ជីវិត&អាជីវកម្ម | December 08, 2019 | 299

មេរៀន​ដែល​ទទួល​បាន​ពី​ការគ្រប់គ្រង​ពាណិជ្ជកម្ម​ដោយខ្លួនឯង​

ពេល​នៅ​រៀន​ អ្វី​ៗទាំងអស់​ហាក់ដូចជា​សំខាន់​ខ្លាំង​ណាស់​។ និស្សិត​ភាគច្រើន​ប្រឹងប្រែង​ដើម្បី​ទទួ​លបានសញ្ញ​បត្រ​ និង​រំពឹង​ចង់​ប្រឡូក​ក្នុង​ពិភព​ពិតប្រាកដ​ដើម្បី​ស្វែងរក​ជោគជ័យ​ សុភមង្គល​ និង​សេរីភាព​ហិរញ្ញវត្ថុ​។ ប៉ុន្តែ​នៅពេល​រៀនចប់​ហើយ​ និង​ចូល​ធ្វើការ​ យើង​ដឹង​ថា​អ្វី​ៗទាំងអស់​មិនមែន​សុទ្ធតែ​ដូច​ការ​ចង់បាន​របស់​យើង​ទេ​។ ទោះជាយ៉ាងណា​ បើ​លោកអ្នក​បើក​ពាណិជ្ជកម្ម​ដោយខ្លួនឯង​ លោកអ្នក​នឹង​ទទួល​បាន​មេរៀន​ទាំងនេះ​ ៖

 

១/ ដំណើរ​ជីវិត​មានការ​បត់បែន​និង​ប្រែប្រួល​គ្រប់ពេល​

យើង​តែងតែ​គិតថា​នៅពេល​រៀនចប់​ ឬពេល​ចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន​ដោយខ្លួនឯង​និង​រកលុយ​ដោយ​ការងារ​ដែល​យើង​ស្រឡាញ់​ យើង​នឹង​លែង​មាន​បញ្ហា​អ្វី​ទាំងអស់​។ យើង​មើល​អ្នកដទៃ​ឃើញ​ហាក់ដូចជា​គេ​បាន​រៀបចំ​គិត​ផែនការ​ទាំងអស់​ទុកជាមុន​ និង​ចាត់ទុកថា​គេ​ជា​មនុ​សស្ស​ជោគជ័យ​។ ប៉ុន្តែ​ការពិត​ មនុស្ស​ទាំងអស់​សុទ្ធតែ​កំពុង​រៀបចំខ្លួន​ជានិច្ច​ទៅជា​នៅក្នុង​វ័យ២០ឆ្នាំ​ ៣០ឆ្នាំ​ ឬ៥០ឆ្នាំ​ក៏ដោយ​។ ជីវិត​នេះ​ជា​ដំណើរ​វិវត្តន៍​នៃ​ការ​ផ្លាស់​ប្តូរ​ លោកអ្នក​អាច​កែប្រែ​ខ្លួន​ជាថ្មី​ និង​ផ្លាស់​ប្តូរ​ចិត្ត​គ្រប់ពេល​។

 

២/ ពេល​កាន់តែ​ចាស់​ អ្នក​កាន់តែ​លំបាក​កែ​ទម្លាប់​

ពេល​នៅក្មេង​ យើង​គ្មាន​បញ្ហា​អ្វី​នឹង​ទម្លាប់​នោះ​ទេ​ ហើយ​អាច​ផ្លាស់​ប្តូរ​យ៉ាង​រហ័ស​នៅពេល​យើង​ចង់​។ ពេល​ចាស់​បន្តិច​ ខួរក្បាល​របស់​យើង​ហាក់ដូចជា​រឹង​ពិបាក​កែប្រែ​ទម្លាប់​អាក្រក់​មួយចំនួន​ចេញ​ណាស់​។ ប៉ុន្តែ​លោកអ្នក​ត្រូវ​មាន​ភាព​ស្មោះត្រង់​ចំពោះ​ខ្លូន​ឯង​។ បើ​មានទម្លាប់​អ្វីមួយ​ដែល​លោកអ្នក​ចង់​ផ្លាស់​ប្តូរ​ ទោះជា​ក្នុង​វ័យ​ណាក៏ដោយ​ ក៏​មិនយឺត​ពេក​ទេ​។ តាមរយៈ​ការ​អត់ធ្មត់​ជាមួយនឹង​ខ្លួនឯង​ លោកអ្នក​អាច​កែប្រែ​ទម្លាប់​និង​បង្កើត​អ្វី​ៗថ្មី​បាន​ជានិច្ច​។

 

៣/ ស្ពាន​ដែល​ដុត​នៅជា​មួយ​លោកអ្នក​ពេញ​មួយ​ជីវិត​

នៅពេល​ធ្វើការ​ឱ្យ​ខ្លួនឯង​ លោកអ្នក​ដឹង​ថា​ទំនាក់ទំនង​ទាំងអស់​មាន​សារៈសំខាន់​យ៉ាងណា​។ ស្ពាន​ដែល​ដុត​ចោល​នឹង​នៅជា​មួយ​លោកអ្នក​ជានិច្ច​ ហើយ​លោកអ្នក​នឹង​យល់ថា​ការ​អត់ឱន​ជា​ឧបករណ៍​សំខាន់​បំផុត​សម្រាប់​ជោគជ័យ​។ តើ​ថ្ងៃនេះ​លោកអ្នក​អាច​ផ្តល់​អភ័យទោស​ឱ្យ​នរណា​?

 

៤/ ជំនឿ​របស់​លោកអ្នក​មិន​សំខាន់​ដូច​ឥរិយាបថ​ទេ​

ជំនឿ​និង​គុណធម៌​របស់​លោកអ្នក​មាន​សារៈសំខាន់​ចំពោះ​លោកអ្នក​ ប៉ុន្តែ​របៀប​ដែល​លោកអ្នក​និយាយ​និង​ធ្វើសកម្មភាព​ជាមួយ​អ្នកដទៃ​អំពី​ជំនឿ​នោះ​មាន​សារៈសំខាន់​ជាង​ជំនឿ​ទៅទៀត​។ គោរព​អ្នកដទៃ​និង​មានចិត្តល្អ​ចំពោះ​គេ​ បើ​ទោះជា​គេ​មាន​ទស្សនៈ​ផ្សេង​ពី​លោកអ្នក​យ៉ាងណាក៏ដោយ​។ គំនិត​ផ្ទុយគ្នា​អាច​នាំ​ឱ្យ​មានការ​ឆ្លុះបញ្ចាំង​ការពិត​ឃើញ​កាន់តែ​ច្បាស់​។

 

៥/ ពេល​ជឿ​លើ​ខ្លួនឯង​កាន់តែ​ច្រើន​ លោកអ្នក​ត្រូវការ​មនុស្ស​កាន់តែ​តិច​ឱ្យ​ជឿ​

លោកអ្នក​មិន​ចាំបាច់​ត្រូវ​ពឹងផ្អែក​លើ​អ្នកដទៃ​ដើម្បី​ជួយ​គាំទ្រ​ទេ​។ នៅពេល​លោកអ្នក​មាន​សុបិន​ ឬគោលដៅ​ រឿង​សំខាន់​បំផុត​គឺ​លោកអ្នក​ត្រូវ​ជឿជាក់​លើ​ខ្លួនឯង​។ មនុស្សដទៃ​នឹង​ប្រាប់​លោកអ្នក​ថា​មិន​អាច​ធ្វើ​បានទេ​ ប៉ុន្តែ​នៅពេល​លោកអ្នក​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​សុបិន​ក្នុងចិត្ត​ លោកអ្នក​នឹង​ក្លាយជា​មនុស្ស​ដែល​គ្មាន​នរណា​ឃាត់​ឈ្នះ​។

 

៦/ អ្វី​ៗស្ទើរគ្រប់​យ៉ាង​សុទ្ធតែ​សាមញ្ញ​ ប៉ុន្តែ​មិន​ងាយស្រួល​

នៅពេល​លោកអ្នក​ចាប់ផ្តើម​បង្កើត​ពាណិជ្ជកម្ម​ដោយខ្លួនឯង​ លោកអ្នក​ចាប់ផ្តើម​ដឹង​ថា​កិច្ចការ​ស្ទើរតែ​គ្រប់យ៉ាង​មាន​លក្ខណៈ​សាមញ្ញ​។ លោកអ្នក​ដឹង​ថា​លោកអ្នក​មិន​ចាំបាច់​ត្រូវ​ប្រឹងប្រែង​ធ្វើ​កា​ពេក​ ឬបារម្ភ​ខ្លាំងពេក​ទេ​។ ទោះជាយ៉ាងណា​ ទម្រាំដល់​បាន​បែបនេះ​ និង​ទទួលស្គាល់​ការពិត​មួយ​នេះ​ មិនមែន​ជា​រឿង​ងាយស្រួល​ទេ​។  ​

 

៧/ អ្វី​ៗទាំងអស់​ច្រើនតែ​កើតឡើង​ក្នុង​របៀប​ជាក់លាក់​

នៅពេល​លោកអ្នក​ទម្លាប់ខ្លួន​នឹង​របៀបរបប​នៃ​ការគ្រប់គ្រង​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ហើយ​ លោកអ្នក​នឹង​ដឹង​ថា​លោកអ្នក​តែងតែ​ផ្លាស់​ប្តូរ​ និង​រីកចម្រើន​ជានិច្ច​។ មនុស្សយើង​ភាគច្រើន​តែងតែ​ផ្តោត​គិត​លើ​រឿង​ដែល​ហួសពី​ការគ្រប់គ្រង​របស់​យើង​។ នៅពេល​មានបទពិសោធន៍​ជីវិត​កាន់តែ​ច្រើន​ លោកអ្នក​នឹង​ដឹង​ថា​រឿង​ដែល​លោកអ្នក​តែងតែ​បារម្ភ​នោះ​នឹង​រលាយ​បាត់​ទៅ​ដោយខ្លួនឯង​។ នៅក្នុង​ជីវិត​ រឿងរ៉ាវ​ទាំងអស់​កើតឡើង​ទៅតាម​របៀប​និង​ហេតុផល​របស់​វា​ ដូច្នេះ​លោកអ្នក​មិន​ចាំបាច់​ត្រូវ​បារម្ភ​ខ្លាំងពេក​ទេ​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Entrepreneur​

មតិយោបល់