ជីវិត&អាជីវកម្ម | January 14, 2020 | 215

មូលហេតុ​ដែល​មនុស្ស​ភាគច្រើន​មិន​អាច​ទទួល​បាន​ជោគជ័យ​

ជោគជ័យ​មិនមែន​គ្រាន់តែ​ជា​ការ​មាន​លុយ​ច្រើន​ទេ​។ មនុស្សជា​ច្រើន​ដែល​មាន​លុយ​ច្រើន​ប៉ុន្តែ​បែរជា​រស់នៅ​ក្នុង​ស្ថានភាព​មិន​រីករាយ​និង​ខ្វះ​តុល្យភាព​ជីវិត​ទៅវិញ​។ ដូច្នេះ​ជោគជ័យ​គឺ​ការ​បន្ត​អភិវឌ្ឍ​ខ្លួន​ទៅតាម​របៀប​ដែល​ខ្លួនឯង​ចង់បាន​ របៀប​ដែល​អាច​បម្រើ​មនុស្សជាតិ​ និង​របៀប​ទាក់ទង​ជាមួយ​នឹង​អ្វី​ៗជុំវិញ​ខ្លួន​។

ដូច្នេះហើយ​ ហេតុអ្វីបានជា​មនុស្ស​ភាគច្រើន​មិន​អាច​ទទួល​បាន​ជោគជ័យ​? ហេតុអ្វីបានជា​មនុស្ស​ភាគច្រើន​មិនព្រម​អភិវឌ្ឍ​ខ្លួន​? បើ​លោកអ្នក​អភិវឌ្ឍ​ខ្លួន​បាន​កាន់តែ​ច្រើន​ លោកអ្នក​នឹង​ត្រូវ​ផ្តោត​ចិត្ត​កាន់តែ​ច្រើន​លើ​រឿង​មួយចំនួន​ដែល​សំខាន់​ចំពោះ​លោកអ្នក​។ លោកJim​ Rohn​ និយាយ​ថា​ មនុស្សជា​ច្រើន​មិន​អាច​ធ្វើការ​និង​រស់នៅ​បាន​ល្អ​ ដោយសារ​គេ​មាន​ជំនាញ​ខាង​ធ្វើ​កិច្ចការ​កំប៉ិកកំប៉ុក​។

 

ដើម្បី​ទទួល​បាន​ជោគជ័យ​ លោកអ្នក​មិន​អាច​បន្ត​ធ្វើជា​មនុស្ស​តូចតាច​ក្នុងរយៈពេល​យូរអង្វែង​បានទេ​។ លោកអ្នក​មិន​អាច​បន្ត​ទទួលទាន​តែ​អាហារ​បំផ្លាញ​សុខភាព​រហូត​បានទេ​ ទោះជា​លោកអ្នក​ឬមនុស្ស​ក្នុង​គ្រួសារ​លោកអ្នក​ចូលចិត្ត​អាហារ​ប្រភេទ​នោះ​ក៏ដោយ​។ ពេលវេលា​រាល់ថ្ងៃ​របស់​លោកអ្នក​ត្រូវតែ​ចំណាយ​លើស​កម្ម​ភាព​ដែល​មានគុណ​ភាព​ខ្ពស់​។

 

បើ​លោកអ្នក​ទទួល​បាន​ជោគជ័យ​កាន់តែ​ច្រើន​ ពោល​គឺ​រក្សា​បាន​ផ្នែក​សំខាន់​មួយចំនួន​ដូចជា​ហិរញ្ញវត្ថុ​ សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​ និង​ទំនាក់ទំនង​ល្អ​ ហើយ​ជម្រុះ​ចោល​រឿង​មិន​ចាំបាច់​ផ្សេងទៀត​ លោកអ្នក​នឹង​ជៀស​ផុត​ពី​គុណភាព​តូច​ទាប​ក្នុង​ជីវិត​។

 

ក្នុង​ពេល​ដែល​ទស្សនវិស័យ​របស់​លោកអ្នក​កាន់តែ​រីកចម្រើន​ លោកអ្នក​ដឹង​ថា​លោកអ្នក​ត្រូវ​កែតម្រូវ​ទម្លាប់​ខ្លះ​។ លោកអ្នក​នឹង​ត្រូវ​កាត់បន្ថយ​ការ​ចាយ​លុយ​និង​ពេលវេលា​លើ​ការកម្សាន្ត​មិន​ចាំបាច់​និង​សកម្មភាព​ដែល​មិន​នាំទៅរក​ផល​ចំណេញ​។ លោកអ្នក​នឹង​ត្រូវ​សន្សំសំចៃ​ឱ្យ​បាន​ច្រើន​ វិនិយោគ​ច្រើន​ និង​អប់រំ​ខ្លួនឯង​ដើម្បីអនាគត​។

 

នៅពេល​លោកអ្នក​ទទួល​បាន​ជោគជ័យ​កាន់តែ​ច្រើន​ លោកអ្នក​នឹង​មាន​សមត្ថភាព​ផ្តោត​លើ​កិច្ចការ​សំខាន់​កាន់តែ​ច្រើន​ដែរ​។ ហើយ​នៅពេល​លោកអ្នក​ធ្វើការ​សំខាន់​កាន់តែ​ទៀងទាត់​ ឥរិយាបថ​ប្រចាំថ្ងៃ​របស់​លោកអ្នក​ក៏​កាន់តែ​មានគុណ​ភាព​ខ្ពស់​ដូចគ្នា​។

 

ទោះជាយ៉ាងណា​ លោកអ្នក​ត្រូវ​ចងចាំ​ថា​អ្វី​ៗទាំងអស់​នេះ​មិនមែន​ជា​ការ​ប្រឹងប្រែង​ដើម្បី​ភាព​ឥត​ខ្ចោះ​ទេ​ ហើយក៏​មិនមែន​ជា​ការ​ធ្វើខ្លួន​ឱ្យ​រវល់​គ្រប់ពេល​ដែរ​។ តាមពិត​ទៅ​គឺ​ការបង្កើត​និង​រក្សា​តុល្យភាព​ជីវិត​។

 

គ្រប់​ផ្នែក​ទាំងអស់​នៃ​ជីវិត​របស់​លោកអ្នក​សុទ្ធតែ​មាន​ទំនាក់ទំនង​និង​ប៉ះពាល់​ដល់​ផ្នែក​ផ្សេងទៀត​។ នេះ​ជា​ការ​គិត​កម្រិតខ្ពស់​សម្រាប់​មនុស្ស​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​។ ដើម្បី​រស់នៅ​តាម​គោលការណ៍​នេះ​ពិតប្រាកដ​ ជីវិត​ប្រចាំថ្ងៃ​របស់​លោកអ្នក​ត្រូវតែ​ផ្តោត​លើ​គុណ​តម្លៃ​ខ្ពស់​។ នៅពេល​ដែល​សកម្មភាព​រាល់ថ្ងៃ​របស់​លោកអ្នក​ពោរពេញ​ដោយ​កិច្ចការ​សំខាន់​ដែល​មានប្រយោជន៍​និង​ខ្លឹមសារ​សម្រាប់​លោកអ្នក​ មានន័យថា​លោកអ្នក​កំពុងតែ​ដឹកនាំ​និង​គ្រប់គ្រង​ជីវិត​ដែល​លោកអ្នក​ចង់បាន​ហើយ​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ CNBC​

មតិយោបល់