ជីវិត&អាជីវកម្ម | December 09, 2019 | 280

វិធី​សាស្រ្ត​ដែល​លោកអ្នក​អាច​សម្រេច​កិច្ចការ​ក្នុង​កម្រិតខ្ពស់​

ការ​ប្រឹងប្រែង​ ការ​ផ្តោត​ចិត្ត​ ការ​ប្តេជ្ញា​ចិត្ត​ ទាំងអស់​នេះ​ជា​ធាតុ​សំខាន់​ដែល​សហគ្រិន​គ្រប់គ្នា​ត្រូវ​មាន​សម្រាប់​ដំណើរ​យ៉ាង​លំបាកទៅ​រក​ជោគជ័យ​។ ទោះជាយ៉ាងណា​ លោកអ្នក​ត្រូវការ​ពេលវេលា​ច្រើន​ឆ្នាំ​ និង​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​និង​បរាជ័យ​រាប់មិនអស់​ទម្រាំ​បង្កើត​និង​សម្រិតសម្រាំង​បាន​។

ចុះបើ​មាន​មនុស្ស​មក​ប្រាប់​ថា​មាន​វិធី​ងាយស្រួល​ដើម្បី​បង្កើត​លក្ខណ​សម្បត្តិ​ទាំងអស់​នេះ​ និង​អ្វី​ៗទាំងអស់​ដែល​លោកអ្នក​ត្រូវការ​ដើម្បី​ឈាន​ទៅ​រក​កម្រិត​កាន់តែ​ខ្ពស់​ទៀត​? ដំណឹងល្អ​គឺ​លោកអ្នក​មាន​មធ្យោបាយ​ទាំងអស់​ដែល​ត្រូវការ​ ប៉ុន្តែ​ដំណើរ​អាក្រក់​គឺ​លោកអ្នក​ត្រូវ​ប្រុងប្រៀប​ ប្រឹងប្រែង​ និង​អត់ធ្មត់​ ៖

 

១/ មាន​រូបមន្ត​

លោកអ្នក​ត្រូវតែ​ប្រុងប្រៀប​ខ្លួន​ជានិច្ច​។ ជោគជ័យ​មិនកើត​ឡើង​ងាយ​ៗទេ​ ហើយក៏​មិន​នៅ​រង់ចាំ​ឱ្យ​លោកអ្នក​ចាប់​យក​ទៅតាម​ការ​នឹកឃើញ​ទេ​។ លោកអ្នក​ត្រូវ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​ទទួល​បាន​ជោគជ័យ​ មានន័យថា​លោកអ្នក​ត្រូវ​មានទម្លាប់​ល្អ​ និង​ត្រូវ​មាន​រូបមន្ត​ច្បាស់លាស់​ ពោល​គឺ​ផែនការ​។

លោកអ្នក​អាច​ហៅ​ផែនការ​នេះ​ថា​ជា​គ្រឿងផ្សំ​ផ្ទាល់ខ្លួន​ គឺ​បញ្ជី​ជំហាន​ដែល​ត្រូវ​ដើរ​រាល់ថ្ងៃ​ និង​កិច្ចការ​ដែល​លោកអ្នក​ត្រូវ​ធ្វើ​បើ​ស្ថានភាព​ផ្លាស់​ប្តូរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ លោកអ្នក​ត្រូវ​ដឹង​កិច្ចការ​លម្អិត​គ្រប់​ជំហាន​ដែល​ត្រូវ​ដើរ​ទៀតផង​។  ​

 

២/ បង្កើត​តម្លា​ប់​

នៅក្នុង​ពិភព​ពាណិជ្ជកម្ម​ មាន​ទាំង​ដើមទុន​ហិរញ្ញវត្ថុ​ និង​ដើមទុន​ផ្លូវចិត្ត​។ ដើមទុន​ផ្លូវចិត្ត​មានតម្លៃ​ណាស់​។ នៅពេល​លោកអ្នក​ខ្សោះ​អស់កម្លាំង​កាយ​ចិត្ត​ និង​ខ្ជះខ្ជាយ​ធនធាន​ផ្លូវចិត្ត​ លោកអ្នក​មិន​អាច​ទាញ​យក​មកវិញ​បានទេ​។ លោកអ្នក​បាន​ត្រឹមតែ​អង្គុយ​នៅ​ស្ងៀម​និង​មើល​ឱកាស​ដែល​កន្លង​ផុត​ទៅ​។

ដើម្បី​ទទួល​បានការ​ផ្តោត​ចិត្ត​ និង​ភាព​ស្វាហាប់​ឡើងវិញ​ លោកអ្នក​មិន​ត្រូវ​ខ្ជះខ្ជាយ​ដើមទុន​ផ្លូវចិត្ត​លើ​កិច្ចការ​ដែល​មិន​ចាំបាច់​ទេ​។ ហេតុដូច្នេះ​ហើយ​បាន​ជា​លោកអ្នក​ត្រូវ​បង្កើត​ទម្លាប់​។ ទម្លាប់​ជា​មធ្យោបាយ​ផ្តោត​ចិត្ត​តែ​លើ​កិច្ចការ​សំខាន់​ និង​ជម្រុះ​ការ​គិត​មិន​ចាំបាច់​ចេញពី​ចិត្ត​។

 

៣/ ប្រមូល​និង​វិភាគ​ទិន្នន័យ​

ដើម្បី​ទទួល​បាន​ជោគជ័យ​ លោកអ្នក​ត្រូវ​មាន​សមត្ថភាព​រក​ឱ្យ​ឃើញថា​លោកអ្នក​ពូកែ​ធ្វើអ្វី​ខ្លះ​ និង​បង្កើន​ចំណុចខ្លាំង​ដែល​មានស្រាប់​។ ទីបំផុត​ទៅ​ លោកអ្នក​ត្រូវតែ​ចេះ​អភិវឌ្ឍ​ខ្លួន​។ តើ​លោកអ្នក​អាច​ធ្វើ​បាន​ដោយ​របៀបណា​? លោកអ្នក​ត្រូវ​ប្រមូល​និង​វិភាគ​ទិន្នន័យ​ការងារ​របស់​ខ្លួនឯង​។  ​

ឧទាហរណ៍​ជាក់ស្តែង​ លោកអ្នក​ត្រូវ​សួរ​ខ្លួនឯង​ថា​តើ​លោកអ្នក​ទទួល​បាន​ជោគជ័យ​កម្រិត​ណា​នៅក្នុង​កិច្ចការ​អ្វីមួយ​? តើ​លោកអ្នក​បរាជ័យ​កម្រិត​ណា​? លោកអ្នក​ត្រូវតែ​ដឹង​តួលេខ​របស់​ខ្លួនឯង​។ ប្រមូល​ទិន្នន័យ​ទាំងអស់​ដែល​អាច​រកបាន​ រួច​ពិនិត្យមើល​ថា​លោកអ្នក​ធ្វើអ្វី​ខុស​ខ្លះ​ ហើយ​ត្រូវ​ដោះស្រាយ​ឬត្រូវ​ជម្រុះ​ចោល​។

 

៤/ ស្គាល់​បែបបទ​ផ្ទាល់ខ្លួន​

ក្នុងចំណោម​ប្រភេទ​នៃ​បែបបទ​ទាំងអស់​ដែល​លោកអ្នក​ត្រូវ​យកចិត្ត​ទុកដាក់​ក្នុង​ពិភព​ពាណិជ្ជកម្ម​ បែបបទ​សំខាន់​ជាងគេ​គឺ​បែបបទ​ផ្ទាល់ខ្លួន​។ នៅក្នុង​ការសម្រេច​ចិត្ត​ពាណិជ្ជកម្ម​ទាំងអស់​ សហគ្រិន​មិន​ត្រឹមតែ​វិនិយោគ​លុយកាក់​និង​ពេលវេលា​ដែល​ពិបាក​រកបាន​នោះ​ទេ​ សហគ្រិន​ក៏​វិនិយោគ​ទាំង​ក្នុង​ក្តី​សង្ឃឹម​និង​សុបិន​ថែមទៀត​។ នៅក្នុង​ការ​ធ្វើ​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ សហគ្រិន​នឹង​ត្រូវ​យកចិត្ត​ទូក​ដាក់​ចំពោះ​គ្រួសារ​ បង្កើត​ឥទ្ធិពល​ និង​បន្សល់ទុក​មរតក​ថែមទៀត​។

បន្ទុក​ទាំងអស់​នេះ​អាច​ធ្វើ​ឱ្យ​សហគ្រិន​ធ្ងន់​អារម្មណ៍​ពេលខ្លះ​ និង​បង្កើត​កំហុស​ ហើយ​អាច​នឹង​ធ្លាក់​ក្នុង​ទម្លាប់​បំផ្លាញ​ខ្លួន​ទៀតផង​។ សហគ្រិន​ត្រូវតែ​ទទួលស្គាល់​ និង​យល់​បែបផែន​របស់​ខ្លួនឯង​ តាមរយៈ​ការវិភាគ​ទិន្នន័យ​ ឬតាមរយៈ​ការវិភាគ​ស្ថានភាព​ចិត្ត​របស់​ខ្លួនឯង​។  ​

 

៥/ បង្កើត​ផ្នត់គំនិត​រឹងមាំ​

នៅក្នុង​ពាណិជ្ជកម្ម​ ក៏ដូចជា​ក្នុង​ជីវិត​ដែរ​ មានរឿង​ជាច្រើន​ដែល​យើង​មិន​អាច​គ្រប់គ្រង​បាន​លើ​លទ្ធផល​។ រឿង​តែមួយគត់​ដែល​សហគ្រិន​អាច​គ្រប់គ្រង​បាន​គឺ​ផ្នត់គំនិត​ ការ​ប្រឹងប្រែង​ មហិច្ឆតា​ និង​ការប្រុងប្រៀប​ខ្លួន​។ ប្រមូល​ក្បួន​ទាំងអស់​ដែល​លោកអ្នក​បាន​រៀន​មក​ពី​ចំណុច​ខាងលើ​ទាំងអស់​នេះ​ ហើយ​បង្កើត​ផ្នត់គំនិត​ដ៏​រឹងមាំ​មួយ​។

សម្រេចចិត្ត​ធ្វើ​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ ហើយ​ប្រុងប្រៀប​ខ្លួន​ជានិច្ច​ គោរព​គោលការណ៍​ និង​ប្រើប្រាស់​ដើមទុន​ផ្លូវចិត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ ហើយ​ស្គាល់​បែបផែន​ផ្ទាល់ខ្លួន​។ លោកអ្នក​ជា​អ្នក​ជ្រើសរើស​ជោគវាសនា​របស់​ខ្លួនឯង​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Addicted2success​

មតិយោបល់