ជីវិត&អាជីវកម្ម | December 09, 2019 | 298

សញ្ញា​បញ្ជាក់​ថា​លោកអ្នក​ជា​មនុស្ស​ត្រៀមខ្លួន​ធ្វើជា​CEO​

ប្រហែល​លោកអ្នក​ទើបតែ​ចាប់ផ្តើម​ធ្វើការ​ក្នុង​កម្រិតទាប​ទេ​ ឬក៏​ចាប់ផ្តើម​ក្នុង​កម្រិត​អ្នកដឹកនាំ​នៅ​ក្រុមហ៊ុន​ដែល​មានឈ្មោះ​ល្បី​ស្រាប់​។ ទោះជា​ស្ថិតនៅ​ក្នុង​ដំណាក់​ការ​ណា​នៃ​អាជីព​ក៏ដោយ​ បើ​លោកអ្នក​មាន​មហិច្ឆតា​និង​មាន​គោលដៅ​ លោកអ្នក​អាច​នឹង​មាន​សំណួរ​មួយ​ក្នុងចិត្ត​ ៖ តើ​ខ្ញុំ​នឹង​ក្លាយទៅជា​CEO​នៅ​ថ្ងៃណាមួយ​ទេ​?

ការ​ក្លាយទៅជាCEO​ តែងតែ​តម្រូវ​ឱ្យ​មានការ​ស្ថិតនៅ​ក្នុង​កន្លែងត្រូវ​ និង​ពេល​ត្រូវ​ ប៉ុន្តែ​ការ​បន្ថែម​លក្ខណ​សម្បត្តិ​មួយចំនួន​ទៀត​នឹង​បង្កើន​ឱកាស​ដែល​លោកអ្នក​អាច​ទទួល​បាន​មុខតំណែង​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ ឬក៏​CEO​តែម្តង​។ អ្នកជំនាញ​ខាង​ផ្តល់​ប្រឹក្សា​អាជីព​និង​ជា​ស្ថាន​បនិ​កក្រុមហ៊ុន​TJF​ Career​ Coaching​ លោកស្រី​ Tiffany​ Franklin​ បាន​ពន្យល់​លក្ខណៈ​មួយចំនួន​ដើម្បី​ត្រៀមខ្លួន​ធ្វើជា​CEO​ ៖

 

១/ មិន​ខ្លាច​ក្នុង​ការ​ប្រថុយ​

CEO​ ជា​មនុស្ស​ដែល​ទទួលខុសត្រូវ​ចំពោះ​ការសម្រេច​ចិត្ត​សំ​ខាន់​ៗអំពី​យុទ្ធ​សាស្រ្ត​និង​អនាគត​នៃ​ក្រុមហ៊ុន​ដែលគេ​ដឹកនាំ​។ ក្នុង​ពេល​ដែល​CEO​ ត្រូវតែ​រក្សា​ស្ថិរភាព​ក្នុង​ក្រុមហ៊ុន​ ពេលខ្លះ​គេ​ក៏​ត្រូវ​ហ៊ាន​ប្រថុយ​កែប្រែ​ដើម្បី​រីកចម្រើន​ដែរ​។ CEO​ ត្រូវ​មាន​សមត្ថភាព​ពិចារណា​កត្តា​ជាច្រើន​ទាំង​ក្នុង​និង​ក្រៅ​។ អ្នក​ប្រថុយ​ប្រកបដោយ​យុទ្ធ​សាស្រ្ត​មើលឃើញ​មេរៀន​ពីអ​តី​ត ប៉ុន្តែ​គេស​ម្លឹង​មើលទៅ​មុខ​ជានិច្ច​។

 

២/ ចេះ​ទំនាក់ទំនង​ល្អ​

ទំនាក់ទំនង​ជា​គ្រឹះ​មួយ​សម្រាប់​មេដឹកនាំ​។ ចំពោះ​CEO​ លោកអ្នក​ត្រូវ​ផ្តល់​កម្លាំងចិត្ត​មនុស្ស​ជុំវិញ​ខ្លួន​ ដើម្បី​អាច​លក់​ទស្សនវិស័យ​និង​បង្ហាញផ្លូវ​ដើរទៅ​រក​ការពិត​។ ក្នុង​ដំណើរ​នេះ​ លោកអ្នក​ត្រូវការ​បង្កើត​ជំនាញ​ទំនាក់ទំនង​។ ជំនាញ​ទំនាក់ទំនង​ក៏​ជាផ្នែក​មួយ​នៃ​ការ​ធ្វើ​ឱ្យ​បុគ្គលិក​ពេញចិត្ត​ក្នុង​ការ​មាន​លោកអ្នក​ធ្វើជា​មេដឹកនាំ​គេ​ដែរ​។

 

៣/ តែងតែ​ប្រជែង​នឹង​ខ្លួនឯង​

ការ​ធ្វើជា​CEO​ មិនមែន​អាច​កើតឡើង​ភ្លាម​នៅក្នុង​ឆ្នាំទី​មួយ​ទេ​ ហើយក៏​ប្រហែល​មិន​អាច​កើតឡើង​នៅក្នុង​ទសវត្ស​ទីមួយ​នៃ​អាជីព​ដែរ​។ មុខតំណែង​នេះ​បាន​មក​ដោយ​ការ​ប្រជែង​និង​ប្រឹងប្រែង​ច្រើន​ឆ្នាំ​ ហើយ​ត្រូវ​ផ្តោត​ខ្លាំង​លើ​ការ​អភិវឌ្ឍ​ខ្លួន​។ នៅក្នុង​អាជីព​មាន​បញ្ហា​ប្រឈម​ល្អ​ៗជាច្រើន​ដែល​លោកអ្នក​អាច​ប្រើប្រាស់​ដើម្បី​បង្កើន​ជំនាញ​នៃ​ភាពជា​អ្នកដឹកនាំ​ និង​ទទួល​បានការ​ឱ្យ​តម្លៃ​នៅក្នុងចំណោម​ថ្នាក់ដឹកនាំ​។ បន្ថែម​ពីលើ​ការ​ស្ម័គ្រចិត្ត​ធ្វើការ​ក្នុង​មុខតំណែង​ជា​អ្នកដឹកនាំ​ និង​រៀន​ជំនាញ​ចាំបាច់​ដូចជា​MBA​ អ្នកជំនាញ​ក៏​ណែនាំ​ឱ្យ​បង្កើត​ភាព​ស្និទ្ធស្នាល​នៅក្នុង​គ្រប់​លំដាប់ថ្នាក់​ក្នុង​ក្រុមហ៊ុន​ដែរ​។

 

៤/ ជា​មនុស្ស​មាន​ប្រាជ្ញា​អារម្មណ៍​ខ្ពស់​

ការ​មានត្រឹមតែ​មហិច្ឆតា​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ​ CEO​ ត្រូវ​មាន​ទាំង​ប្រាជ្ញា​អារម្មណ៍​ថែមទៀត​។ ភាគច្រើន​នៃ​ការងារ​របស់​CEO​គឺ​ត្រូវ​សម្រេចចិត្ត​និង​មាន​គោលដៅ​ច្បាស់លាស់​ ប៉ុន្តែ​គេ​ត្រូវ​គិតគូរ​វែងឆ្ងាយ​នៅពេល​សម្រេច​ចិ​ត្ត​ម្តង​ៗ។ សម្រាប់​ការសម្រេច​ចិត្ត​ដែល​គិតគូរ​បាន​ល្អិតល្អន់​ ក៏ដូចជា​ការបង្កើត​ទំនាក់ទំនង​រឹងមាំ​ប្រកបដោយ​ការ​ទុកចិត្ត​គ្នា​ ប្រាជ្ញា​អារម្មណ៍​ជា​គន្លឹះ​ដែល​មិន​អាច​ខ្វះ​បាន​។

 

៥/ ដឹង​របៀប​រាប់អាន​មនុស្ស​ត្រូវ​

ក្នុង​ពេល​ដែល​CEO​ តែងតែ​ជាមុ​ខមាត់​របស់​ក្រុមហ៊ុន​ទាំងមូល​ គេ​ក៏​ត្រូវ​មានការ​គាំទ្រ​ពី​ក្រុម​មនុស្ស​ដែល​ជួយ​គេ​ធ្វើការ​ឱ្យ​បាន​ប្រសិទ្ធភាព​បំផុត​ដែរ​។ ការ​មាន​សក្តា​នុ​ពល​ដើម្បី​ក្លាយជា​CEO​បាន​មានន័យថា​ជា​ការ​ស្គាល់​ខ្លួនឯង​ល្មម​ដឹង​ច្បាស់​ថា​ខ្លួនឯង​ពូកែ​ធ្វើ​កិច្ចការ​អ្វីខ្លះ​និង​ខ្សោយ​ខាង​កិច្ចការ​អ្វីខ្លះ​ ហើយ​បង្កើត​ក្រុមការងារ​ដែល​ជួយ​បំពេញ​កង្វះខាត​។ ក្រុមការងារ​ទាំងអស់​នឹង​មានឱកាស​បាន​ប្រកួតប្រជែង​គ្នា​និង​ជួយ​បំពេញ​ចន្លោះ​ខ្វះខាត​គ្នា​ទៅវិញទៅមក​។  ​

 

៦/ គិត​បាន​មុនគេ​

CEO​ដែល​ខ្លាំងពូកែ​ជា​មនុស្ស​ដែល​មាន​ទស្សនវិស័យ​សម្រាប់​ក្រុមហ៊ុន​ដែលគេ​ដឹកនាំ​។ គេ​មិនមែន​ត្រឹមតែ​ព្យាយាម​ដើម្បី​គិតរក​មើល​រប​ត់​ផ្សេង​ៗហើយ​ហក់លោត​ទៅតាម​របត់​ទាំងនោះ​ទេ​ ប៉ុន្តែ​គេ​ត្រូវតែ​ធ្វើខ្លួន​ជា​មេដឹកនាំ​គំនិត​ថែមទៀត​។ កត្តាចាំបាច់​មួយទៀត​សម្រាប់​ធ្វើជា​មេដឹកនាំ​គំនិត​គឺ​ត្រូវ​មាន​សមត្ថភាព​បកប្រែ​ទស្សនវិស័យ​ឱ្យទៅ​ជាសកម្ម​ភាព​ជាក់លាក់​ដែល​បុគ្គលិក​ទាំងអស់​នៅក្នុង​ក្រុមហ៊ុន​អាច​ចូលរួម​អនុវត្ត​បាន​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Entrepreneur​

មតិយោបល់