ជីវិត&អាជីវកម្ម | January 20, 2020 | 339

កិច្ចការ​ដែល​មនុស្ស​ជោគជ័យ​ធ្វើខុស​ពី​មនុស្ស​ទូទៅ​

ជោគជ័យ​មិនមែន​សុទ្ធតែ​ធានា​ថា​នាំទៅរក​សុភមង្គល​ទេ​។ ស្នាដៃ​កម្រ​នាំទៅរក​អារម្មណ៍​សុភមង្គល​យូរអង្វែង​ដូច​ការ​គិត​ចង់បាន​ណាស់​។ នៅពេល​លោកអ្នក​សម្រេច​គោលដៅ​អ្វីមួយ​ភ្លាម​ គោលដៅ​ថ្មី​ពីរបី​ផ្សេងទៀត​ក៏​ផុស​ឡើង​ដោយ​ឥត​រំពឹង​ទុក​។ មនុស្សយើង​ប្រាថ្នា​ចង់បាន​ស្នា​ដៃ​ថ្មី​ៗ ដោយសារ​យើង​ឆាប់​ស៊ាំ​ជាមួយ​នឹង​អ្វី​ៗដែល​យើង​មាន​។ ការ​ស៊ាំ​ខ្លួន​ជាមួយនឹង​ជោគជ័យ​នេះ​ជា​រឿង​ជៀស​មិន​ផុត​ទេ​ ហើយ​វា​មាន​ឥទ្ធិពល​ខ្លាំង​ជាង​អ្វី​ដេល​លោកអ្នក​ដឹង​ទៅទៀត​។

គន្លឹះ​យកឈ្នះ​ទម្លាប់​បែបនេះ​គឺ​ត្រូវ​តាម​បង្កើត​ស្នាដៃ​ដែល​ស្ថិត​ស្ថិរ​។ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ពីសា​លា​ពាណិជ្ជHarvard​ បាន​សិក្សា​បាតុភូត​នេះ​តាមរយៈ​ការ​សម្ភាស​អ្នកមាន​វិជ្ជាជីវៈ​ដែល​សម្រេច​ជោគ​ជ័យ​ធំៗ​។ គោលដៅ​នៃ​ការសិក្សា​នេះ​គឺ​រក​ឱ្យ​ឃើញ​កត្តា​និង​របៀប​ដែល​ធ្វើ​ឱ្យ​មនុស្ស​ទាំងនេះ​ទទួល​បាន​ជោគជ័យ​ដែលគេ​ពេញចិត្ត​បាន​យូរអង្វែង​។

 

ក្រុម​អ្នកស្រាវជ្រាវ​បាន​រក​ឃើញថា​មនុស្ស​ដែល​ទទួល​បាន​ជោគជ័យ​និង​មាន​សុភមង្គល​យូរអង្វែង​រៀបចំ​សកម្មភាព​របស់​គេ​នៅ​ជុំវិញ​តម្រូវ​ការ​ធំៗ​ទាំងបួន​នេះ​ ៖

   សុភមង្គល​ គេ​ធ្វើសកម្មភាព​ណា​ដែល​នាំ​ឱ្យ​គេ​សប្បាយចិត្ត​និង​ពេញចិត្ត​

   ស្នាដៃ​ គេ​ធ្វើសកម្មភាព​ណា​ដែល​នាំទៅរក​លទ្ធផលជាក់​ស្តែង​

   ខ្លឹមសារ​ គេ​ធ្វើសកម្មភាព​ណា​ដែល​បង្កើត​ឥទ្ធិពល​វិជ្ជមាន​លើ​មនុស្ស​ជុំវិញ​ខ្លួន​

   មរតក​ គេ​ធ្វើសកម្មភាព​ណា​ដែលគេ​អាច​បន្សល់​គុណ​តម្លៃ​និង​ចំណេះដឹង​ឱ្យ​អ្នកដទៃ​។

 

ការ​ពេញចិត្ត​យូរអង្វែង​កើតឡើង​នៅពេល​លោកអ្នក​ធ្វើសកម្មភាព​ដែល​ឆ្លើយតបទៅនឹង​តម្រូវការ​ទាំងបួន​នេះ​។ នៅពេល​ខ្វះ​តម្រូវការ​ណាមួយ​ លោកអ្នក​នឹង​មាន​អា​រម្ម​ន៍​មិនសុខ​ ហើយ​គិត​ចង់​ធ្វើ​បន្ថែម​ទៀត​ដើម្បី​ពេញ​កង្វះ​ចន្លោះ​។

 

ឥរិយាបថ​នៅ​ខាងក្រោម​នេះ​ជា​លក្ខណៈ​ពិសេស​នៃ​មនុស្ស​ដែល​មាន​ទាំង​ជោគជ័យ​និង​សុភមង្គល​ក្នុង​ជីវិត​ ដោយសារ​គេ​បាន​ឆ្លើយតប​នឹង​តម្រូវការ​ទាំងបួន​ ៖

១/ គេ​មាន​មហិច្ឆតា​

លោកស្រីJane​ Goodall​ បាន​ចាកចេញ​ពី​ផ្ទះ​ក្នុង​ប្រទេស​អង់គ្លេស​ដើម្បី​ទៅ​ប្រទេស​តង់ហ្សានី​នៅ​អាយុ២៦ឆ្នាំ​ដើម្បី​សិក្សា​អំពី​ពពួក​ស្វា​ធំៗ​។ ការសិក្សា​នោះ​បាន​ក្លាយជា​ការងារ​ពេញ​មួយ​ជីវិត​របស់​លោកស្រី​ ហើយ​លោកស្រី​Goodall​ បាន​ប្តេជ្ញា​ចិត្ត​ចំពោះ​បុព្វហេតុ​នោះ​ ព្រមទាំង​ផ្តល់​កម្លាំងចិត្ត​ឱ្យ​មនុស្សជា​ច្រើន​ធ្វើតាម​។ មនុស្ស​ជោគជ័យ​និង​មាន​សុភមង្គល​មិនមែន​គ្រាន់តែ​មាន​ចំណាប់​អារម្មណ៍​ទេ​ គេ​មាន​ទាំង​មហិច្ឆតា​ និង​ប្តេជ្ញា​ចិត្ត​ទាំងស្រុង​ចំពោះ​មហិច្ឆតា​នោះ​។

 

២/ គេ​ហែល​ឆ្លង​ជម្នះ​ចរន្ត​

មានហេតុ​ផល​មួយ​ដែល​មនុស្ស​ជោគជ័យ​និង​មាន​សុភមង្គល​តែងតែ​ធ្វើអ្វី​ខុសគេ​។ ដើម្បី​ក្លាយជា​មនុស្ស​ជោគជ័យ​និង​មាន​សុភមង្គល​ពិតប្រាកដ​ លោកអ្នក​ត្រូវ​ដើរតាម​មហិច្ឆតា​និង​គុណ​តម្លៃ​របស់​ខ្លួនឯង​ ទោះជា​ត្រូវ​លះបង់​អ្វីខ្លះ​ក៏ដោយ​។ សាក​គិត​បន្តិច​ទៅ​មើល​ថា​ពិភពលោក​នេះ​នឹង​ខាតបង់​អ្វីខ្លះ​បើ​លោក​Bill​ Gates​ ឬលោក​Richard​ Branson​ ធ្វើ​តែ​តាម​ចរន្ត​សង្គម​ និង​ប្រឹងប្រែង​រៀន​តែ​នៅក្នុង​សាលា​ដើម្បី​បំពេញចិត្ត​ម្តាយ​ឪពុក​? ឬមួយ​គិត​បន្តិច​ទៅ​មើល​ថា​អ្នកអាន​នឹង​បាត់បង់​អ្វីខ្លះ​បើ​លោក​Stephen​ King​ មិនបាន​ចំណាយពេល​ទំនេរ​ផ្ទាល់ខ្លួន​ទៅ​សរសេរ​រឿង​? ចិត្តវិទូ​ដ៏​ល្បី​របស់​ប្រទេស​ស្វីស​ គឺ​លោក​Carl​ Jung​ ធ្លាប់​និយាយ​ថា​ ការ​ធ្វើ​តែ​ការងារ​ធម្មតា​ជាគោល​ដៅ​ល្អ​បំផុត​របស់​មនុស្ស​មិន​ជោគជ័យ​។

 

៣/ គេ​ធ្វើ​កិច្ចការ​ណា​ដែលគេ​ចាប់ផ្តើម​រហូតដល់​ចប់​

ការ​គិតឃើញ​គំនិត​អស្ចារ្យ​មិន​មានន័យ​អ្វី​សោះ​បើ​លោកអ្នក​មិន​អនុវត្ត​គំនិត​នោះ​ទេ​។ មនុស្ស​ដែល​ជោគជ័យ​បំផុត​និង​មាន​សុភមង្គល​បំផុត​តែងតែ​នាំ​គំនិត​របស់​គេ​ទៅ​រក​លទ្ធផល​ និង​ទទួល​បាន​ភាព​រីករាយ​ក្នុង​ដំណើរការ​អនុវត្ត​គំនិត​នោះ​។ គេ​ដឹង​ច្បាស់​ថា​ទស្សនវិស័យ​គ្មានន័យ​អ្វី​ទេ​ លុះត្រាតែ​គេ​ធ្វើតាម​។ មានតែ​ការអនុវត្ត​តាម​ទស្សនវិស័យ​ទេ​ទើប​គេ​អាច​រីកចម្រើន​។

 

៤/ គេ​តស៊ូ​ជម្នះ​

ដើម្បី​ទទួល​បាន​ជោ​គជ័យិ​ងសុភមង្គល​យូរអង្វែង​ លោកអ្នក​ត្រូវតែ​រៀន​បង្កើត​កំហុស​ ធ្វើដូចជា​មនុស្ស​មិន​ចេះ​អ្វី​សោះ​ និង​សាកល្បង​ម្តង​ហើយ​ម្តង​ទៀត​ ដោយ​មិន​រួញរា​។ នៅក្នុង​ការសិក្សា​ថ្មី​មួយ​ក្រុម​អ្នកស្រាវជ្រាវ​បាន​សម្ភាស​សហគ្រិន​ជាង៨០០នាក់​ និង​បាន​រក​ឃើញថា​សហគ្រិន​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​ច្រើនតែ​មាន​ចំណុច​ពិសេស​មួយ​ដូចគ្នា​ គឺ​គេ​ជា​មនុស្ស​ពូកែ​គិតដល់​រឿង​បរាជ័យ​ ហើយ​គេ​ច្រើនតែ​មិន​ខ្វល់​ថា​អ្នកដទៃ​គិត​យ៉ាងណា​ចំពោះ​គេ​ទេ​។

 

៥/ គេ​យកចិត្ត​ទុកដាក់​ចំពោះ​សុខភាព​

មាន​ទំនាក់ទំនង​មិន​គួរ​ឱ្យ​ជឿ​មួយ​រវាង​សុខភាព​ សុភមង្គល​ និង​ជោគជ័យ​។ ទម្លាប់​យកចិត្ត​ទុកដាក់​ចំពោះ​សុខភាព​ដែល​មនុស្ស​ជោគជ័យ​ និង​មនុស្ស​មាន​សុភមង្គល​អនុវត្ត​ជាប្រចាំ​នោះ​គឺ​គេង​គ្រប់គ្រាន់​ ទទួលទាន​អាហារ​មិន​ប៉ះពាល់​ដល់​សុខភាព​ និង​ហាត់ប្រាណ​ទៀងទាត់​។ ទម្លាប់​ទាំង​បី​នេះ​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​អារម្មណ៍​តានតឹង​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏​ជួយ​ធ្វើ​ឱ្យ​ផ្តោត​ចិត្តបាន​ល្អ​ និង​បង្កើន​កម្រិត​ថាមពល​ទៀតផង​។

 

៦/ គេ​មិន​សំងំ​ដេក​ត្រាំ​ក្នុង​បញ្ហា​

កន្លែង​ដែល​អ្នក​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ជា​ចំណុច​កំណត់​ស្ថានភាព​អារម្មណ៍​របស់​អ្នក​។ តាមរយៈ​ការ​ផ្តោត​ចិត្ត​លើ​បញ្ហា​ អ្នកបង្កើត​និង​ពង្រឹង​អារម្មណ៍​អវិជ្ជមាន​និង​សម្ពាធ​អារម្មណ៍​ដែល​រារាំង​ដល់​ប្រសិទ្ធភាព​ការងារ​។ ទោះជាយ៉ាងណា​ តាមរយៈ​ការ​ផ្តោត​ចិត្ត​លើស​កម្ម​ភាព​ដែល​ធ្វើ​ឱ្យ​ខ្លួនឯង​និង​ស្ថានភាព​កាន់តែ​ប្រសើរ​ឡើង​ លោកអ្នក​អាចប​ង្កើត​អារម្មណ៍​វិជ្ជមាន​និង​ប្រសិទ្ធភាព​ចំពោះ​ការងារ​។ មនុស្ស​ជោគជ័យ​និង​មាន​សុភមង្គល​មិន​សំងំ​នៅជា​មួយ​បញ្ហា​ទេ​ ដោយសារ​គេ​ដឹង​ថា​គេ​មានប្រសិទ្ធភាព​បំផុត​នៅពេល​គេ​ផ្តោត​ចិត្ត​លើ​ដំណោះស្រាយ​។

 

៧/ គេ​សាទរ​ចំពោះ​ជោគជ័យ​អ្នកដទៃ​

មនុស្ស​ដែល​គ្មាន​សមត្ថភាព​តែងតែ​បារម្ភ​ថា​តម្លៃ​ខ្លួនឯង​នឹង​បាត់បង់​ដោយសារ​អ្នកដទៃ​។ ដោយ​ការ​បារម្ភ​បែបនេះ​ហើយ​ទើប​គេ​ចូលចិត្ត​លួច​យក​ឱកាស​របស់​អ្នកដទៃ​ និង​រិះគន់​អ្នកដទៃ​ដើម្បី​បង្ហាញ​តម្លៃ​របស់​ខ្លួនឯង​។ ចំណែក​មនុស្ស​មាន​ជំនឿ​ចិត្ត​ខ្ពស់​វិញ​មិន​ខ្វល់​ចំពោះ​ការបាត់បង់​តម្លៃ​របស់​ខ្លួនឯង​ទេ​ ពីព្រោះ​តម្លៃ​ខ្លួន​ពិតប្រាកដ​របស់​គេ​កើត​ចេញពី​ខាងក្នុង​។ មនុស្ស​មាន​ជំនឿ​ចិត្ត​មើលឃើញ​កិច្ចការ​អស្ចារ្យ​ទាំងអស់​ដែល​មនុស្សដទៃ​បង្កើត​ឡើង​ និង​សរសើរ​ស្នាដៃ​អ្នកដទៃ​ដោយ​ស្មោះ​ពីចិត្ត​។

 

មនុស្ស​ជោគជ័យ​ និង​មាន​សុភមង្គល​ផ្តោត​ចិត្ត​លើស​កម្ម​ភាព​ដែល​ឆ្លើយតបទៅនឹង​តម្រូវការ​ជាច្រើន​ គឺ​មិន​ត្រឹមតែ​ផ្តោត​លើ​ស្នាដៃ​ចំពោះមុខ​នោះ​ទេ​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Success​

មតិយោបល់