កម្សាន្ត | February 17, 2020 | 249

អ៊ិន សុភិន យកពានពីមហោស្រពភាពយន្តនៅម៉ាកាវ ប្រគល់ជូន យស បូវណ្ណៈនៅ សហរដ្ឋអាមេរិក

 

ផលិតករ និងជាចាងហ្វាង​ផលិតកម្ម មហាហង្សលោក អ៊ិន សុភិន បានយក​ពាន និង​ប័ណ្ណសរសើរ​ពីមហោស្រព​ភាពយន្ត​នៅ ម៉ាកាវ កាល​ពីពេល​ថ្មីៗ យក​ទៅប្រគល់​ជូន​តារា​សម្ដែង​ជើង​ចាស់​លោក យស បូវណ្ណៈ នៅសហរដ្ឋអាមេរិក​ផ្ទាល់។

 ​

លោក អ៊ិន សុភិន បញ្ជាក់ពី​សហរដ្ឋអាមេរិក​មក​ថា មានហេតុផល​៣​ដែល​លោក​ចំណាយ​ពេល​មក​ដល់​អាមេរិក​លើក​នេះ។ ទី១ គឺ​ម​ក​ចចារ​ជាមួយ​ដៃ​គូ​​ពាណិជ្ជកម្ម​ក្នុង​អាជីវកម្ម​ដឹក​ជញ្ជូន​ដែល​ជាក្រុមហ៊ុន​ក្រៅ​សិល្បៈ​របស់​លោក។ ទី២ដើម្បី​យក​ប័ណ្ណសរសើរ​មកប្រគល់​ជូន​តារាស​ម្ដែង លោក យស បូវណ្ណៈ ដែល​ត្រូវ​បាន​មហោស្រព​ភាពយន្ត​អន្តរ​ជាតិ​នៅ​ទីក្រុង​ម៉ាកាវ កន្លង​ទៅ​ប្រគល់​ពានអោយ។

 

 

ទី៣ គឺដើម្បីយក​បែប​បទ​ឯកសារ​មក​ឆ្លង​ជាមួយ​គណ​កម្មការ​មហោ​ស្រព​ភាព​យន្ត​អាស៊ី​អន្តរ​ជាតិ នៅ​សហរដ្ឋអាមេរិក ដើម្បី​យក​ភាព​យន្ត​មួយ​ចំនួន​របស់​មហាហង្ស ទៅប្រកួត​ប្រកួត​ប្រជែង​នៅ​អាមេរិក នាពេល​ខាង​មុខ។ 

 

ក្នុងចំណោមគោល​បំណង​ទាំង៣ លោក​បានសម្រេចរួច​រាល់​អស់​ហើយ ដោយ​លោក យស បូវណ្ណៈ មិនត្រឹម​តែ​បាន​ទទួល​ប័ណ្ណសរ​សើរ ដែល​មាន​ឈ្មោះ​របស់​ខ្លួន ដែល​បាន​ពីមហោស្រព​ភាព​យន្ត​នៅ​ម៉ាកាវ​ប៉ុណ្ណោះ​ទេ តែក៏បាន​យក​ពាន​ដែល​ពានរួម​តម្កល់​ទុកសម្រាប់​ក្រុម​ហ៊ុន យក​ទៅ​អោយ​លោក​បាន​ថតទុក​ជា​អនុស្សាវរីយ៍ ព្រោះតែ​លោក​មិន​អាច​ទៅ​ទទួល​នៅក្នុង​ទីក្រុង​ម៉ាកាវ​នា​ពេលជាប់​នោះ​ផង។

 

 

ដោយឡែកសម្រាប់​ការចរចាជុំវិញ​ការដាក់​ភាពយន្ត​ចូល​ប្រកួត​នៅក្នុង​មហោស្រព​ភាព​យន្តអន្តរជាតិ​នៅ​សហរដ្ឋ​អាមេរិក ក៏សម្រេច​ផង​ដែរ បន្ទាប់​ពីការជជែក​យ៉ាង​លម្អិត​របស់​លោក​ជាមួយ​ថ្នាក់​ដឹក​នាំ​មហោស្រព គឺបាន​ឯក​ភាព​គ្នា និង​សម្រប​សម្រួលគ្នាលើ​លក្ខណ្ឌ​ជាច្រើន គ្មាន​ការខ្វែង​គំនិត​គ្នា។

 

 

យ៉ាងណាមិញលោកនៅ​មិនទាន់​បង្ហើប​នៅឡើយទេ ថាលោក​នឹងជ្រើស​ភាពយន្ត​ខ្លាំងៗ​របស់​មហាហង្ស​ណា​ខ្លះ ចូល​រួម​ក្នុងមហោ​ស្រព​នៅ​អាមេរិក​នោះ៕

 

អត្ថបទ ៖ អាដាម

មតិយោបល់