្នេះហើយ អ្នកវិភាគពាណិជ្ជកម្មជាមនុស្សសំខាន់ណាស់សម្រាប់ក្រុមហ៊ុន។ អ្នកពូកែវិភាគពាណិជ្ជកម្មក៏ត្រូវការឧបករណ៍និងបច្ចេកវិទ្យាទំនើបមួយចំនួនទៀតដែរដើម្បីវិភាគទិន្នន័យធំ។

៧/ ធនធានមនុស្ស

ក្នុងពេលដែលក្រុមហ៊ុនកាន់តែច្រើនឡើងៗអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីចម្ងាយ ការមានបុគ្គលិកផ្នែកធនធានមនុស្សដែលចេះរបៀបគ្រប់គ្រងក្រុមការងារពីចម្ងាយជារឿងចាំបាច់។ អ្នកជំនាញខាងធនធានមនុស្សត្រូវតែជាអ្នកពូកែខាងសម្របសម្រួលនិងចេះលើកទឹកចិត្តក្រុមការងារឱ្យធ្វើការដោយឯករាជ្យ ទោះជានៅកន្លែងណាក៏ដោយ។

ប្រភព ៖ Entrepreneur

មតិយោបល់