ជីវិត&អាជីវកម្ម | January 18, 2020 | 282

អន្ទាក់​ដែល​សូម្បីតែ​សហគ្រិន​ជោគជ័យ​ក៏​ពិបាក​គេច​ផុត​

សហគ្រិន​ទាំងអស់​មានដំណើរ​ផ្សេងគ្នា​ និង​ប្រឈម​បញ្ហា​ខុសគ្នា​។ អ្នកខ្លះ​ចាប់ផ្តើម​ដំណើរ​អស្ចារ្យ​ពី​នៅក្មេង​ រួច​ក៏​រលាយ​អស់​វិញ​នៅ​ពាក់កណ្តាល​អាយុ​ ហើយក៏​រីកចម្រើន​វិញ​នៅពេល​ចាស់​ទៅ​។ ចំណែក​អ្នកខ្លះ​ទៀត​ត្រូវ​ឆ្លងកាត់​ការ​លំបាក​គ្រប់បែបយ៉ាង​ក្នុង​ពេល​ចាប់ផ្តើម​ ហើយ​ទីបំផុត​ក៏​រក​ឃើញ​ផ្លូវ​ជោគជ័យ​ក្រោយពេល​ប្រឹងប្រែង​អស់​រាប់​សិប​ឆ្នាំ​។

ទោះ​ដំណើរ​ប្រឹងប្រែង​ជួប​ការ​លំបាក​ដល់កម្រិត​ណា​ ក៏​មនុស្ស​នៅតែ​អាច​ជម្នះ​ឆ្លងផុត​ដែរ​ដរាបណា​លោកអ្នក​មិនព្រម​ចុះចាញ់​។ ខាងក្រោម​នេះ​ជា​អន្ទាក់​មួយចំនួន​ដែល​សូម្បីតែ​សហគ្រិន​ជោគជ័យ​យ៉ាងណា​ក៏​ពិបាក​គេច​ផុត​ ៖

 

១/ ចាប់ផ្តើម​ដោយក្រុម​ការងារ​ខ្លាំងពូកែ​

បើ​គ្រាន់តែ​មនុស្សម្នាក់​ជា​មនុស្ស​ល្អ​ ជា​មនុស្ស​ពូកែ​ធ្វើការ​ មិនមែន​មានន័យថា​គេ​ជា​មនុស្ស​ត្រូវ​សម្រាប់​ក្រុមហ៊ុន​របស់​លោកអ្នក​ទេ​។ សហគ្រិន​ជាច្រើន​មាន​លំអៀង​ខ្លាំង​ក្នុង​ការ​ជ្រើសរើស​ក្រុមការងារ​ស្ថាបនិក​ដោយសារ​មិត្តភាព​ ឬការយល់​ច្រឡំ​អំពី​ជំនាញ​។ ក្រុមការងារ​ដំ​បូងៗ​ទាំងនេះ​ជា​មនុស្ស​ដែល​លោកអ្នក​នឹង​ត្រូវ​ពឹងផ្អែក​រាល់ថ្ងៃ​ ដូច្នេះហើយ​លោកអ្នក​គួរតែ​ចំណាយពេល​គ្រប់គ្រាន់​ដើម្បី​រក​មនុស្ស​ណា​ដែល​អាច​ធ្វើការ​ជាមួយគ្នា​បាន​ គឺ​មិន​សម្លឹង​មើលតែ​ជំនាញ​ បទ​ពិសោធ​ ឬការ​ស្គាល់គ្នា​តែ​ម្យ៉ាង​ទេ​។

 

២/ យក​លុយ​មក​ចាយ​ដោយសារ​ងាយស្រួល​

ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​ដោយ​សហគ្រិន​ធ្លាប់​ជោគជ័យ​កន្លងមក​ច្រើនតែ​ងាយស្រួល​រកលុយ​ធ្វើ​ដើមទុន​ណាស់​។ ទោះជាយ៉ាងណា​ កំហុស​កើតឡើង​នៅពេល​សហគ្រិន​ប្រមូល​ដើមទុន​ទាំង​ក្នុង​ពេល​ដែល​ក្រុមហ៊ុន​មិនទាន់​ត្រូវការ​លុយ​ពិតប្រាកដ​។ ការ​មាន​លុយ​ផ្ទាល់ខ្លួន​ច្រើន​ជា​រឿង​ល្អ​ ប៉ុន្តែ​ការ​យក​លុយ​អ្នកដទៃ​មក​ធ្វើជា​ដើមទុន​ ដោយ​មិនដឹង​ច្បាស់​ថាត្រូវ​គ្រប់គ្រង​លុយ​ទាំងនោះ​ដោយ​របៀបណា​មិនមែន​ជា​គំនិតល្អ​ទេ​ ហើយ​អាច​បង្ក​ជា​រំខាន​ទៅវិញ​។

 

៣/ បង្កើត​ក្រុមហ៊ុន​ជុំវិញ​អំនួត​ឬកេរ្តិ៍ឈ្មោះ​

កេរ្តិ៍ឈ្មោះ​ល្អជា​សហគ្រិន​ជោគជ័យ​ពិតជា​មានប្រយោជន៍​ណាស់​ក្នុង​ការ​ប្រមូល​ដើមទុន​ ឬជ្រើសរើស​បុគ្គលិក​។ ប៉ុន្តែ​ការ​ចង​ក្រុមហ៊ុន​ទៅ​នឹង​កេរ្តិ៍ឈ្មោះ​បុគ្គល​តែម្នាក់​ជា​រឿង​គ្រោះថ្នាក់​បំផុត​។ នៅពេល​នរណា​ម្នាក់​គិត​អំពី​ក្រុមហ៊ុន​របស់​លោកអ្នក​ គេ​គួរតែ​គិត​អំពី​បញ្ហា​ដែល​លោកអ្នក​កំពុងតែ​ព្យាយាម​ដោះស្រាយ​។ សហគ្រិន​ដែល​អាច​ញែក​ខ្លួន​ដាច់​ពី​ក្រុមហ៊ុន​ក៏អាច​រក្សា​កេរ្តិ៍ឈ្មោះ​បាន​បើ​ទោះជា​ក្រុមហ៊ុន​ជួប​បញ្ហា​ក៏ដោយ​។

 

៤/ ជួលមនុស្ស​ដែល​ធ្វើការ​មិន​ចុះសម្រុង​គ្នា​

អន្ទាក់​ជាទូទៅ​មួយ​គឺ​សហគ្រិន​ជួល​បុគ្គលិក​នៅពេល​រង​សម្ពាធ​ពី​កំណើន​ការងារ​ ឬជួលមនុស្ស​ធ្វើការ​ដោយសារ​គេ​មាន​ជំនាញ​ខ្ពស់​។ ប៉ុន្តែ​កត្តា​សំខាន់​ពិតប្រាកដ​គឺ​ត្រូវ​សម្លឹង​មើល​របៀប​ធ្វើការ​ដែល​ចុះសម្រុង​គ្នា​។ តើ​មនុស្ស​ដែល​ប្រុងនឹង​ជួល​មក​នោះ​រីកចម្រើន​ក្នុង​តួនាទី​ដែល​ត្រៀម​ទុក​សម្រាប់​គេ​ទេ​? ហើយ​តើ​គេ​អាច​សម្រប​ខ្លួន​ទៅតាម​វប្បធម៌​របស់​ក្រុមហ៊ុន​បានទេ​? ការជួល​បុគ្គលិក​ត្រូវតែ​គិត​ថ្លឹងថ្លែង​ទាំង​ពេល​បច្ចុប្បន្ន​និង​ពេល​ខាងមុខ​។

 

៥/ ជាប់ផុង​ក្នុង​អតីតកាល​

សហគ្រិន​ច្រើនតែ​ធ្លាក់ទៅក្នុង​អន្ទាក់​នៃ​ការ​គិតថា​ខ្លួន​គេ​ចេះ​ច្រើន​បំផុត​។ គេ​ជឿ​ថា​គេ​ស្គាល់​បច្ចេក​វិទ្យា​ល្អ​ៗដែល​ត្រូវ​ប្រើប្រាស់​ ស្គាល់​ទិសដៅ​ត្រឹមត្រូវ​ និង​ស្គាល់​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​គ្រប់គ្រង​ក្រុមហ៊ុន​។ ក្នុងនាម​ជា​ស្ថាបនិក​ គេ​មាន​សិទ្ធិ​សម្រេច​រឿង​គ្រប់យ៉ាង​ ហើយ​បុគ្គលិក​ទាំងអស់​ត្រូវ​ធ្វើតាម​គេ​។ បញ្ហា​ស្ថិតនៅ​ត្រង់ថា​ វិធី​សាស្រ្ត​គ្រប់គ្រង​ពាណិជ្ជកម្ម​ និង​អ្វី​ៗទាំងអស់​តែងតែ​ប្រែប្រួល​និង​ផ្លាស់​ប្តូរ​ជានិច្ច​។ ហេតុដូច្នេះ​ហើយ​បាន​ជាចាំបាច់​សហគ្រិន​ត្រូវតែ​សម្លឹង​រកមើល​មធ្យោបាយ​ថ្មី​ដើម្បី​អភិវឌ្ឍ​ខ្លួន​ជានិច្ច​ដែរ​។

 

៦/ មិន​ស្មោះត្រង់​ចំពោះខ្លួន​ឯង​

សហគ្រិន​ជាច្រើន​បញ្ចុះបញ្ចូល​ខ្លួនឯង​ទាំង​ខុស​ថា​អ្វី​ៗគ្រប់​មានដំណើរ​ការ​ល្អ​។ ការ​ធ្វើពុត​ដូច​ជា​អ្វី​ៗទាំងអស់​មានដំណើរ​ការ​ល្អ​ និង​សម្លឹង​មើលទៅ​ផ្នែក​វិជ្ជមាន​ងាយស្រួល​ធ្វើជា​ការ​ព្រម​ទទួលស្គាល់​ការពិត​។ ក្រោយពី​ចំណាយពេល​វេលា​និង​ការ​ប្រឹងប្រែង​ច្រើន​លើ​ក្រុមហ៊ុន​មួយ​ មនុស្ស​ភាគច្រើន​ពិបាក​ទទួលស្គាល់​ថា​បេសកកម្ម​ឬទិសដៅ​របស់​គេ​ខុស​ណាស់​។ សុទិដ្ឋិនិយម​ពិតជា​សំខាន់​មែនហើយ​ ប៉ុន្តែ​សហគ្រិន​នឹង​ធ្លាក់ទៅក្នុង​ស្ថានភាព​បំពុល​ខ្លួនឯង​បើ​គេ​មិន​អាច​មើល​ដឹងការ​ពិត​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Entrepreneur​

មតិយោបល់