ជីវិត&អាជីវកម្ម | January 16, 2020 | 139

លក្ខណៈ​ពិសេស​របស់​មនុស្ស​ដែល​ប្រឹងប្រែង​ក្លាយជា​មហាសេដ្ឋី​ដោយខ្លួនឯង​

មនុស្ស​ភាគច្រើន​ងាយ​នឹង​គិតថា​មហាសេដ្ឋី​ដែល​រក​ទ្រព្យសម្បត្តិ​តាំងពី​ដៃទទេ​ទៅ​នោះ​គ្រាន់តែ​ជា​អ្នកមាន​សំណាង​។ ប្រហែល​គេ​រស់នៅ​ក្នុង​កន្លែងត្រូវ​ ក្នុង​ពេល​ត្រូវ​ ឬប្រហែល​បាន​ប្រទះឃើញ​គន្លឹះ​អា​ថ៍​កំបាំង​ដែល​ធ្វើ​ឱ្យ​គេ​ក្លាយជា​អ្នក​មា​នភា្លមៗ​។ ប៉ុន្តែ​ការពិត​គ្មាន​រឿង​ល្អ​ៗនិង​ងាយស្រួល​ទាំងអស់​នេះ​ទេ​ គ្រប់​មហាសេដ្ឋី​ទាំងអស់​ដែល​ប្រឹងប្រែង​ដោយខ្លួនឯង​សុទ្ធតែ​មាន​លក្ខណៈ​ទូទៅ​ដូចគ្នា​។

មនុស្ស​ដូចជា​លោកSteve​ Jobs​ លោក​Elon​ Musk​ លោក​Richard​  Branson​ លោកស្រី​Oprah​ Winfrey​ និង​មនុស្ស​ក្នុង​ប្រវត្តិ​សាស្រ្ត​ជាច្រើន​ទៀត​ដូចជា​លោក​ Andrew​ Carnegie​ លោក​ Henry​ Ford​ និង​លោក​ John​ D. Rockefeller​ ជាដើម​សុទ្ធតែ​មាន​ចំណុចរួម​ដែល​លោកអ្នក​ក៏អាច​បង្កើត​បាន​ដូចគ្នា​។

ដូច្នេះ​ តើ​លោកអ្នក​មាន​អ្វី​ៗគ្រប់យ៉ាង​ដែល​ពិសេស​ដើម្បី​ក្លាយជា​អ្នកមាន​ដែរ​ទេ​?

 

១/ មានការ​យល់ដឹង​ខ្ពស់​

ក្រៅពី​ការ​ចេះ​កំណត់ពេលវេលា​ និង​ស្គាល់​របៀប​ធ្វើការ​ កម្រិតយល់ដឹង​របស់​មហាសេដ្ឋី​តែងតែ​រុញច្រាន​គេ​ឱ្យ​ឈឺឆ្អាល​ចង់​ដោះស្រាយ​គ្រប់​បញ្ហា​ដែល​កើតឡើង​ជុំវិញ​ខ្លួន​។ គេ​ដឹង​ហើយ​មិន​នៅ​ស្ងៀម​ទេ​ គឺ​តែងតែ​គិត​ចង់​ធ្វើអ្វី​ម្យ៉ាង​ ហើយ​ទីបំផុត​ក៏​រក​ឃើញ​មធ្យោបាយ​និង​សកម្មភាព​ដែល​ត្រូវ​ធ្វើ​។

 

២/ ផ្តោត​គិតដល់​អនាគត​

ការ​គិត​ផ្តោត​ដល់​អនាគត​តែងតែ​ដើរ​ទន្ទឹមគ្នា​នឹង​ពាក្យ​មួយ​មាត់​ទៀត​គឺ​ទស្សនវិស័យ​។ ពាក្យ​ទាំងពីរ​មាត់​នេះ​បាន​ក្លាយជា​ពាក្យ​ពេញនិយម​ខ្លាំង​ក្នុងចំណោម​សហគ្រិន​និង​មនុស្ស​ដែល​ប្រឹងប្រែង​ពី​បាតដៃ​ទទេ​រហូតដល់​ក្លាយជា​មហាសេដ្ឋី​។ ទោះជាយ៉ាងណា​ នៅក្នុង​ដំណាក់កាល​ដំ​បូងៗ​នៃ​ជីវិត​ គេ​ច្រើនតែ​ត្រូវ​អ្នកដទៃ​ចាត់ទុកថា​ជា​អ្នក​សុបិន​ដែល​គ្មាន​សង្ឃឹម​។

 

៣/ សមត្ថភាព​ខ្ពស់​ដើម្បី​ធ្វើការ​

មនុស្ស​ដែល​ប្រឹងប្រែង​រហូតដល់​ក្លាយជា​សេដ្ឋី​មាន​សមត្ថភាព​ធ្វើការ​ខ្ពស់​ណាស់​ គឺ​គេ​អាច​ស្រូប​យក​ព័ត៌មាន​បាន​រហ័ស​និង​រក្សាទុក​បាន​ច្រើន​ជា​មនុស្ស​ផ្សេងទៀត​។ លក្ខណៈ​ពិសេស​នេះ​រុញច្រាន​គេ​ឱ្យ​ប្រមូល​បាន​ទិន្នន័យ​យ៉ាងច្រើន​ដើម្បី​ប្រើប្រាស់​ក្នុង​ការបង្កើត​ទស្សនវិស័យ​ច្បាស់លាស់​ ចាប់ផ្តើម​សកម្មភាព​ និង​សម្រេចចិត្ត​បាន​ត្រឹមត្រូវ​។

 

៤/ ចេះ​បត់បែន​ក្នុង​របៀប​តស៊ូ​

បើ​ទោះជា​មហាសេដ្ឋី​រក្សា​សមត្ថភាព​បត់បែន​ដើម្បី​ចាប់​យកគំនិត​ផ្តួចផ្តើម​ថ្មី​ ពាណិជ្ជកម្ម​ថ្មី​ ឬកិច្ច​ការ​ថ្មី​ ដូចជា​លោកBill​ Gates​ ងាក​ចេញពី​ពាណិជ្ជកម្ម​ទៅ​រក​កិច្ចការ​មនុស្សធម៌​ ហើយ​លោក​Donald​ Trump​ ងាក​ចេញពី​ពាណិជ្ជកម្ម​ទៅ​ប្រឡូក​ក្នុង​នយោបាយ​ ក៏​មនុស្ស​ទាំងនោះ​មិនមែន​ជា​បង្កួយ​ដែរ​។ មនុស្ស​ភាគច្រើន​មាន​បញ្ហា​លំបាក​បត់បែន​តាម​ស្ថានភាព​ក្នុង​ពេល​ដំ​បូងៗ​។ ប៉ុន្តែ​គេ​ប្រឹងប្រែង​បង្កើត​សមត្ថភាព​បត់បែន​បន្តិច​ម្តង​ៗរហូតដល់​សម្រេច​គោលដៅ​។

 

៥/ ផ្តោត​ចិត្តខ្លាំង​លើ​លទ្ធផល​

ប្រហែល​មនុស្ស​ភាគច្រើន​ធ្លាប់​ឮរឿង​ជម្នះ​របស់​លោក​Steve​ Jobs​ ដែល​ប្រឹងប្រែង​ធ្វើ​ឱ្យ​ម៉ាស៊ីន​កុំព្យូទ័រ​ដំបូង​របស់​គាត់​មានគុណ​ភាពល្អ​បំផុត​ ឬរឿង​របស់​លោក​Bill​ Gates​ ដែល​ប្រឹងប្រែង​រហូតដល់​កម្រិត​ងប់ងុល​នឹង​ការងារ​ហើយ​។ នៅ​មាន​គំរូ​នៃ​មហាសេដ្ឋី​ជាច្រើន​ទៀត​ដែល​ត្រូវ​មនុស្ស​ភាគច្រើន​ចាត់ទុកថា​ជាកំពូល​មនុស្ស​ក្នុង​ការ​ជម្នះ​បន្សល់ទុក​ដានជើង​របស់​គេ​នៅក្នុង​ពិភពលោក​នេះ​។ ពេលខ្លះ​គេ​ត្រូវ​ផ្តាច់​ខ្លួន​ពី​មនុស្ស​ទូទៅ​ដើម្បី​ផ្តោត​ចិត្ត​ធ្វើ​កិច្ចការ​រហូត​សម្រេច​បាន​លទ្ធផល​។

 

៦/ លំអៀង​ទៅ​រក​ការ​អភិវឌ្ឍ​

ក្នុងនាម​ជា​បុគ្គល​ដែល​ផ្តោត​ចិត្ត​លើ​អនាគត​ មហាសេដ្ឋី​មើលឃើញ​ពិភពលោក​នេះ​ក្នុង​របៀប​ដែល​គួរតែ​ប្រសើរ​ជាង​បច្ចុប្បន្ន​នេះ​ គឺ​មិន​មើលក្នុង​របៀប​ជាក់ស្តែង​នៅពេល​នេះ​ទេ​។ គេ​មើលឃើញ​ចំណុច​ដែល​គួរតែ​កែប្រែ​ ឬអភិវឌ្ឍ​។ បើ​ផ្តល់​ជម្រើស​ពីរ​រវាង​ទុក​ពិភពលោក​នេះ​ឱ្យ​នៅ​ដដែល​ និង​ធ្វើ​ពិភពលោក​នេះ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ គេ​ពិតជា​ជ្រើសរើស​យក​ជម្រើស​ទីពីរ​មិនខាន​។  ​

 

៧/ ចូលចិត្ត​រៀន​តាមរយៈ​ការ​ពិសោធ​

ពិត​ណាស់​ថាម​ហា​សេដ្ឋី​រៀន​តាមរយៈ​សៀវភៅ​ ប៉ុន្តែ​ក្នុង​ពេល​ជាមួយគ្នា​គេ​ក៏​ស្វែងរក​ឱកាស​និង​មធ្យោបាយ​ដើម្បី​អនុវត្ត​ចំណេះដឹង​ និង​ពិសោធ​។ ការ​ពិសោធ​ធ្វើ​ឱ្យ​មនុស្ស​មានទំនុក​ចិត្ត​ដើម្បី​រុញច្រាន​ខ្លួន​គេ​ទៅមុខ​ និង​ដឹង​ច្បាស់​តម្លៃ​នៃ​ការ​រៀន​ ព្រមទាំង​ពង្រឹង​ជំនឿ​ចិត្ត​នៅក្នុង​ទស្សនវិស័យ​ចំពោះ​អនាគត​របស់​គេ​។

លក្ខណៈ​ពិសេស​ទាំងនេះ​មិនមែន​មាន​ផ្តាច់​មុខ​សម្រាប់​តែម​ហា​សេដ្ឋី​ទេ​ ប៉ុន្តែ​គេ​ឃើញ​មាននៅ​ក្នុងចំណោម​សហគ្រិន​ដែរ​។ ភាព​ខុសគ្នា​រវាង​មនុស្ស​ទាំងពីរ​ក្រុម​នេះ​ស្ថិតនៅ​លើ​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​ទទួលស្គាល់​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​របស់​ខ្លួនឯង​និង​ស្វែងរក​ការ​ការពារ​ព្រមទាំង​ការ​គាំទ្រ​ចាំបាច់​ដើម្បី​ប្រែក្លាយ​សុបិន​ឱ្យទៅ​ជា​ការពិត​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Success​

មតិយោបល់