ជីវិត&អាជីវកម្ម | January 14, 2020 | 217

ក្រុមហ៊ុនMicrosoft​ពិសោធ​ធ្វើការ​តែ៤ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ ហើយ​ផលិតភាព​កើនឡើង៤០​%

ការ​ពិសោធ​មួយ​ដែលកាត់​បន្ថយ​ចំនួន​ថ្ងៃ​ធ្វើ​ក្នុង​មួយ​សប្តាហ៍​មួយ​នៅ​ត្រឹមតែ​បួន​ថ្ងៃ​បាន​នាំទៅរក​កំណើន​ផលិតភាព៤០​% ក្នុង​សាខា​របស់​ក្រុមហ៊ុន​Microsoft​ នៅ​ប្រទេស​ជប៉ុន​។ ដំណើរការ​សាកល្បង​នេះ​ជាផ្នែក​មួយ​នៃ​គម្រោង​ជម្រើស​ការងារ​និង​ជីវិត​របស់​ក្រុមហ៊ុន​Microsoft​ ដែល​ពិនិត្យមើល​តុល្យភាព​រវាង​ការងារ​និង​ជីវិត​ និង​មាន​គោលបំណង​ជួយ​បង្កើន​គំនិត​ច្នៃប្រឌិត​ និង​ផលិតភាព​តាមរយៈ​ការ​ផ្តល់​ម៉ោង​ពេលធ្វើការ​កាន់តែ​បត់បែន​សម្រាប់​បុគ្គលិក​។

ក្រុមហ៊ុនMicrosoft​ ក្នុង​ប្រទេស​ជប៉ុន​បាន​បិទទ្វារ​ការិយាល័យ​នៅ​ថ្ងៃសុក្រ​ ហើយ​ទទួល​បាន​ផលិតភាព​ការងារ​ខ្ពស់​លើស​ពេលធ្វើការ​ងារ៥ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​រហូតដល់៣៩.៩​%។ បុគ្គលិក​ធ្វើការពេញម៉ោង​ទទួល​បាន​ប្រាក់ខែ​ពេញ​ដូចធម្មតា​នៅក្នុង​ពេល​បិទទ្វារ​ថ្ងៃសុក្រ​នេះ​។ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​គេ​ក៏បាន​កាត់បន្ថយ​ពេលវេលា​ចំណាយ​ក្នុង​ការ​ជួប​ប្រជុំ​តាមរយៈ​ការកំណត់​ត្រឹមតែ៣០នាទី​ និង​ការ​លើកទឹកចិត្ត​ឱ្យ​ទាក់ទង​ពី​ចម្ងាយ​មកវិញ​។

 

ក្រុមហ៊ុន​Microsoft​ មិនមែន​ជា​ក្រុមហ៊ុន​ទីមួយ​ទេ​ក្នុង​ការ​បង្ហាញ​ផលិតភាព​ខ្ពស់​ពី​ការងារ​ត្រឹមតែ៤ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​បែបនេះ​។ លោក​ Andrew​ Barnes​ ស្ថាបនិក​ក្រុមហ៊ុន​ Perpetual​ Garden​ របស់​ប្រទេស​ណូវែល​ហ្សេ​ឡង់​ បាន​និយាយ​ថា​លោក​បាន​សាកល្បង​ស្រដៀងគ្នា​នេះ​និង​រក​ឃើញថា​ទាំង​បុគ្គលិក​និង​ក្រុមហ៊ុន​ទទួល​បានផល​ចំណេញ​ដូចគ្នា​។ ទីបំផុត​ក្រុមហ៊ុន​នេះ​ក៏​កំណត់​របៀប​ធ្វើការ​បួន​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​រហូត​មក​។

 

ការសិក្សា​ជាច្រើន​បាន​រក​ឃើញថា​ មាន​តម្រូវការ​កាន់តែ​ខ្ពស់​ក្នុង​ពេលវេលា​ធ្វើការ​តិច​ថ្ងៃ​។ ការសិក្សា​មួយ​ដែល​សម្ភាស​បុគ្គលិក​ជិត៣០០០នាក់​ក្នុង​ប្រទេស​ចំនួន៨ផ្សេងគ្នា​បាន​បញ្ជាក់​ថា​មនុស្ស​ភាគច្រើន​និយាយ​ថា​ពេលវេលា​ធ្វើដែល​គេ​ចង់បាន​បំផុត​គឺ​បួន​ថ្ងៃ​ឬតិច​ថ្ងៃជា​នេះ​ក្នុង​មួយ​សប្តាហ៍​។

 

មិនមែន​មានតែ​បុគ្គលិក​ទេ​ដែល​ទទួល​បាន​ប្រយោជន៍​ពី​កម្មវិធី​ពិសោធ​ធ្វើការ​បួន​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ ក្រុមហ៊ុនMicrosoft​បាន​រក​ឃើញថា​ការងារ​របៀប​នេះ​បាន​ជួយ​សន្សំ​អគ្គិសនី​ និង​ធនធាន​ការិយាល័យ​យ៉ាងច្រើន​។ ចំនួន​ក្រដាស​ដែល​ត្រូវ​ប្រើប្រាស់​ក៏​កាត់បន្ថយ​ចុះ​អស់៥៨.៧​% ចំណែក​ការប្រើ​ប្រាស់​អគ្គិសនី​វិញ​ថយ​ចុះ​អស់២៣.១​%។  ​

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Business​ Insider​

មតិយោបល់