ជីវិត&អាជីវកម្ម | January 21, 2020 | 149

បទ​ពិសោធ​ដែល​សហគ្រិន​ទាំងអស់​ត្រូវ​ឆ្លងកាត់​

ផ្លូវ​ប្រែក្លាយ​ទៅជា​សហគ្រិន​តែងតែ​លំបាក​ បត់បែន​ និង​ពោរពេញ​ដោយ​ឧបសគ្គ​ដែល​ឥត​រំពឹង​ទុក​។ មនុស្ស​ដែល​សុខចិត្ត​ដើរ​លើ​ផ្លូវ​នេះ​សុទ្ធតែ​មានចិត្តចង់​បាន​ឯករាជ្យ​ និង​ប្រហែល​ឆ្កួត​បន្តិច​ផង​ ប៉ុន្តែ​ជា​ការ​ឆ្កួត​ក្នុង​ផ្លូវ​ល្អ​។

សហគ្រិន​ដែល​ជោគជ័យ​បំផុត​តែងតែមាន​គំនិត​វៃឆ្លាត​ ភាព​ស្វាហាប់​ក្នុង​ពាណិជ្ជកម្ម​ និង​ចិត្តអំណត់​នៅពេល​ជួប​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​។ បើ​លោកអ្នក​ដើរ​ដល់​ផ្លូវ​ទ័ល​ សូម​ដឹង​ថា​មិនមែន​មានតែ​លោកអ្នក​ម្នាក់ឯង​ទេ​ដែល​ជួប​រឿង​បែបនេះ​។ ខាងក្រោម​នេះ​ជា​បទ​ពិសោធ​ដែល​សហគ្រិន​ទាំងអស់​ឆ្លងកាត់​ ៖

 

១/ ពិបាក​រឿង​ហិរញ្ញវត្ថុ​

ក្នុងនាម​ជា​សហគ្រិន​ជើងថ្មី​ លោកអ្នក​កំពុងតែ​ចាប់ផ្តើម​ពី​បាតដៃ​ទទេ​ ហើយ​កំពុងតែ​រៀ​នភ្ញាល់​នឹង​ខ្លួនឯង​។ ជំហាន​ដំបូង​បំផុត​របស់​លោកអ្នក​គឺ​ការ​ប្រមូល​ដើមទុន​ដើម្បី​ចាប់ផ្តើម​ធ្វើ​ពាណិជ្ជកម្ម​។ កិច្ចការ​នេះ​តែងតែ​លំបាក​ ហើយ​ជា​កិច្ចការ​មួយ​ដែល​សហគ្រិន​គ្រប់គ្នា​ជួបប្រទះ​។ តើ​លោកអ្នក​មាន​លុយ​សន្សំ​ផ្ទាល់ខ្លួន​ច្រើន​ដើម្បី​ធ្វើជា​ដើមទុន​ទេ​? តើ​លោកអ្នក​ត្រូវ​ត្រៀម​ដើមទុន​ដោយ​របៀបណា​សម្រាប់​ជំហាន​បន្ទាប់​?

 

២/ ផលិតផល​សម្រេច​ខុសគ្នា​ឆ្ងាយ​ពី​គំនិត​ដើម​

លោកអ្នក​មានគំនិត​អស្ចារ្យ​ណាស់​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​ ហើយ​លោកអ្នក​ដឹង​ច្បាស់​ថា​ផលិតផល​ឬសេវាកម្ម​របស់​លោកអ្នក​នឹង​លក់ដាច់​។ ការពិត​មិន​ដូច​ការ​គិត​ទាំងអស់​ទេ​។ ពេលវេលា​ក្នុង​ការ​គិត​និង​ពេលវេលា​អនុវត្ត​ជាក់ស្តែង​ឃ្លាតពី​គ្នា​ឆ្ងាយណាស់​ ហើយ​អ្វី​ដែល​ធ្លាប់​ជា​ការ​ពេញនិយម​ក៏អាច​នឹង​ក្លាយទៅជា​វត្ថុ​ហួសសម័យ​កាល​បាន​ដែរ​។ ប៉ុន្តែ​សូមកុំ​បោះបង់​សង្ឃឹម​ចោល​ ពីព្រោះ​មាន​សហគ្រិន​ជោគជ័យ​ជាច្រើន​កែប្រែ​គំនិត​ចាស់​ក្នុង​របៀប​ថ្មី​។

 

៣/ ធ្វើ​កិច្ច​ការ​ឆ្កួត​ៗដើម្បី​ឱ្យ​គេ​ចាប់អារម្មណ៍​

ការស្វែងរក​មធ្យោបាយ​ធ្វើខ្លួន​ឱ្យ​លេចធ្លោ​ជាងគេ​ជា​ការ​លំបាក​ណាស់​។ ពេលខ្លះ​លោកអ្នក​ត្រូវ​ប្រើប្រាស់​វិធី​សាស្រ្ត​ខុសធម្មតា​ដើម្បី​ទាក់ទាញ​ការ​យកចិត្ត​ទុកដាក់​។ ចំណុច​គន្លឹះ​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​យកចិត្ត​ទុកដាក់​ពី​មហាជន​ទូទៅ​ជា​ប្រភេទ​វិជ្ជមាន​ដែល​ធ្វើ​ឱ្យ​គេ​ចង់​ដឹង​ចង់​ស្គាល់​អំពី​ពាណិជ្ជកម្ម​របស់​លោកអ្នក​កាន់តែ​ច្រើន​ មិនមែន​ការ​យកចិត្ត​ទុកដាក់​លើ​រឿងអាស្រូវ​ដែល​ធ្វើ​ឱ្យ​គេ​គេច​ចេញ​ឆ្ងាយ​ពី​លោកអ្នក​នោះ​ទេ​។

 

៤/ ដឹង​ថា​លោកអ្នក​ត្រូវការ​បញ្ឈប់​ខ្លួនឯង​ពីមុខ​តំណែង​

ការបញ្ឈប់​បុគ្គលិក​ណា​ម្នាក់​ពី​ការងារ​ជា​រឿង​លំបាក​ធ្វើ​ណាស់​។ ការបញ្ឈប់​បុ​គ្ក​លិក​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​គេ​បាត់បង់​ការងារ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏​មានន័យថា​ជា​កំហុស​របស់​ថ្នាក់ដឹកនាំ​ដែរ​ក្នុង​ការជួល​មនុស្ស​នោះ​មក​ធ្វើការ​។ នេះ​ជា​បទ​ពិសោធ​មួយ​ដែល​សហគ្រិន​ភាគច្រើន​ជួបប្រទះ​នៅក្នុង​ដំណាក់កាល​ណាមួយ​នៃ​ការដឹកនាំ​ពាណិជ្ជកម្ម​។ ប៉ុន្តែ​សូម​ស្រមៃ​គិត​បន្តិច​ទៅ​មើល​ថា​មនុស្ស​ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ​ឬមុខតំណែង​នោះ​ជា​ខ្លួន​លោកអ្នក​ផ្ទាល់​។ នេះ​ជា​រឿង​ដែល​កើតឡើង​ចំពោះ​លោកTucker​ Max​ ជា​អ្នកនិពន្ធ​សៀវភៅ​ I Hope​ They​ Serve​ Beer​ in​ Hell​ និង​ជា​CEO​ ក្រុមហ៊ុន​Book​ in​ a Box​។

 

៥/ ព្យាយាម​ស្វែងរក​តុល្យភាព​ការងារ​និង​ជីវិត​

សហគ្រិន​ទាំងអស់​ប្រឹងប្រែង​ស្វែងរក​ផ្លូវ​ដើម្បី​រក្សា​តុល្យភាព​ជីវិត​នៅផ្ទះ​និង​តម្រូវការ​មិនឈប់​ពី​ពាណិជ្ជកម្ម​ដែល​ចេះតែ​រីកធំឡើង​។ បើ​លោកអ្នក​មាន​មហិច្ឆតា​ចំពោះ​កិច្ចការ​ដែល​លោកអ្នក​ធ្វើ​ លោកអ្នក​ងាយ​នឹង​ភ្លេចខ្លួន​នៅក្នុង​ការងារ​នោះ​ណាស់​។ សហគ្រិន​ជាច្រើន​សម្លឹង​មើល​មក​ក្រោយ​វិញ​ រួច​ក៏​ដឹងខ្លួន​ថា​គេ​បាន​ធ្វើខ្លួន​ឱ្យ​ក្លាយជា​មនុស្សចម្លែក​ខុសពី​មុន​ឆ្ងាយណាស់​។ សូម្បីតែ​សហគ្រិន​ជោគជ័យ​ខ្លាំង​ដូច​លោកElon​ Musk​ ក៏​ជួប​បញ្ហា​នេះ​ដែរ​។

 

៦/ រៀន​របៀប​បង្កើត​ក្រុមការងារ​

ដូច្នេះ​ លោកអ្នក​បាន​បង្កើត​ពាណិជ្ជកម្ម​ដោយ​ជោគជ័យ​ហើយ​ និង​កំពុងតែ​ពង្រីក​ពាណិជ្ជកម្ម​យ៉ាង​រហ័ស​ទៅតាម​ការ​បត់បែន​និង​តម្រូវការ​របស់​ទីផ្សារ​។ លោកអ្នក​មាន​ក្រុមការងារ​ខ្លាំងពូកែ​ ប៉ុន្តែ​លោកអ្នក​នៅតែ​អាច​ធ្វើ​ឱ្យ​បាន​ប្រសើរ​ជាង​នេះ​។ លំហាត់​ក្នុង​ការបង្កើត​ក្រុមការងារ​ខ្លាំងពូកែ​ប្រហែល​អាច​ជួយ​លោកអ្នក​បាន​ច្រើន​។ មាន​វិធី​សាស្រ្ត​និង​លំហាត់​ច្រើនណាស់​ដែល​ក្រុម​អ្នកជំនាញ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​បង្កើត​និង​ពង្រឹងស្មារតី​ក្រុមការងារ​នៅក្នុង​កន្លែង​ធ្វើការ​។ ហើយ​ជាទូទៅ​សូម​ចងចាំ​ថា​ ក្រុមការងារ​ខ្លាំងពូកែ​មិន​ត្រឹមតែ​ជួយ​ធ្វើ​ឱ្យ​ពាណិជ្ជកម្ម​រីកចម្រើន​ទេ​ ប៉ុន្តែ​ក៏​ជួយ​ឱ្យ​សមាជិក​ក្រុមការងារ​ម្នា​ក់ៗ​ទទួល​បានការ​ពេញចិត្ត​និង​រីកចម្រើន​ក្នុង​ដំណើរ​អាជីព​របស់​គេ​ដែរ​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Entrepreneur​

មតិយោបល់