ជីវិត&អាជីវកម្ម | November 08, 2019 | 244

ហេតុផល​ដែល​លោកអ្នក​គួរតែ​ប្រឹងប្រែង​ដើម្បី​ក្លាយជា​អ្នករៀន​មួយ​ជីវិត​

មនុស្សជា​ច្រើន​ឆ្ងល់​ថា​តើ​គេ​អាច​ធ្វើអ្វី​បាន​ខ្លះ​ដើម្បី​ក្លាយទៅជា​មនុស្ស​មានការ​យល់ដឹង​ខ្ពស់​និង​មាន​សមត្ថភាព​ប្រកួតប្រជែង​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​។ មធ្យោបាយ​ដ៏​សាមញ្ញ​មួយ​ដែលគេ​ច្រើនតែ​មើល​រំលង​ក្នុង​ការ​បង្កើន​ចំណេះដឹង​គឺ​ការ​ធ្វើខ្លួន​ឱ្យ​ក្លាយជា​អ្នករៀន​ពេញ​មួយ​ជីវិត​។

ការអប់រំ​តាម​ប្រពៃណី​ដែល​មានការ​ចាប់ផ្តើម​រៀន​លេខ​និង​អក្សរ​ ហើយ​មានកម្រិត​ជាបន្តបន្ទាប់​រហូតដល់​បញ្ចប់​សកលវិទ្យាល័យ​ជា​ប្រព័ន្ធ​សំខាន់​មួយ​ហើយ​ ប៉ុន្តែ​ជោគជ័យ​ភាគច្រើន​ក្នុង​ជីវិត​កើត​ចេញពី​បុគ្គល​ដែល​បាន​ប្តេជ្ញា​ចិត្ត​រស់នៅ​ជាមួយនឹង​គំនិត​នៃ​ការ​រៀន​ពេញ​មួយ​ជីវិត​។ មនុស្ស​ប្រភេទ​នេះ​រៀបចំ​កំណត់​អាទិភាព​ពេលវេលា​ដ៏​មមាញឹក​រាល់ថ្ងៃ​របស់​គេ​ដើម្បី​អប់រំ​ខ្លួនឯង​អំពី​គំនិត​និង​ចំណេះ​ដឹង​ថ្មី​ៗ។

 

ពាណិជ្ជកម្ម​របស់​លោកអ្នក​រឹងមាំ​បាន​លុះត្រាតែ​មនុស្ស​នៅ​ពីក្រោយ​ពាណិជ្ជកម្ម​នោះ​រឹងមាំ​ដែរ​។ ការ​ប្រឹងប្រែង​ដើម្បី​រីកចម្រើន​ក្នុង​កម្រិត​ផ្ទាល់ខ្លួន​និង​ការ​ប្រឹងប្រែង​ដើម្បី​រីកចម្រើន​ក្នុង​កម្រិត​វិជ្ជាជីវៈ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​មួយ​ដែល​មិន​អាច​កាត់​ផ្តាច់​ចេញពី​គ្នា​បាន​ឡើយ​។ នៅក្នុង​ទីផ្សារ​និង​ពិភពលោក​ដែល​ផ្លាស់​ប្តូរ​មិនឈប់ឈរ​នេះ​ មនុស្ស​ម្នា​ក់ៗ​កាន់តែ​ចាំបាច់​ត្រូវ​រៀន​គ្រប់ពេល​និង​ដើរ​ឱ្យ​ទាន់​សភាព​ជុំវិញ​ខ្លួន​។ សព្វថ្ងៃ​នេះ​ ការ​ទទួល​បាន​ចំណេះដឹង​ក៏​កាន់តែ​មាន​ភាព​ងាយស្រួល​ជាង​ពេលណា​ទាំងអស់​។

 

ជំហាន​ដំបូង​និង​សំខាន់​បំផុត​នោះ​គឺ​លោកអ្នក​ត្រូវតែ​ត្រៀមខ្លួន​ពង្រីក​ចិត្ត​។ លុបបំបាត់​និង​ជម្រុះ​ការ​សន្និដ្ឋាន​និង​ជំនឿ​ខុស​ ដើម្បី​បើក​ចិត្តទូលាយ​ដើម្បី​ទទួលយក​ព័ត៌មាន​និង​ចំណេះ​ដឹង​ថ្មី​ៗ។ ក្នុង​ដំណើរ​ទទួលយក​ចំណេះ​ដឹង​ថ្មី​ៗនេះ​ ពេលខ្លះ​អាច​នឹង​មាន​ទំនាស់​រវាង​ជំនឿ​ដែល​លោកអ្នក​ធ្លាប់​គិតថា​ត្រឹមត្រូវ​ ឬជា​ការពិត​។ លោកអ្នក​នឹង​ជួប​ចំណេះដឹង​ដែល​ផ្ទុយពី​ការយល់ឃើញ​របស់​លោកអ្នក​។ ជំនួស​ឱ្យ​ការ​នៅ​ទ្រឹង​នឹង​មួយ​កន្លែង​ លោកអ្នក​អាច​ប្រើប្រាស់​ពេលវេលា​នេះ​ដើម្បី​ពិចារណា​និង​ផ្តល់​ពន្លឺ​លើ​គំនិត​ទាំងនោះ​ក្នុង​របៀប​មួយ​ដែល​អាច​នាំទៅរក​ភាព​រីកចម្រើន​និង​ការពង្រីក​ទស្សនវិស័យ​របស់​លោកអ្នក​។

 

ពេល​ជួប​ចំណេះដឹង​ថ្មី​ សូម​ចំណាយពេល​ខ្លះ​ដើម្បី​គិតរក​មើល​ថា​លោកអ្នក​ជឿ​លើ​អ្វី​ ហើយ​ហេតុអ្វីបានជា​ជឿ​បែប​នោះ​។ តើ​ផ្នត់គំនិត​ហួសសម័យ​របស់​លោកអ្នក​កំពុងតែ​រារាំង​លោកអ្នក​ពី​ការ​រីកចម្រើន​ក្នុង​ពិភពលោក​សម័យ​ទំនើប​មែនទេ​? ការ​ជជីក​ដេញដោល​ខ្លួនឯង​ឱ្យ​ដល់ទី​ជម្រៅ​នឹង​ធ្វើ​ឱ្យ​លោកអ្នក​មើលឃើញ​តម្លៃ​ក្នុងចិត្ត​ដែល​អភិវឌ្ឍ​និង​ឯករាជ្យ​។

 

ការ​បណ្តុះ​ចិត្ត​មុន​ពេល​ស្វែងរក​ចំណេះដឹង​ថ្មី​មាន​ភាព​ចាំបាច់​ដូច​ការរៀបចំ​ថ្នាល​មុន​ពេល​សាបព្រោះ​ស្រូវ​ដែរ​។ ក្នុង​ពេល​ដាំដុះ​ លោកអ្នក​ក៏​ត្រូវ​ដកស្មៅ​ ដាក់ជី​ និង​ស្រោចទឹក​ ព្រមទាំង​ផ្តល់​ពេលវេលា​សមរម្យ​មុន​ពេល​ទទួល​បានផល​។ ខួរក្បាល​របស់​លោកអ្នក​ក៏​មាន​របៀប​ដូច​ដី​ដំណាំង​ដែល​រង់ចាំ​ការថែទាំ​និង​ផ្តល់​គំ​និ​តថ្មី​ៗដែរ​ដើម្បី​លោកអ្នក​អាច​ប្រមូល​ផល​បាន​ច្រើន​ពី​ចំណេះដឹង​និង​ព័ត៌មាន​។

 

បន្ទាប់ពី​រៀបចំ​ចិត្ត​ក្នុង​របៀប​នេះ​ហើយ​ ជំហាន​បន្ទាប់​គឺ​ការអនុវត្ត​។ លោកអ្នក​ត្រូវ​បង្កើត​បញ្ជី​ចំណេះដឹង​ដែល​ត្រូវ​រៀន​ ឱ្យ​ដូចគ្នានឹង​បញ្ជី​ការងារ​ត្រូវ​ធ្វើ​ដែរ​។ មនុស្សជា​ច្រើន​ប្រហែល​គិតថា​ដោយសារ​ពេលវេលា​មមាញឹក​ក្នុង​ការងារ​រាល់ថ្ងៃ​ គេ​គ្មាន​ពេលវេលា​បន្ថែម​សម្រាប់​រៀន​អ្វី​ទេ​។ ត្រង់នេះ​ហើយ​បាន​ជាចាំបាច់​លោកអ្នក​ត្រូវ​យល់​ឱ្យ​ច្បាស់​អំពី​សារៈសំខាន់​នៃ​ការគ្រប់គ្រង​ពេលា​ និង​រៀបចំ​កំណត់​អាទិភាព​ដើម្បី​រីកចម្រើន​រាល់ថ្ងៃ​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Entrepreneur​

មតិយោបល់