ជីវិត&អាជីវកម្ម | January 17, 2020 | 293

កិច្ចការ​ដែល​មនុស្ស​គ្រប់គ្នា​អាច​ធ្វើ​បាន​ដើម្បី​ពង្រឹង​ផ្នត់គំនិត​សហគ្រិនភាព​

ជោគជ័យ​របស់​លោកអ្នក​ក្នុងនាម​ជា​សហគ្រិន​មិន​ត្រឹមតែ​ពឹងផ្អែក​លើ​សមត្ថភាព​របស់​លោកអ្នក​ក្នុង​ការ​ដោះស្រាយ​ជាមួយ​លុយកាក់​និង​តួលេខ​ទេ​។ បើ​ទោះជា​ជំនាញ​របស់​លោកអ្នក​អាច​នឹង​បើកផ្លូវ​សម្រាប់​ឱកាស​ជាច្រើន​មែន​ ប៉ុន្តែ​ការ​ទាញ​យក​ប្រយោជន៍​ពី​ឱកាស​តម្រូវ​ឱ្យ​មានក​ត្តា​ផ្សេងទៀត​។ នៅក្នុងចំណោម​បញ្ហា​ស្មុគស្មាញ​ដែល​អាច​នឹង​កើតឡើង​ចំពោះ​ពាណិជ្ជកម្ម​ សមត្ថភាព​បំពេញ​កិច្ចការ​របស់​លោកអ្នក​ក្នុងនាម​ជា​ម្ចាស់​ពាណិជ្ជកម្ម​ត្រូវ​អាស្រ័យ​លើ​សុខភាព​ផ្លូវចិត្ត​របស់​លោកអ្នក​។

ការ​អភិវឌ្ឍ​ផ្នត់គំនិត​សហគ្រិនភាព​ក៏​មាន​សារៈសំខាន់​ដូចគ្នានឹង​ការ​អភិ​វឌ្ឍ​បណ្តុំ​ជំនាញ​បច្ចេកទេស​ផ្សេងទៀត​ដែរ​។ មនុស្ស​ដែល​មានចិត្ត​រឹងមាំ​នឹង​ដឹង​ថា​នៅពេល​ណា​ដែលគេ​គួរតែ​ហ៊ាន​ប្រថុយ​ អាច​គិតរក​ដំណោះស្រាយ​ខុសពី​របៀប​ធម្មតា​ និ​តមាន​កម្លាំង​គ្រប់គ្រាន់​ទទួលយក​ភាព​មិន​ច្បាស់លាស់​។ ជា​ភព្វ​សំណាង​ដែល​ជំនាញ​ទាំងអស់​នេះ​អាចប​ង្កើត​បាន​តាមរយៈ​ការ​អនុ​ត្ត​ជាប្រចាំ​ ៖

 

១/ កំណត់ពេល​ពិចារណា​រាល់ថ្ងៃ​

នៅក្នុង​សៀវភៅ​7 Habits​ of​ Highly​ Effective​ People​ លោក​ Stephen​ Covey​ បាន​រៀបរាប់​អំពី​សារៈសំខាន់​នៃ​ការ​ចាប់ផ្តើម​ដោយ​គិតដល់​ទី​បញ្ចប់​។ ក្នុងនាម​ជា​សហគ្រិន​ រឿង​សំខាន់​បំផុត​ដែល​លោកអ្នក​ត្រូវ​មាន​គឺ​ទស្សនវិស័យ​ច្បាស់លាស់​អំពីអ្វី​ដែល​លោកអ្នក​ចង់​សម្រេច​ឱ្យ​បាន​។ ហេតុដូច្នេះ​ហើយ​ ជា​រឿង​ចាំបាច់​ដែល​លោកអ្នក​ត្រូវ​កំណត់ពេល​ពីរបី​នាទី​រាល់ថ្ងៃ​ដើម្បី​ផ្តោត​លើ​ខ្លួនឯង​និង​គំនិត​របស់​ខ្លួនឯង​។ ការពិចារណា​ជាប្រចាំ​នឹង​ជួយ​ឱ្យ​លោកអ្នក​មើលឃើញ​បាន​ច្បាស់​និង​សម្រេចចិត្ត​ដោយ​ផ្អែកលើ​គោលដៅ​រួម​។

 

២/ អាន​សៀវភៅ​រាល់ថ្ងៃ​

ក្រៅពី​ការ​រៀន​ពី​មនុស្ស​ជុំវិញ​ខ្លួន​ ការកំណត់​ពេល១០ឬ២០នាទី​ដើម្បី​អាន​សៀវភៅ​រាល់ថ្ងៃ​ក៏​ជា​មធ្យោបាយ​ល្អ​មួយ​ដើម្បី​ពង្រីក​ចំណេះដឹង​ដែរ​។ ទោះជា​សៀវភៅ​ អត្ថបទ​បោះពុម្ព​ផ្សាយ​ ឬសំណេរ​នៅ​លើ​អ៊ី​នថឺ​ណិ​ត ក៏អាច​ជួយ​លោកអ្នក​ឱ្យ​មើលឃើញ​បទ​ពិសោធ​របស់​អ្នកជំនាញ​ដែល​បាន​សរសេរ​និង​ចងក្រង​ខ្លឹមសារ​ទាំងនោះ​ដែរ​។ តាមរយៈ​ការ​រៀន​ពី​កំហុស​និង​ជោគជ័យ​របស់​អ្នកដទៃ​ លោកអ្នក​អាច​ទទួល​បាន​ចំណេះដឹង​ និង​គំរូ​ជាក់ស្តែង​អំពីអ្វី​ដែល​គួរ​ធ្វើ​និង​អ្វី​ដែល​គួរ​ជៀសវាង​ក្នុងនាម​ជា​សហគ្រិន​។

 

៣/ ដាក់ខ្លួន​នៅក្នុង​ស្ថានភាព​ប្រជែង​

ការ​រីកចម្រើន​ផ្លូវចិត្ត​ទទួល​បាន​តាម​រយការ​ឆ្លងកាត់​ស្ថានភាព​លំ​បា​កៗ​ក្នុង​ជីវិត​។ បើ​លោកអ្នក​ចង់​អភិវឌ្ឍ​ផ្នត់គំនិត​ មធ្យោបាយ​ដែល​មានប្រសិទ្ធភាព​បំផុត​គឺ​ស្វែងរក​ការ​ប្រជែង​។ ការ​ពី​ការស្វែងរក​គំនិត​អនុវត្ត​ដើម្បី​ផ្តល់​ជូន​ឱ្យ​លើស​ពី​ការ​រំពឹង​ទុក​របស់​អតិថិជន​ លោកអ្នក​ក៏អាច​អភិវឌ្ឍ​ផ្នត់គំនិត​តាមរយៈ​ការ​បំពេញ​កិច្ចការ​ប្រចាំថ្ងៃ​ដែល​មិន​ទាក់ទង​នឹង​ពាណិជ្ជកម្ម​របស់​លោកអ្នក​ដែរ​។ ការ​ប្រជែង​នឹង​ខ្លួនឯង​តែងតែ​ជួយ​ឱ្យ​លោកអ្នក​អភិវឌ្ឍ​ជំនាញ​ទន់​និង​គុណ​តម្លៃ​ដែល​អាច​មានប្រយោជន៍​ក្នុង​វិជ្ជាជីវៈ​។

 

៤/ ចូលរួម​ព្រឹត្តិ​ការណ៍​ទាក់ទង​នឹង​សហគ្រិនភាព​

នៅក្នុង​សម័យ​សព្វថ្ងៃ​នេះ​ ការបង្កើត​បណ្តាញ​ទំនាក់ទំនង​មាន​សារៈសំខាន់​ខ្លាំង​ណាស់​។ ការចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​សហគ្រិន​ភាប​ជា​វិធី​ងាយស្រួល​បំផុត​ដើម្បី​បង្កើត​ទំនាក់ទំនង​ជាមួយ​ម្ចាស់​ពាណិជ្ជ​កម្ម​ផ្សេង​ៗ។ បើ​លោកអ្នក​ត្រូវ​ទៅ​ចូលរួម​ព្រឹត្តិ​ការណ៍​របៀប​នេះ​នៅ​ពេល​ឆាប់​ៗនេះ​ សូម​ចងចាំ​ថា​គោលដៅ​ចម្បង​របស់​លោកអ្នក​មិន​គួរ​ផ្តោត​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​លោកអ្នក​ទេ​ ប៉ុន្តែ​ត្រូវ​ផ្តោត​លើ​ការបង្កើត​ទំនាក់ទំនង​វិជ្ជាជីវៈ​វិញ​។ ប្រហែល​លោកអ្នក​មិន​អាច​ទទួល​បាន​ភាពជា​ដៃ​គូ​ភ្លាម​ៗទេ​ ប៉ុន្តែ​ការ​មាន​ទំនាក់ទំនង​ច្រើន​នឹង​ជួយ​លោកអ្នក​នៅពេល​ខាងមុខ​។

 

៥/ បង្កើត​ទម្លាប់​ប្រចាំ​ខ្លួន​

ក្នុង​ពេល​ដែល​មានកម្ម​វិធី​និង​ការងារ​ច្រើន​ត្រូវ​បំពេញ​ គ្មានអ្វី​ដែល​មានតម្លៃ​ជាង​ពេលវេលា​និង​ថាមពល​ដែល​លោកអ្នក​មាន​ទេ​។ មធ្យោបាយ​ល្អ​បំផុត​ដើម្បី​គ្រប់គ្រង​បាន​ទាំង​ពេលវេលា​និង​ថាមពល​គឺ​ត្រូវ​ផ្តោត​រចនា​សម្ពន្ធ​រាល់ថ្ងៃ​។ លោកអ្នក​នឹង​ត្រូវ​បង្កើត​វិន័យ​ទាំង​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​និង​ជីវិត​វិជ្ជាជីវៈ​។ ក្រៅពី​ការបង្កើត​ទម្លាប់​តាមដាន​លំហូរ​ហិរញ្ញវត្ថុ​ លោកអ្នក​ត្រូវ​បង្កើត​ទម្លាប់​ល្អ​ៗដែល​នឹង​បង្កើន​ផលិតភាព​ប្រចាំថ្ងៃ​ថែមទៀត​។ ការ​គ្រប់ពេលវេលា​យ៉ាង​មានប្រសិទ្ធភាព​នឹង​តម្រូវ​ឱ្យ​លោកអ្នក​ដឹង​ថា​អាទិភាព​របស់​លោកអ្នក​ជា​អ្វីខ្លះ​។

 

៦/ បង្រៀន​អ្នកដទៃ​

ការ​បង្រៀន​អ្នកដទៃ​ជា​កិច្ចការ​គួរ​ឱ្យ​ពេញចិត្ត​ និង​ជួយ​ពង្រឹង​បទ​ពិសោធ​ទាំង​អ្នកបង្រៀន​ទាំង​អ្នករៀន​។ នៅពេល​លោកអ្នក​ជួយ​អ្នកដទៃ​ឱ្យ​ចេះ​ធ្វើ​ពាណិជ្ជកម្ម​ លោកអ្នក​នឹង​ត្រូវ​ត្រឡប់ទៅ​គិតដល់​បទ​ពិសោធ​ស្រដៀងគ្នា​ដែល​លោកអ្នក​ធ្លាប់​ឆ្លងកាត់​។ ពេលនេះ​ប្រហែល​លោកអ្នក​មើលឃើញ​ស្ថានភាព​កន្លងទៅ​ក្នុង​របៀប​ថ្មី​ ដែល​អាច​នឹង​ធ្វើខុស​ពីមុន​បើ​ត្រូវ​ប្រឈម​នឹង​ស្ថានភាព​ដដែល​នោះ​ម្តង​ទៀត​។ ក្នុង​ពេល​ជាមួយគ្នា​ ការ​មើលគំនិត​និង​យោបល់​របស់​មនុស្ស​ដែល​លោកអ្នក​កំពុងតែ​ជួយ​នោះ​ក៏អាច​ផ្តល់​ឱ្យ​លោកអ្នក​នូវ​កម្លាំងចិត្ត​សម្រាប់​ខ្លួនឯង​ដែរ​។

 

ការ​ធ្វើជា​សហគ្រិន​តម្រូវ​ឱ្យ​មាន​លើស​ពី​សមត្ថភាព​ក្នុង​ការគ្រប់គ្រង​ធនធាន​ដែល​លោកអ្នក​កំពុងតែ​មាន​ក្នុង​ដៃ​។ តាមរយៈ​ការ​ច្នៃប្រឌិត​ក្នុង​បច្ចេកវិទ្យា​ និង​វិធី​សា​ស្រ្តថ្មី​ៗដែល​ផ្លាស់​ប្តូរ​ជានិច្ច​ ការ​ធ្វើជា​សហគ្រិន​ជោគជ័យ​សព្វថ្ងៃ​នេះ​តម្រូវ​ឱ្យ​លោកអ្នក​មាន​កម្លាំងចិត្ត​រឹងមាំ​ថែមទៀត​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Addicted2success​

មតិយោបល់