ជីវិត&អាជីវកម្ម | January 18, 2020 | 296

អាថ៌កំបាំង​របស់​មនុស្ស​ដែល​ប្រឹងប្រែង​រហូតដល់​ក្លាយជា​សេដ្ឋី​

ប្រហែល​លោកអ្នក​យល់ថា​លុយ​មួយ​លាន​ដុល្លារ​នឹង​ផ្តល់​សន្តិសុខ​ហិរញ្ញវត្ថុ​ដល់​លោកអ្នក​ហើយ​ ប៉ុន្តែ​ការពិត​មិនមែន​បែបនេះ​ទេ​។ ដោយសារ​ភាព​មិន​ស្ថិត​ស្ថិរ​នៃ​សេដ្ឋកិច្ច​ ទីផ្សារ​ហិរញ្ញវត្ថុ​ និង​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​ ការ​មាន​លុយ​ត្រឹមតែ​មួយ​លាន​ដុល្លារ​លែង​ជា​ធានា​សុវត្ថិភាព​សម្រាប់​គ្រួសារ​ទៀតហើយ​។ ដូច្នេះហើយ​បាន​ជា​អ្នកមាន​តែងតែមាន​ទម្លាប់​បង្កើន​ទ្រព្យសម្បត្តិ​មិនឈប់ឈរ​។ ​

ក្នុង​ពេល​ជាមួយគ្នា​នេះ​ដែរ​ បើ​លោកអ្នក​មិនទាន់​ក្លាយជា​អ្នកមាន​ទេ​ លោកអ្នក​ក៏អាច​រៀន​អំពី​អាថ៌កំបាំង​នៃ​ផ្នត់​កំ​និ​តសេដ្ឋី​ និង​បង្កើត​ទម្លាប់​តាម​គេ​បាន​ដែរ​ ៖

 

១/ សម្រេចចិត្ត​ថាត្រូវ​ក្លាយជា​អ្នកមាន​

ដំបូង​បំផុត​លោកអ្នក​ត្រូវតែ​ចង់​ក្លាយ​ខ្លួន​ទៅជា​អ្នកមាន​។ ដំណើរ​របស់​លោកអ្នក​អាច​ចេញពី​ចំ​ណុច​ផ្សេង​ៗ ប៉ុន្តែ​គោលដៅ​របស់​លោកអ្នក​ត្រូវតែ​បង្កើត​ទ្រព្យសម្បត្តិ​រហូតដល់​កម្រិត​ដែល​មិន​អាច​ចាយ​អស់​ក្នុង​ជីវិត​នេះ​។ លោកអ្នក​ត្រូវ​សម្រេចចិត្ត​និង​កំណត់​គោលដៅ​ជាក់លាក់​ ហើយ​រំឭក​គោលដៅ​នោះ​រាល់ថ្ងៃ​។

 

២/ ជម្រុះ​ការ​គិត​របៀប​ក្រីក្រ​ចោល​

នៅ​លើ​ផែនដី​នេះ​មិន​ខ្វះ​លុយ​ទេ​ ខ្វះតែ​មនុស្ស​ដែល​ចេះ​គិត​បាន​ត្រឹមត្រូវ​អំពី​លុយ​ប៉ុណ្ណោះ​។ ដើម្បី​ក្លាយ​ខ្លួន​ចេញពី​អ្នកក្រ​ទៅជា​អ្នកមាន​ លោកអ្នក​ត្រូវតែ​បញ្ចប់​ការ​គិត​របៀប​ក្រីក្រ​ចោល​។ ប្រហែល​លោកអ្នក​កើត​ក្នុង​គ្រួសារ​ក្រីក្រ​ ហើយ​ទទួល​ដំបូន្មាន​ពី​ម្តាយ​ឪពុក​ឱ្យ​ចេះ​សន្សំសំចៃ​។ ប៉ុន្តែ​គាគ​ច្រើន​នៃ​ភាសា​ដែល​ម្តាយ​ឪពុក​អ្នកក្រ​ប្រើប្រាស់​ច្រើនតែ​លើកទឹកចិត្ត​ឬបណ្តុះ​គំនិត​នៃ​កង្វះខាត​និង​ការភ័យខ្លាច​ទៅវិញ​។ ទោះជាយ៉ាងណា​ ទ្រព្យសម្បត្តិ​និង​ភាព​សម្បូរ​រ៉ុ​ងរឿង​មិនកើត​ឡើង​បានការ​គិត​របៀប​នេះ​ទេ​។

 

៣/ ចាត់ទុក​ការ​រក​ទ្រព្យ​ជា​កាតព្វកិច្ច​

មនុស្ស​ដែល​ប្រឹងប្រែង​រហូត​ក្លាយជា​អ្នកមាន​មិនមែន​គ្រាន់តែ​ចង់បាន​លុយ​ច្រើន​ប៉ុណ្ណោះទេ​ ប៉ុន្តែ​គេ​ក៏​គិតដល់​ការចូលរួម​វិភាគទាន​ទៅ​ក្នុង​ទីផ្សារ​ដែរ​។ ការ​ចង់បាន​លុយ​ជា​ការពិត​មួយ​ហើយ​ ប៉ុន្តែ​កម្លាំង​រុញច្រាន​ទៅ​រក​ការ​រីកចម្រើន​ពិតប្រាកដ​កើត​ចេញពី​គំនិត​ចង់​ធ្វើការ​ឱ្យ​ពេញ​សក្តា​នុ​ពល​របស់​មនុស្ស​។ អ្នកមាន​មិន​ទម្លាក់​គោលដៅ​នៅពេល​ជួប​ការ​លំបាក​ទេ​ ផ្ទុយទៅវិញ​គេ​បង្កើន​ការ​រំពឹង​ទុក​កាន់តែ​ខ្ពស់​ដោយសារ​គេ​មើលឃើញ​ភាព​ខុសគ្នា​ដែលគេ​អាចប​ង្កើត​បាន​។

 

៤/ រាប់អាន​ជាមួយ​អ្នកមាន​ឱ្យ​បាន​ច្រើន​

លោកអ្នក​មិន​អាច​រៀន​រកលុយ​ពី​មនុស្ស​ដែល​គ្មាន​លុយ​ច្រើន​ទេ​។ មនុស្ស​ដែល​និយាយ​ថា​លុយ​មិន​អាច​ធ្វើ​ឱ្យ​មាន​សុភមង្គល​បាន​ ជា​មនុស្ស​ដែល​គ្មាន​លុយ​។ ហើយ​មានតែ​អ្នកក្រ​ទេ​ដែល​និយាយ​ថា​អ្នកមាន​ជា​មនុស្ស​ដែល​លោភលន់​។ អ្នកមាន​មិន​និយាយ​ពាក្យ​ទាំងអស់​នេះ​ទេ​។ លោកអ្នក​ត្រូវ​ដឹង​ថា​មនុស្ស​ធ្វើអ្វី​ខ្លះ​ដើម្បី​បង្កើត​ទ្រព្យ​ ហើយ​រៀន​ធ្វើតាម​គេ​។ តើ​គេ​អាន​សៀវភៅ​អ្វីខ្លះ​? តើ​គេ​វិនិយោគ​លើ​អ្វីខ្លះ​? តើមាន​កត្តា​អ្វី​ដែល​រុញច្រាន​គេ​? តើ​ហេតុអ្វីបានជា​គេ​ប្រឹងប្រែង​ធ្វើការ​មិន​ខ្ជិល​?  ​

 

៥/ ធ្វើការ​ឱ្យ​ដូចជា​អ្នកមាន​

អ្នកមាន​មើលឃើញ​ពេលវេលា​ក្នុង​របៀប​ខុសពី​អ្នកក្រ​។ អ្នកមាន​ទិញ​ពេលវេលា​ ចំណែក​អ្នកក្រ​លក់​ពេលវេលា​។ អ្នកមាន​ដឹង​ថា​ពេលវេលា​មានតម្លៃ​ជាង​លុយ​ ដូច្នេះ​គេ​ជួលមនុស្ស​មក​ធ្វើ​កិច្ចការ​ណា​ដែលគេ​មិន​ចេះ​ធ្វើ​ឬធ្វើ​មិនបាន​ល្អ​។ ប៉ុន្តែ​សូមកុំ​យល់​ច្រឡំ​ថា​មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​មិន​ប្រឹង​ធ្វើការ​។ មនុស្ស​ដែល​មានជោគ​ជ័យ​ខាង​ហិរញ្ញវត្ថុ​តែងតែ​ប្រមាញ់​ជោគជ័យ​និង​ធ្វើការ​រហូតដល់​កម្រិត​មួយ​ដែលគេ​យល់ថា​គេ​ទទួល​បាន​ជោគជ័យ​។

 

៦/ បង្កើត​ប្រភព​ចំណូល​ច្រើន​ច្រក​

អ្នកមាន​ពិតប្រាកដ​មិនដែល​ពឹង​លើ​ប្រភព​ចំណូល​តែមួយ​ច្រក​ទេ​ ប៉ុន្តែ​គេ​បង្កើត​ផ្លូវ​ជាច្រើន​ដើម្បី​រកលុយ​។ ប្រហែល​រឿង​ដែល​ធ្វើ​ឱ្យ​លោកអ្នក​ភ្ញាក់ផ្អើល​បំផុត​នោះ​គឺ​អ្នកមាន​ក៏​ប្រាថ្នា​ចង់ឱ្យ​មនុស្ស​ទាំងអស់​មាន​ដូច​គេ​ដែរ​។ គេ​តែងតែ​ឆ្ងល់​ថា​ហេតុអ្វីបានជា​មនុស្សដទៃ​មិនព្រម​ក្លាយជា​អ្នកមាន​។ គេ​ដឹងខ្លួន​ថា​គេ​មិនមែន​ជា​មនុស្ស​ពិសេស​អ្វី​ទេ​ ហើយ​ទ្រព្យសម្បត្តិ​ក៏​មាន​ច្រើន​សម្រាប់​មនុស្ស​ទាំងអស់​ដែល​ចង់បាន​។ មានហេតុ​ផល​ពីរ​ដែល​អ្នកមាន​ចង់ឱ្យ​មនុស្ស​ទាំងអស់​ក្លាយជា​អ្នកមាន​ដែរ​គឺ​ គេ​ចង់ឱ្យ​មនុស្ស​មាន​លុយ​ទិញ​ផលិតផល​របស់​គេ​ ហើយ​គេ​ចង់​រាប់អាន​ជាមួយ​អ្នកមាន​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Entrepreneur​

មតិយោបល់