ជីវិត&អាជីវកម្ម | January 14, 2020 | 204

ជំនាញ​សំខាន់​សម្រាប់​ជោគជ័យ​ក្នុង​ជីវិត​និង​អាជីព​រីកចម្រើន​

នៅក្នុង​ដំណាក់កាល​ណាមួយ​នៃ​ដំណើរ​អភិវឌ្ឍ​អាជីព​ លោកអ្នក​នឹង​យល់ថា​ការ​ប្រឹងប្រែង​ដើម្បី​ក្លាយជា​អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​តែ​ម្យ៉ាង​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ​។ លោកអ្នក​នឹង​ដើរ​ដល់​ផ្លូវបំបែក​ ជា​កន្លែង​ដែល​ការ​ប្រឹងប្រែង​ដើម្បី​គោលដៅ​អាជីព​តម្រូវ​ឱ្យ​លោកអ្នក​ប្រើប្រាស់​យុទ្ធ​សាស្រ្ត​ផ្សេង​មួយទៀត​។

ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​បច្ចេកទេស​គួរតែ​ស្ថិតនៅ​ក្នុង​អាទិភាព​របស់​លោកអ្នក​ជានិច្ច​ ប៉ុន្តែ​លោកអ្នក​នឹង​មើលឃើញ​ថា​ជោគជ័យ​កម្រិតខ្ពស់​នៅក្នុង​កន្លែង​ធ្វើការ​មិន​អាច​បន្ត​ទៅមុខ​បាន​ទៀត​ទេ​ បើ​លោកអ្នក​ខ្វះខាត​ជំនាញ​ទំនាក់ទំនង​និង​បង្កើត​សម្ព័ន្ធ​មិត្ត​ជាមួយ​មនុស្ស​ដែល​អាច​ជួយ​លោកអ្នក​ទៅដល់​កន្លែង​ដែល​លោកអ្នក​ចង់ទៅ​ ៖

 

១/ ជំនាញ​អន្ទងចិត្ត​និង​បង្កើត​ឥទ្ធិពល​

នៅពេល​លោកអ្នក​ចំណាយពេល​រៀន​ភាសា​របស់​មនុស្ស​ដែល​លោកអ្នក​ចង់បាន​ការ​គាំទ្រ​និង​ទំនុកចិត្ត​ ហើយ​អាច​ឆ្លើយតប​ទៅ​មនុស្ស​ទាំងនោះ​វិញ​យ៉ាង​ល្អ​ក្នុង​ភាសា​របស់​គេ​ មនុស្ស​ទាំងនោះ​នឹង​ស្តាប់​ហើយ​ឆ្លើយតប​មកវិញ​យ៉ាង​ពេញចិត្ត​។ គេ​នឹង​ចាប់ផ្តើម​ស្គាល់​ ចូលចិត្ត​ និង​ទុកចិត្ត​លើ​លោកអ្នក​។ បើ​អនុវត្ត​តាម​មេរៀន​ពី​ទស្សនវិទូ​ក្រិច​តែមួយ​ជ្រុង​ លោកអ្នក​នឹង​ទទួល​បានការ​រីកចម្រើន​ខ្លាំង​ជាក់ជា​មិនខាន​។ លោក​ផ្លា​តុង​ប្រើប្រាស់​ពាក្យ​បី​មាត់​ គឺ​Pathos​, ethos​ និង​logos​ ដើម្បី​សំដៅ​ដល់​ផ្នែក​ទាំង​បី​នេះ​ចិត្ត​របស់​យើង​ដែល​ត្រូវ​រៀន​របៀប​សម្គាល់​និង​និយាយ​នៅពេល​បង្កើត​ទំនាក់ទំនង​។ Pathos​គឺ​ការ​រៀន​យល់​អារម្មណ៍​អ្នកដទៃ​ ethosគឺ​ការ​ធ្វើ​ឱ្យ​គេ​ទុកចិត្ត​ និងlogos​គឺ​ការប្រើ​ប្រាស់​ហេតុផល​ដើម្បី​ពន្យល់​ការពិត​ដោយ​មិន​លម្អៀង​។

 

២/ អភិវឌ្ឍ​ឥរិយាបថ​ពាណិជ្ជកម្ម​

ការ​ប្រឹងប្រែង​ដើម្បី​បង្កើត​ទស្សនៈ​ពាណិជ្ជកម្ម​នឹង​ជួយ​លោកអ្នក​បាន​កាន់តែ​រហ័ស​នៅក្នុង​ផ្លូវ​ជោគជ័យ​ក្នុង​កន្លែង​ការងារ​។ វិនិយោគ​ក្នុង​កម្មវិធី​និង​ការអប់រំ​ណា​ដែល​ពង្រីក​ការ​គិត​របស់​លោកអ្នក​ឱ្យ​ហួសពី​តួនាទី​បច្ចុប្បន្ន​។ ពង្រីក​ការយល់​ដឹង​របស់​លោកអ្នក​លើ​ទិដ្ឋភាព​កាន់តែ​ទូលំទូលាយ​ក្នុង​ដំណើរការ​នៅ​ក្រុមហ៊ុន​ឬស្ថាប័ន​របស់​លោកអ្នក​។ នៅពេល​លោកអ្នក​បង្ហាញ​កម្រិតយល់ដឹង​ផ្នែក​សំ​ខាន់​ៗរបស់​ស្ថាប័ន​ ដូចជា​ហិរញ្ញវត្ថុ​ គោលនយោបាយ​ សង្គម​ បរិស្ថាន​ និង​សូម្បីតែ​រឿង​ផ្លូវចិត្ត​ លោកអ្នក​បង្ហាញ​ឱ្យ​ឃើញ​តម្លៃ​ខ្លួនឯង​កាន់តែ​ខ្ពស់​។ ថ្នាក់ដឹកនាំ​និង​មនុស្ស​ជុំវិញ​ខ្លួន​នឹង​ទទួលស្គាល់​លោកអ្នក​ថា​មានការ​គិត​ទូលំទូលាយ​និង​សមត្ថភាព​ដើម្បី​ធ្វើការ​និង​គ្រប់គ្រង​ទំនួល​ខុសត្រូវ​ក្នុង​កម្រិត​កាន់តែ​ខ្ពស់​ថែមទៀត​។

 

៣/ ត្រៀមខ្លួន​ដោះស្រាយ​បញ្ហា​ និង​បង្កើត​អ្វី​ដែល​ថ្មី​

លើ​ការងារ​ថ្មី​របស់​លោកអ្នក​មិន​តម្រូវ​ឱ្យ​លោកអ្នក​បង្ក​ព្យុះភ្លៀង​នៅក្នុង​ធនធានមនុស្ស​ទេ​ សូម​ចងចាំ​ថា​ទោះជា​លោកអ្នក​មានមុខ​តំណែង​ជា​អ្វីក៏ដោយ​ ការ​មកដល់​កន្លែង​និង​បរិស្ថាន​ថ្មី​ លោកអ្នក​ជា​មនុស្ស​ថ្មី​ដែរ​។ ការ​សម្លឹង​រកមើល​ផ្លូវ​ទទួល​បាន​ជោគជ័យ​ឆាប់​ទាំង​មិន​ស្គាល់​ភូមិ​សាស្រ្ត​ច្បាស់​មិនមែន​ជា​វិធី​ល្អ​ទេ​។ បើ​មាន​គម្រោង​អ្វីមួយ​ដែល​ជាប់​គាំង​ លោកអ្នក​ត្រូវ​សម្លឹង​រក​ឱកាស​ដើម្បី​ចូលរួម​ក្នុង​ការស្វែងរក​ដំណោះស្រាយ​ និង​បង្ហាញ​សមត្ថភាព​ជាក់ស្តែង​។ ការ​ស្ម​គ្រ​ចិត្ត​ធ្វើ​កិច្ចការ​លំបាក​នឹង​នាំ​ឱ្យ​លោកអ្នក​ទទួល​បានការ​ទុកចិត្ត​កាន់តែ​ច្រើន​ ប៉ុន្តែ​ក្នុង​ពេល​ជាមួយគ្នា​ បើ​កិច្ចការ​បាន​ទទួលជោគជ័យ​ លោកអ្នក​មិន​ត្រូវ​ទទួលយក​គុណសម្បត្តិ​ទាំងអស់​មក​ទុក​តែម្នាក់ឯង​ទេ​។

 

៤/ ធ្វើជា​មនុស្ស​ដែល​យល់ដឹង​ក្នុង​ការ​ឆ្លើយតប​សម្ពាធ​នៅកន្លែង​ធ្វើការ​

អង្គការសុខភាព​ពិភពលោក​បាន​ទទួលស្គាល់​ថា​សម្ពាធ​អារម្មណ៍​ជា​មូលហេតុ​ចម្បង​ក្នុងចំណោម​ពិការភាព​នៅ​ទូទាំង​ពិភពលោក​ ហើយ​ឧបទ្ទវហេតុ​នៃ​សុខភាព​ផ្លូវចិត្ត​ក្នុងចំណោម​សហគ្រិន​កំពុងតែ​កើនឡើង​យ៉ាង​ខ្ពស់​។ នៅពេល​លោកអ្នក​អាច​បង្ហាញ​ បង្រៀន​ និង​គាំទ្រ​មនុស្ស​ដែល​លោកអ្នក​ដឹកនាំ​ ឬធ្វើការ​ជាមួយ​ឱ្យ​ទទួល​បាន​ជោគជ័យ​ដោយ​មិនបាច់​បំផ្លាញ​ខ្លួនឯង​ លោកអ្នក​នឹង​ឆាប់​ទទួល​បានការ​យកចិត្ត​ទុកដាក់​ពី​មនុស្ស​ជុំវិញ​ខ្លួន​។

 

ការ​ធ្វើការ​ជិតស្និទ្ធ​ជាមួយនឹង​អ្នក​យល់ដឹង​បញ្ហា​ផ្លូវចិត្ត​នឹង​ជួយ​លោកអ្នក​ឱ្យ​ទទួល​បាន​សុខភាព​ផ្លូវចិត្ត​រឹងមាំ​និង​អារម្មណ៍​ស្វាហាប់​នៅចំពោះមុខ​សម្ពាធ​ការងារ​។ ពេល​មើលឃើញ​លោកអ្នក​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បែបនេះ​ អ្នកដទៃ​នឹង​ចង់​យក​គំរូ​តាម​ ហើយ​ក្នុង​ពេល​ដែល​លោកអ្នក​រីកចម្រើន​ មនុស្ស​ជុំវិញ​ខ្លួន​ក៏​រីកចម្រើន​ជាមួយគ្នា​ដែរ​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Entrepreneur​

មតិយោបល់