បច្ចេកវិទ្យា | December 07, 2019 | 264

កុំ​បណ្តោយ​ឱ្យ​ភាព​ឯកោ​បំផ្លាញ​សហគ្រិនភាព​

ការ​សិក្សា​ថ្មី​ៗបង្ហាញថា​អារម្មណ៍​ឯកោ​មាន​ឥទ្ធិពល​អាក្រក់​ណាស់​ចំពោះ​សុខភាព​។ នេះ​ជា​រឿង​សំខាន់​ដែល​សហគ្រិន​ត្រូវតែ​ដោះស្រាយ​ ពីព្រោះ​នៅកន្លែង​កាន់តែ​ខ្ពស់​ អារម្មណ៍​ឯកោ​ងាយ​នឹង​កើតឡើង​ណាស់​។

យើង​ទាំងអស់គ្នា​ដឹង​ថា​សម្ពាធ​អារម្មណ៍​និង​ភាព​តានតឹង​តែងតែ​ដើរ​ទន្ទឹមគ្នា​នឹង​សហគ្រិនភាព​ ដោយសារ​សហគ្រិន​ជា​មនុស្ស​ដែល​តែងតែ​ដោះស្រាយ​បញ្ហា​ចំពោះមុខ​ជានិច្ច​។ ទោះជាយ៉ាងណា​ សហគ្រិន​ក៏​ជា​មនុស្ស​ភ្លើ​ដែរ​ដែល​ជឿ​ថា​ការ​ពន្លត់ភ្លើង​មាន​ភាព​រីករាយ​ជាង​ការ​បញ្ជៀស​កុំឱ្យ​ភ្លើង​ឆេះ​។ យើង​តែងតែ​ស្វែងរក​ក្បួន​គ្រប់គ្រង​សម្ពាធ​អារម្មណ៍​ លំហាត់​ប្រាណ​ ក្បួន​គេង​ និង​វិធី​សាស្រ្ត​ជាច្រើន​ទៀត​ ដើម្បី​រស់​បាន​យូរអង្វែង​។ ប៉ុន្តែ​ប្រហែល​យើង​មើល​រំលង​ឃាតក​សំខាន់​មួយ​គឺ​អារម្មណ៍​ឯកោ​។

 

សហគ្រិន​ជាច្រើន​ចាប់ផ្តើម​ដោយ​ការ​ជឿជាក់​លើ​ខ្លួនឯង​ ពីព្រោះ​សហគ្រិនភាព​តែងតែ​ជា​លទ្ធផល​ដែល​កើត​ចេញពី​ខួរក្បាល​និង​គំនិត​របស់​គេ​។ នៅក្នុង​ដំណើរ​សហគ្រិនភាព​នេះ​ សហគ្រិន​មានរឿង​រ៉ាវ​ជោគជ័យ​មួយចំនួន​ដើម្បី​ចែករំលែក​ជាមួយ​ក្រុមការងារ​និង​អតិថិជន​។ ប៉ុន្តែ​ក៏​មាន​បរាជ័យ​រាប់មិនអស់​ដែរ​ ហើយ​មាន​មនុស្ស​តិច​នាក់​ណាស់​ដែល​ដឹងរឿង​នេះ​។

 

មាន​មធ្យោបាយ​មួយចំនួន​ដើម្បី​ជៀសវាង​អារម្មណ៍​ឯកោ​ ឬយ៉ាងហោចណាស់​ក៏អាច​បន្ថយឥទ្ធិពល​របស់​វា​បាន​ខ្លះ​ដែរ​ ៖

១/ សហការ​

ទោះបី​លោកអ្នក​គិតថា​ដើរ​តែម្នាក់ឯង​ងាយស្រួល​ជាង​ ក៏​ការ​គិត​បែបនេះ​ធ្វើ​ឱ្យ​លោកអ្នក​ប្រឈម​នឹង​ការកំណត់​ខ្លួនឯង​ឱ្យ​នៅក្នុង​ភាព​ឯកោ​ដែរ​។ ជាជាង​ផ្តាច់​ខ្លួនឯង​ លោកអ្នក​គួរតែ​មានដៃ​គូ​ ឬសហ​ស្ថាបនិក​។ យ៉ាងហោចណាស់​ លោកអ្នក​នឹង​មាន​មនុស្សម្នាក់​ដើម្បី​និយាយ​ជាមួយ​ និង​ដឹងឮ​រឿងរ៉ាវ​ជោគជ័យ​និង​បរាជ័យ​របស់​អ្នក​ដែរ​។ ប្រយោជន៍​មួយទៀត​គឺ​លោកអ្នក​នឹង​មានឱកាស​ទទួល​បាន​ជំនាញ​បន្ថែម​។

 

២/ ធ្វើការ​ជាមួយគ្នា​

បើ​លោកអ្នក​ជម្នះ​ចង់​រក្សា​ភាពជា​អ្នកដឹកនាំ​ទាំងអស់​ទុក​សម្រាប់​តែខ្លួន​ឯង​ លោកអ្នក​គួរតែ​គិតរក​កន្លែង​ដែល​អាច​ធ្វើការ​ជាមួយ​មនុស្ស​ផ្សេងទៀត​ដែល​គិត​ស្រដៀងគ្នា​។។ ជំនួស​ឱ្យ​ការ​សំងំ​នៅក្នុង​ផ្ទះ​ធ្វើការ​តែម្នាក់ឯង​ លោកអ្នក​គួរតែ​ស្វែងរក​ការិយាល័យ​រួម​ដើម្បី​ធ្វើការ​ជាមួយ​គេឯង​។ នៅក្នុង​ការិយាល័យ​រួម​ លោកអ្នក​អាច​ធ្វើការ​តែម្នាក់ឯង​ជាមួយ​មនុស្សជា​ច្រើន​ដែល​ផ្តោត​ធ្វើ​ការ​រៀង​ៗខ្លួន​។ កន្លែង​ធ្វើការ​បែបនេះ​ក៏​ផ្តល់​ឱកាសល្អ​ដល់​ការបង្កើត​បណ្តាញ​ទំនាក់ទំនង​និង​ស្វែងរក​ឱកាស​ពាណិជ្ជកម្ម​ដែរ​។  ​

 

៣/ សុំ​ជំនួយ​

សម្ពាធ​អារម្មណ៍​ជា​ជំងឺមហារីក​របស់​សហគ្រិនភាព​ ហើយ​សព្វថ្ងៃ​មាន​មេដឹកនាំ​ពាណិជ្ជកម្ម​កាន់តែ​ច្រើន​ឡើង​ៗចេះ​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​របស់​គេ​កាន់តែ​មានប្រសិទ្ធភាព​។ បើ​ភាព​ឯកោ​នាំទៅរក​បញ្ហា​សុខភាព​ផ្លូវចិត្ត​មែន​ លោកអ្នក​គួរតែ​ស្វែងរក​អ្នកជំនាញ​ព្យាបាល​ផ្លូវចិត្ត​។ បើ​លោកអ្នក​គ្រាន់តែ​មាន​អារម្មណ៍​តានតឹង​ចង់និយាយ​រឿងរ៉ាវ​ពាណិជ្ជកម្ម​ចេញពី​ក្នុង​អារម្មណ៍​ លោកអ្នក​គួរតែ​ជួយ​គ្រូ​ជំនាញ​ផ្តល់​ប្រឹក្សា​។ មាន​មនុស្សជា​ច្រើន​ទៀត​ដែល​អាច​ជួយ​លោកអ្នក​បាន​ ដរាបណា​លោកអ្នក​បើក​ចិត្តទូលាយ​និង​ជឿ​ទុកចិត្ត​គេ​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Entrepreneur​

មតិយោបល់