ជីវិត&អាជីវកម្ម | January 14, 2020 | 82

វិធី​សាស្រ្ត​ដែល​សហគ្រិន​អាច​បង្កើន​ផលិតភាព​ការងារ​

បើ​លោកអ្នក​ប្រៀប​ដូចជា​សហគ្រិន​ភាគច្រើន​នោះ​ ប្រហែល​លោកអ្នក​ពិបាក​រក​ពេលធ្វើការ​ឱ្យ​ទទួល​បាន​ផលិតភាព​ខ្ពស់​ណាស់​។ រឿង​នេះ​គឺ​ដោយសារ​លោកអ្នក​រក​ឃើញ​គំនិត​នៅ​គ្រប់កន្លែង​ទាំងអស់​។ ការ​មានគំនិត​ច្រើន​ជា​រឿង​ល្អ​មែនហើយ​ក្នុង​ពេល​ចាប់ផ្តើម​ពាណិជ្ជកម្ម​ដំ​បូងៗ​ ប៉ុន្តែ​គំនិត​ថ្មី​អាច​នឹង​ទាញ​លោកអ្នក​មិន​ឱ្យ​សម្រេច​កិច្ចការ​ដែល​កំពុងតែ​ធ្វើ​។

នៅក្នុង​របៀប​ខ្លះ​ ការ​ពន្យា​ពេល​ឬបន្ថយល្បឿន​គំនិត​ថ្មី​ជា​ផ្លូវ​នាំទៅរក​ផលិតភាព​ខ្ពស់​។ ខាងក្រោម​នេះ​ជា​វិធី​សាស្រ្ត​មួយចំនួន​ដើម្បី​ធ្វើការ​ឱ្យ​កាន់តែ​មាន​ផលិតភាព​ខ្ពស់​សម្រាប់​ពាណិជ្ជកម្ម​ ៖

 

១/ បច្ចេកវិទ្យា​ច្រើនពេក​ក៏​ដូចគ្នា​នឹង​អ្វី​ៗដែល​ច្រើនពេក​ដែរ​

ក្នុងនាម​ជា​សហគ្រិន​នៅក្នុង​សតវត្ស​នេះ​ លោកអ្នក​ទំនង​មាន​ឧបករណ៍​ទំនាក់ទំនង​ជាប់​ខ្លួន​គ្រប់ពេល​។ ការពិនិត្យ​មើល​អ៊ី​ម៉ែ​ល ការ​សរសេរ​សំណើ​ និង​ការគ្រប់គ្រង​អតិថិជន​ សុទ្ធតែ​តម្រូវ​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​កាត់បន្ថយ​ពេលវេលា​និង​ថាមពល​។ ប៉ូន្តែ​ការប្រើ​ប្រាស់​កុំព្យូទ័រ​ ទូរស័ព្ទ​ ឬឧបករណ៍​បច្ចេកវិទ្យា​ផ្សេងទៀត​ ក៏អាច​នាំទៅរក​ការងារ​ច្រើនជ្រុល​និង​ស៊ី​ថាមពល​លោកអ្នក​អស់​ដែរ​។ ការសិក្សា​បាន​បង្ហាញថា​ពន្លឺ​ចេញពី​ឧបករណ៍​បច្ចេកវិទ្យា​ទាំងនេះ​អាច​នាំទៅរក​កម្រិត​សម្ពាធ​អារម្មណ៍​ខ្ពស់​ និង​បញ្ហា​គេង​មិន​លក់​។ ដូច្នេះហើយ​ ការកំណត់​ពេលសម្រាក​ខ្លះ​ពី​បច្ចេកវិទ្យា​ទាំងនេះ​ជា​រឿង​សំខាន់​។

 

២/ ការ​ព្រងើយកន្តើយ​រឿង​តូចតាច​មិនមែន​ជា​បញ្ហា​ទេ​

រឿង​តូចតាច​ខ្លះ​ប្រហែលជា​កិច្ចការ​បន្ទាន់​មែន​ ប៉ុន្តែ​ទូរស័ព្ទ​ដៃ​ដែល​នៅ​ក្បែរ​ខ្លួន​ជានិច្ច​បាន​បង្រៀន​មនុស្សយើង​ឱ្យ​ស្តាប់​ឮ មើលឃើញ​ និង​ពិនិត្យ​រាល់ពេល​មាន​សញ្ញា​ប្រាប់​ដំណឹង​អ្វី​មួយ​ពេញ​ៗមួយថ្ងៃ​។ រឿង​សំខាន់​ដែល​លោកអ្នក​គួរតែ​ដឹង​គឺថា​តើ​លោកអ្នក​ខ្ជះខ្ជាយ​ពេលវេលា​ដ៏​មានតម្លៃ​ច្រើន​ប៉ុន​ណា​ពេញ​ៗមួយថ្ងៃ​ ដោយ​ការពិនិត្យ​មើល​ទូរស័ព្ទ​ញឹកញាប់​។ កម្មវិធី​ទំនាក់ទំនង​នៅ​លើ​ទូរស័ព្ទ​ភាគច្រើន​មិន​មាន​សារៈសំខាន់​ដូច​ការ​រំខាន​របស់​វា​ទេ​ ដូច្នេះ​លោកអ្នក​អាច​បិទ​វា​ទាំងស្រុង​ចោល​បាន​ក្នុង​ពេល​បំពេញ​កិច្ចការ​។ អនុញ្ញាត​ឱ្យ​ខ្លួនឯង​មាន​ពេល​ដកដង្ហើម​ខ្លះ​និង​ផ្តោត​ចិត្ត​មើល​ផលិតភាព​ការងារ​ឡើង​ខ្ពស់​។

 

៣/ ផ្តល់​អាទិភាព​ដល់​ការសម្រាក​

មធ្យោបាយ​មួយទៀត​ដើម្បី​បង្កើន​ផលិតភាព​គឺជា​ការសម្រាក​។ ក្នុងនាម​ជា​សហគ្រិន​ លោកអ្នក​ត្រូវតែ​ផ្តល់​អាទិភាព​ដល់​ការសម្រាក​រាល់ថ្ងៃ​ឱ្យ​បាន​គ្រប់គ្រាន់​។ ការសម្រាក​អាច​ជួយ​លោកអ្នក​រៀបចំ​ផ្នត់គំនិត​និង​ដំណើរការ​ខួរក្បាល​បាន​កាន់តែ​ប្រសើរ​ ជាពិសេស​នៅពេល​ត្រូវ​ដោះស្រាយ​បញ្ហា​ស្មុគ្រ​ស្មាញ​។ វិធី​សាស្រ្ត​មួយទៀត​ដើម្បី​រៀបចំ​កំណត់​អាទិភាព​ពេលសម្រាក​ដែល​លោកអ្នក​ត្រូវការ​គឺ​តាមរយៈ​ការ​លំហែ​កម្សាន្ត​ទៅ​កន្លែង​ឆ្ងាយ​ៗ។ យូរ​ៗម្តង​ លោកអ្នក​ត្រូវការ​ដើរចេញ​ឆ្ងាយ​ពី​ការងារ​ ទោះជា​នៅ​ចុង​សប្តាហ៍​ ឬចុងឆ្នាំ​ក៏ដោយ​ ដើម្បី​ធ្វើ​ឱ្យ​ចិត្ត​ស្រស់ស្រាយ​និង​ទទួល​បាន​គំ​និ​តថ្មី​ៗ។

 

៤/ បង្កើត​កន្លែង​ធ្វើការ​ដែល​ងាយស្រួល​

បើ​លោកអ្នក​ធ្លាប់​អាន​ឬធ្លាប់​ដឹង​អំពី​វិធី​សាស្រ្ត​រៀបចំ​សណ្តាប់​ធ្នាប់​របស់​លោកស្រីMarie​ Kondo​ លោកអ្នក​នឹង​ដឹង​ថា​លោកអ្នក​អាច​ទទួល​បាន​ភាព​ស្រឡះ​ក្នុងចិត្ត​កម្រិត​ណា​នៅពេល​រៀបចំ​កន្លែង​ធ្វើការ​ឱ្យ​មាន​សណ្តាប់​ធ្នាប់​។ តាមរយៈ​ការ​សម្អាត​ ជម្រុះ​ចោល​វត្ថុ​មិន​ចាំបាច់​ និង​រៀប​ការិយាល័យ​ក្នុង​របៀប​ផ្ទាល់ខ្លួន​ លោកអ្នក​បង្កើត​បរិស្ថាន​ស្វាគមន៍​ដើម្បី​ផ្តោត​ចិត្ត​ធ្វើការ​។ ការរៀបចំ​ឱ្យ​មាន​សណ្តាប់​ធ្នាប់​កាន់តែ​មាន​សារៈសំខាន់​ថែមទៀត​បើ​លោកអ្នក​ធ្វើការ​នៅផ្ទះ​ គឺ​ត្រូវ​បែងចែក​ឱ្យ​ដាច់​រវាង​ការងារ​ផ្ទះ​និង​ការងារ​វិជ្ជាជីវៈ​។

 

៥/ ត្រូវ​ចងចាំ​ថា​ចិត្ត​របស់​លោកអ្នក​ក៏​មាន​ព្រំដែន​ដែរ​

មនុស្សយើង​ទាំងអស់​ចង់បាន​រូបមន្ត​ឬវេទមន្ត​ដែល​ជួយ​មាន​ធនធាន​និង​ថាមពល​ផ្លូវចិត្ត​គ្មាន​ដែន​កំណត់​។ ប៉ុន្តែ​បច្ចេកវិទ្យា​បែបនេះ​មានតែ​ក្នុង​ខ្សែភាពយន្ត​ទេ​។ ដើម្បី​រក្សា​ប្រសិទ្ធភាព​និង​ផលិតភាព​ខ្ពស់​បំផុត​ក្នុង​កិច្ចការ​ទាំងអស់​ លោកអ្នក​ត្រូវ​កត់សម្គាល់​កិច្ចការ​ណា​ដែល​មាន​សម្ពាធ​អារម្មណ៍​ខ្ពស់​និង​ស៊ី​ថាមពល​ច្រើន​។ ភាគច្រើន​លោកអ្នក​មិន​អាច​ជៀសវាង​ការងារ​ទាំងអស់​នោះ​បានទេ​ ប៉ុន្តែ​លោកអ្នក​អាច​គ្រប់គ្រង​បាន​។ រៀបចំ​ធ្វើ​កិច្ចការ​លំបាក​បែបនេះ​មួយ​សប្តាហ៍​ម្តង​ ឬបើ​ចាំបាច់​ត្រូវ​កំណត់ពេល​សម្រាក​ខ្លី​ៗឱ្យ​បាន​ច្រើន​នៅពេល​ធ្វើ​កិច្ចការ​ទាំងនោះ​។ ការ​ធ្វើ​របៀប​នេះ​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ទម្ងន់​ការងារ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​លោកអ្នក​ក៏​នឹង​ទទួល​បាន​គំនិត​ច្បាស់លាស់​ កម្លាំងចិត្ត​ និង​ការ​តស៊ូ​ដើម្បី​ធ្វើការងារ​ទាំងនោះ​ទៀតផង​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Addicted2success​

មតិយោបល់