ជីវិត&អាជីវកម្ម | December 08, 2019 | 275

ជំហាន​អនុវត្ត​សម្រាប់​ចាប់ផ្តើម​ពាណិជ្ជកម្ម​ជោគជ័យ​ក្នុង​វ័យ២០ឆ្នាំ​

វ័យ២០ឆ្នាំ​របស់​លោកអ្នក​ជា​ពេល​រំជើបរំជួល​ណាស់​ក្នុង​ជីវិត​។ ក្នុង​ពេល​ដែល​មិត្តភក្តិ​នាំគ្នា​រីករាយ​នឹង​ពេលទំនេរ​ លោកអ្នក​អាច​ប្រើប្រាស់​ពេលនោះ​ដើម្បី​បង្កើត​ពាណិជ្ជកម្ម​ដោយខ្លួនឯង​ និង​រៀបចំ​គ្រឹះ​សម្រាប់​ជោគជ័យ​ក្នុង​អនាគត​។

មនុស្ស​ដែល​កើត​នៅក្នុង​សម័យ​ក្រោយ​ៗនេះ​មានឱកាស​ច្រើនណាស់​ដើម្បី​ចាប់ផ្តើម​ធ្វើ​កិច្ចការ​អស្ចារ្យ​សម្រាប់​ខ្លួនឯង​។ ក្នុង​ពេល​ដែល​មនុស្ស​ជំនាន់​មុន​ត្រូវ​ប្រឹងប្រែង​ធ្វើការ​យ៉ាង​លំបាក​ដើម្បី​ឡើង​មុខតំណែង​នៅក្នុង​ក្រុមហ៊ុន​ សព្វថ្ងៃ​នេះ​លោកអ្នក​មានផ្លូវ​រហ័ស​និង​ងាយស្រួល​ដើម្បី​ដើរ​។ ដោយសារ​យើង​ធំ​ដឹងក្តី​ឡើងជា​មួយ​នឹង​បច្ចេកវិទ្យា​ យើង​មាន​អត្ថ​ប្រយោជន៍​នៃ​ការប្រកួត​ប្រជែង​ដើម្បី​បង្កើត​កេរ្តិ៍ឈ្មោះ​ដោយ​ពឹងផ្អែក​លើ​បច្ចេកវិទ្យា​និង​ទី​ផ្សា​រអ៊ី​នថឺ​ណិ​ត។

 

ទោះបី​លោកអ្នក​ចង់​បង្កើត​បណ្តាញ​សង្គមថ្មី​មួយ​ ចង់​បង្កើត​ទីភ្នាក់ងារ​ធ្វើ​ទីផ្សារ​ដោយខ្លួនឯង​ ឬចង់​ក្លាយជា​មនុស្ស​ល្បីឈ្មោះ​នៅ​លើ​បណ្តាញ​សង្គម​ដែល​មានស្រាប់​ ក៏​ដល់ពេល​ដែល​ត្រូវ​ឈប់​សម្លឹង​មើល​ជីវិត​អ្នកដទៃ​ហើយ​ និង​ចាប់ផ្តើម​ផ្លូវ​ដើរ​មួយ​ដោយខ្លួនឯង​តាម​ជំហាន​ទាំងនេះ​ ៖

 

១/ ចាប់ផ្តើម​ការងារ​បន្ទាប់បន្សំ​

មនុស្ស​ភាគច្រើន​មើលស្រាល​របៀប​ដែលគេ​ចំណាយពេល​វេលា​នៅ​ក្រៅពី​ការងារ​។ បើ​លោកអ្នក​ធ្វើការងារ​ដែល​ខ្លួនឯង​មិន​ចូលចិត្ត​ ហើយ​ចង់​ធ្វើជា​ចៅហ្វាយនាយ​ដោយខ្លួនឯង​ លោកអ្នក​ត្រូវ​ឈប់​រអ៊ូរទាំ​អំពី​រឿង​លំបាក​នៃ​ការងារ​បច្ចុប្បន្ន​នេះ​ ហើយ​ចាប់ផ្តើម​ធ្វើសកម្មភាព​ជំនួស​វិញ​។ បង្កើត​ការងារ​បន្ទាប់បន្សំ​មួយ​និង​ចំណាយពេល​ទំនេរ​ផ្តោត​លើ​ពាណិជ្ជកម្ម​ថ្មី​ផ្ទាល់ខ្លួន​របស់​លោកអ្នក​។ កិច្ចការ​ទាំងអស់​សុទ្ធតែ​អាច​ធ្វើ​បាន​នៅពេល​កំពុងតែ​ធ្វើការ​ឱ្យ​គេ​ ហើយ​អ្វី​ដែល​ល្អ​បំផុត​នោះ​គឺ​លោកអ្នក​មាន​ចំណូល​ទៀងទាត់​សម្រាប់​ការ​ចំណាយ​ទាំងអស់​។

 

២/ ឈប់​ខ្ជះខ្ជាយ​ពេលវេលា​

បើ​លោកអ្នក​ពិតជា​មាន​មហិច្ឆតា​ពិតប្រាកដ​ចំពោះ​សហគ្រិនភាព​នោះ​ លោកអ្នក​នឹង​ឆាប់​យល់ថា​ពេលវេលា​ចុង​សប្តាហ៍​ពិតជា​មានតម្លៃ​បំផុត​សម្រាប់​ធ្វើការ​។ លោកអ្នក​អាច​ចំណាយពេល២០ម៉ោង​នៅ​រៀងរាល់​ចុង​សប្តាហ៍​ដើម្បី​ពង្រីក​កេរ្តិ៍ឈ្មោះ​។ ប៉ុន្តែ​រឿង​ទាំងអស់​នេះ​នឹង​មិនកើត​ឡើង​ទេ​បើ​លោកអ្នក​គិតតែ​រឿង​សប្បាយ​។ ការខាតបង់​ដំបូង​បំផុត​នៃ​សកម្ម​ភា​ពស​ប្បា​យៗ​គឺ​លោកអ្នក​ត្រូវ​ចាយ​លុយ​អស់​ ហើយ​ការខាតបង់​បន្ទាប់​ទៀត​គឺ​លោកអ្នក​មិន​អាច​ធ្វើការ​បាន​ល្អ​ទេ​ក្រោយពេល​មាន​អារម្មណ៍​ធីងធោង​។ ចាប់ផ្តើម​កំណត់​នាឡិការោទ៍​មុន​ពេលថ្ងៃ​រះ​នៅពេល​ចុង​សប្តាហ៍​។ ប្រុងប្រៀប​ខ្លួន​ជាស្រេច​ដើម្បី​ដើម្បី​ធ្វើការ​។  ​

 

៣/ ឆាប់​ក្រោកពីដំណេក​

លោក​ Thomas​ Jefferson​ ធ្លាប់​និយាយ​ថា​ ព្រះអាទិត្យ​ក្រោក​មិនដែល​ទាន់​ខ្ញុំ​ទេ​ក្នុងរយៈពេល៥០ឆ្នាំ​មកនេះ​។ CEOរបស់​ក្រុមហ៊ុនApple​ លោក​Tim​ Cook​ ល្បីឈ្មោះ​ថា​ជា​មនុស្ស​ឆាប់​ក្រោក​ពី​ព្រឹក​និង​ផ្ញើ​អ៊ី​ម៉ែ​លចេញពី​ក្រុមហ៊ុន​នៅ​ម៉ោង៤កន្លះ​ព្រឹក​។ ចំណែក​CEO​វ័យក្មេង​បំផុត​របស់​ក្រុម​NBA​ លោក​ Brett​ Yormark​ ក្រោក​នៅ​ម៉ោង៣កន្លះ​ព្រឹក​ដើម្បី​ទៅដល់​ការិយាល័យ​នៅ​ម៉ោង៤កន្លះ​។ ពេល​ធ្វើ​ពាណិជ្ជកម្ម​ មនុស្ស​ដែល​ឆាប់​ក្រោក​ពី​ព្រឹក​មានឱកាស​ច្រើន​ គឺ​លោកអ្នក​មាន​ពេល​ប្រយុទ្ធ​ច្រើនជាង​ការពារ​ ហើយ​អាច​ដឹកនាំ​ក្រុមហ៊ុន​ឱ្យ​រីកចម្រើន​ខ្លាំង​។

 

៤/ បង្កើត​កេរ្តិ៍ឈ្មោះ​ដោយខ្លួនឯង​

គួរ​ឱ្យ​ស្តាយ​ណាស់​ដែល​មនុស្ស​សព្វថ្ងៃ​នេះ​នាំគ្នា​ចំណាយពេល​ច្រើន​លើ​បណ្តាញ​សង្គម​ដើម្បី​ផ្សព្វផ្សាយ​ខ្លួន​ ប៉ុន្តែ​បែរជា​មិន​មាន​គេហទំព័រ​មួយ​ដើម្បី​ផ្តល់​ព័ត៌មាន​ផ្លូវការ​បន្ថែម​ឱ្យ​មនុស្ស​បាន​ទាក់ទង​មក​។ មាន​គេហទំព័រ​ជាច្រើន​ដែល​ដែល​មាន​ទាំង​តម្លៃថោក​និង​មិន​ចាំបាច់​បង់ថ្លៃ​ក្នុង​ការបង្កើត​។ លោកអ្នក​គួរតែ​ធ្វើ​យ៉ាងណា​ឱ្យ​មនុស្ស​ដែល​ជួប​ប្រជុំ​ជាមួយនឹង​លោកអ្នក​កោតសរសើរ​ចំពោះ​វិជ្ជាជីវៈ​នៃ​ការរៀបចំ​រចនា​គេហទំព័រ​របស់​លោកអ្នក​។

 

 

៥/ ហ៊ាន​និយាយប្រាប់​គេឯង​

នៅពេល​លោកអ្នក​ជា​សហគ្រិន​ លោកអ្នក​រស់នៅ​លើ​កោះ​ឯកោ​។ គ្មាន​នរណា​ម្នាក់​ដឹង​ថា​លោកអ្នក​ប្រឹង​ប្រែ​ធ្វើការ​កម្រិត​ណា​ទេ​រាល់ថ្ងៃ​។ មិត្តភក្តិ​របស់​លោកអ្នក​ដែល​ធ្វើការ​ឱ្យ​គេ​ពី​ព្រឹក​ដល់​ល្ងាច​នឹង​មិន​យល់​របៀប​ធ្វើ​ពាណិជ្ជកម្ម​របស់​លោកអ្នក​ទេ​។ ដោយសារ​សហគ្រិនភាព​អាច​ជា​ដំណើរ​ឯកោ​ លោកអ្នក​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​មនុស្សម្នាក់​ចាំ​ស្តាប់​រឿងរ៉ាវ​ចេញពី​ក្នុងចិត្ត​។ ទោះជា​មនុស្ស​នោះ​ជា​នរណា​ក៏ដោយ​ ឱ្យ​តែ​លោកអ្នក​ទុកចិត្ត​គេ​។

 

៦/ មានការ​អត់ធ្មត់​

បញ្ហា​ធំ​មួយ​នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា​ដែល​យើង​កំពុងតែ​រស់នៅ​នេះ​គឺ​មនុស្សយើង​រស់នៅ​ជាមួយនឹង​មនុស្ស​ដែល​មិនសូវ​ចេះ​អត់ធ្មត់​។ មនុស្ស​ភាគច្រើន​រំពឹង​ចង់បាន​លទ្ធ​ផលភ្លាមៗ​។ លោកBill​ Gates​ ធ្លាប់​និយាយ​ថា​ «មនុស្ស​ភាគច្រើន​ឱ្យ​តម្លៃ​ខ្ពស់​ពេក​លើ​កិច្ចការ​ដែលគេ​អាច​ធ្វើ​បាន​ក្នុង​ពេល​មួយឆ្នាំ​ ហើយ​មើលស្រាល​កិច្ចការ​ដែលគេ​អាច​ធ្វើ​បាន​ក្នុង​ពេល១០ឆ្នាំ​។» ដើម្បី​បង្កើត​ពាណិជ្ជកម្ម​រឹងមាំ​មួយ​ លោកអ្នក​ត្រូវ​មានការ​អត់ធ្មត់​យូរអង្វែង​។ កុំ​គិតថា​លោកអ្នក​ចង់ទៅ​ដល់កន្លែង​ណា​នៅក្នុង​រយៈពេល​មួយឆ្នាំ​ ប៉ុន្តែ​ត្រូវ​គិតដល់​គោលដៅ១០ឆ្នាំខាងមុខ​ និង​របៀប​ដែល​លោកអ្នក​ត្រូវ​ធ្វើការ​ដើម្បី​សម្រេច​គោលដៅ​នោះ​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Entrepreneur​

មតិយោបល់