បច្ចេកវិទ្យា | December 09, 2019 | 158

Ericssonចំណាយដោះស្រាយបញ្ហាស៊ើបអង្កេតអំពើពុករលួយអស់ប្រមាណជា១ពាន់លានដុល្លារអាមេរិក

ក្រុមហ៊ុនទូរគមនាគមន៍ចល័តប្រទេសស៊ុយអ៊ែត Ericsson (ERICb.ST) បានឯកភាពដើម្បីសងថ្លែការដោះស្រាយទៅលើករណីស៊ើបអង្កេតរឿងអំពើពុករលួយមានទំហំទឹកប្រាក់ប្រមាណជា១ពាន់លានដុល្លារអាមេរិក ក្នុងនោះរាប់បញ្ចូលទំាងការទទួលសំណូករបស់ក្រុមមន្រ្តីរដ្ឋាភិបាលជាដើម នេះបើយោងតាមក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានលើកឡើងកាលពីថ្ងៃអាទិត្យ។

 

 

នៅក្នុងរបាយការណ៍ដដែលនោះបានលើកឡើងទៀតថា ការទទួលសំណូកបានកើតមានឡើងអស់រយៈពេលជាច្រើនឆ្នំាកន្លងមកហើយនៅក្នុងបណ្តាប្រទេសមួយចំនួនរាប់បញ្ចូលទំាងប្រទេសចិន វៀតណាម និងប្រទេសឌីជីប៉ូទី។ បទចោទប្រកាន់ជារួមរាប់បញ្ចូលទំាងការពិន័យមានទំហំទឹកប្រាក់ច្រើនជាង៥២០លានដុល្លារអាមេរិក បូកជាមួយនឹងប្រាក់ត្រូវចំណាយលើគណៈកម្មការមូលបត្រ័អាមេរិកប្រមាណជា៥៤០លានដុល្លារអាមេរិកផងដែរ។

 

 

ក្រសួងយុត្តិធម៌អាមេរិកបានរកឃើញថា ក្រុមហ៊ុន Ericsson (ERICb.ST) បានសារភាពថាខ្លួនបានរួមគំនិតជាមួយនឹងស្ថាប័នដទៃរំលោភបំពានច្បាប់ពុករលួយបរទេសឬហៅកាត់ថា (FCPA) នៅចន្លោះឆ្នំា២០០០ដល់ឆ្នំា២០១៦ដោយភ្ជាប់ទៅនឹងគម្រោងមិនស្មោះត្រង់ចំណាយទៅលើសំណូក និងបញ្ចេញគណនីក្លែងក្លាយមិនមានទឡ្ហីករណ៍ជាក់លាក់។

 

អគ្គនាយកក្រុមហ៊ុន Ericsson ឈ្មោះ Borje Ekholm បានរៀបរាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា បុគ្គលិកនៅក្នុងវិស័យទីផ្សារមួយចំនួនធំជានាយប្រតិបត្តិករបានប្រព្រឹត្តិមិនល្អធ្វើឱ្យបាត់បង់ជំនឿដែលមិនអាចត្រួតត្រាបានប្រកបដោយប្រសិទ្ធផល។

 

 

កំហុសជាច្រើននោះបាននំាឱ្យមានការបន្ថែមទៅលើការដាក់ទណ្ឌកម្ម រួមទំាងការព្យួរអាជ្ញាប័ណ្ណ ស្របពេលដែលក្រុមហ៊ុនព្យាយាមចរចាដើម្បីបន្ធូបន្ថយក្នុងការធានាថាតើគេអាចបន្តប្រតិបត្តិការលើកិច្ចការជំនួញទៀតដែរឬទេ?។

 

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Ericsson បាននិយាយថាខ្លួននឹងត្រួតពិនិត្យទៅលើកម្មវិធីប្រឆំាងនឹងអំពើពុករលួយរបស់ខ្លួន ហើយព្យាយាមចាត់វិធានការណ៍ដើម្បីធ្វើឱ្យប្រសើរឡើងនូវក្រមសីលធម៌ និងអភិសមាចារជាដើម៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Reuters

 

មតិយោបល់