ជីវិត&អាជីវកម្ម | November 08, 2019 | 237

ឈប់​គិត​ ហើយ​ចាប់ផ្តើម​ធ្វើ​

មនុស្សយើង​ទាំងអស់​មាន​គោលដៅ​ដែល​ចង់​សម្រេច​បាន​នៅក្នុង​ជីវិត​។ គោលដៅ​នោះ​អាច​ជា​ការ​រៀន​ភាសា​ថ្មី​មួយ​ ការ​ទទួលទាន​ក្នុង​របៀប​ដែល​ល្អ​ចំពោះ​សុខភាព​ ការ​សម្រក​ទម្ងន់​ ក្លាយជា​ម្តាយ​ឪពុក​ល្អ​ សន្សំ​លុយ​ ។ល។ លោកអ្នក​អាច​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​សន្និដ្ឋាន​ថា​គម្លាត​រវាង​ស្ថានភាព​បច្ចុប្បន្ន​របស់​លោកអ្នក​ និង​ចំណុច​ដែល​លោកអ្នក​ចង់ទៅ​ឱ្យ​ដល់​ក្នុង​ពេល​អនាគត​បណ្តាល​មក​ពី​កង្វះ​ចំណេះដឹង​។ យើង​សន្និដ្ឋាន​ថាបើ​យើង​មាន​យុទ្ធ​សាស្រ្ត​ប្រសើរ​ជាង​នេះ​ យើង​នឹង​ទទួល​បាន​លទ្ធផល​ប្រសើរ​ជាង​នេះ​។ យើង​ជឿ​ថា​លទ្ធផល​ថ្មី​តម្រូវ​ឱ្យ​មានចំណេះ​ដឹង​ថ្មី​។

ទោះជាយ៉ាងណា​ ចំណេះដឹង​ថ្មី​មិនមែន​ជា​កត្តាចាំបាច់​ក្នុង​ការ​រុញច្រាន​ទៅ​រក​លទ្ធផល​ថ្មី​ទេ​។តាមពិត​ទៅ​ ការ​រៀន​អ្វីមួយ​ថ្មី​អាច​ជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​ទៅវិញ​ទេ​ បើ​គោលដៅ​របស់​លោកអ្នក​គ្រាន់តែ​ចង់បាន​រីកចម្រើន​ ហើយ​មិនមែន​ជា​ការ​បន្ថែម​ចំណេះដឹង​ទេ​។ អ្វី​ៗទាំងអស់​នេះ​ស្ថិតនៅ​ត្រង់​ភាព​ខុសគ្នា​រវាង​ការ​រៀន​និង​ការអនុវត្ត​។

 

ការ​រៀនចំណេះ​ដឹង​ថ្មី​និង​ការអនុវត្ត​របៀប​ធ្វើការ​ថ្មី​ប្រហែល​មាន​លក្ខណៈ​ស្រដៀងគ្នា​ ប៉ុន្តែ​វិធី​សាស្រ្ត​ទាំងពីរ​នេះ​មាន​លទ្ធផល​ខុសគ្នា​ឆ្ងាយណាស់​។ ឧទាហរណ៍​ថា​លោកអ្នក​អាច​មាន​គោលដៅ​ចង់បាន​សុខភាព​រឹងមាំ​ លោកអ្នក​អាច​នឹង​ស្រាវជ្រាវ​ច្រើន​អំពី​របៀប​និង​បច្ចេកទេស​ ប៉ុន្តែ​លោកអ្នក​អាច​ទទួល​បាន​លទ្ធផល​តែ​តាមរយៈ​ការហាត់ប្រាណ​ពិតប្រាកដ​ប៉ុណ្ណោះ​។ ឬមួយ​លោកអ្នក​មាន​គោលដៅ​ចង់​សរសេរ​សៀវភៅ​មួយ​ក្បាល​ លោកអ្នក​អាច​នឹង​និយាយ​ឬស្រាវជ្រាវ​គ្រប់​គន្លឹះ​ទាំងអស់​របស់​អ្នកនិពន្ធ​ល្បីឈ្មោះ​ ប៉ុន្តែ​លោកអ្នក​អាច​ក្លាយជា​អ្នកនិពន្ធ​បាន​លុះត្រាតែ​លោកអ្នក​ចាប់ផ្តើម​សរសេរ​។ ការ​រៀន​បង្កើន​ចំណេះដឹង​ ប៉ុន្តែ​ការអនុវត្ត​បង្កើន​ជំនាញ​។

 

ខាងក្រោម​នេះ​ជាហេតុ​ផល​ក្នុង​ការ​ផ្តល់​អាទិភាព​លើ​ការអនុវត្ត​ជាជាង​ការ​រៀន​ ៖

 

១/ ការ​រៀន​អាច​ជា​ចន្ទុ​លដែល​គាំទ្រ​អសកម្មភាព​

ក្នុងករណី​ជាច្រើន​ ការ​រៀន​ពិតជា​មធ្យោបាយ​មួយ​ដើម្បី​គេចវេស​ពី​សកម្មភាព​ឆ្ពោះទៅ​រក​ការសម្រេច​គោលដៅ​និង​ប្រយោជន៍​ដែល​សំខាន់​ចំពោះ​យើង​។ ឧទាហរណ៍​ថា​លោកអ្នក​ចង់​ចេះនិយាយ​ភាសាបរទេស​ ការ​អាន​សៀវភៅ​អំពី​របៀប​រៀន​ភាសា​នោះ​អាច​ធ្វើ​ឱ្យ​លោកអ្នក​យល់ថា​ខ្លួនឯង​កំពុងតែ​រីកចម្រើន​ ប៉ុន្តែ​លោកអ្នក​មិនមែន​កំពុងតែ​អនុវត្ត​និយាយ​ភាសាបរទេស​នោះ​ទេ​។ នៅក្នុង​ស្ថានភាព​បែបនេះ​ យើង​តែងតែ​អះអាង​ថា​យើង​កំពុង​ប្រុងប្រៀប​ខ្លួន​ឬស្រាវជ្រាវ​រក​វិធី​សាស្រ្ត​ដែល​ល្អ​បំផុត​។ ប៉ុន្តែ​ការ​ឱ្យ​ហេតុផល​របៀប​នេះ​បាន​ត្រឹមតែ​ខាតពេល​វេលា​ប៉ុណ្ណោះទេ​។

 

២/ ការអនុវត្ត​ជា​ការ​រៀន​ ប៉ុន្តែ​កា​រៀន​មិនមែន​ជា​ការអនុវត្ត​ទេ​

ការ​រៀន​មិនមែន​ជា​របៀប​អនុវត្ត​ទេ​ ដោយសារ​លោកអ្នក​ទទួល​បាន​ចំណេះដឹង​ថ្មី​មែន​ ប៉ុន្តែ​លោកអ្នក​មិនទាន់​រក​ឃើញ​របៀប​ប្រើប្រាស់​ចំណេះដឹង​នោះ​ទេ​។ ចំណែក​ការអនុវត្ត​វិញ​ជារ​បៀ​បរៀ​នដែ​លល្អ​បំផុត​ដោយសារ​កំហុស​ដែល​លោកអ្នក​បង្កើត​ឡើង​ក្នុង​ពេល​អនុវត្ត​នោះ​នឹង​បង្ហាញ​ចំណេះដឹង​សំខាន់​បំផុត​។

 

ជាង​នេះ​ទៅទៀត​ ការអនុវត្ត​ជា​មធ្យោបាយ​តែមួយគត់​ដើម្បី​ចូលរួម​វិភាគទាន​យ៉ាង​មានខ្លឹមសារ​ទៅ​ក្នុង​ចំណេះដឹង​របស់​លោកអ្នក​។ លោកអ្នក​អាច​នឹង​ចុះឈ្មោះ​ហើយ​ចំណាយពេល​វេលា​មើល​កម្មវិធី​បង្រៀន​របៀប​បង្កើត​ពាណិជ្ជកម្ម​តាម​អ៊ី​នថឺ​ណិ​ត ឬអាន​សៀវភៅ​ច្រើន​ទាក់ទង​នឹង​កិច្ចការ​ដែល​លោកអ្នក​ចង់​ធ្វើ​ ប៉ុន្តែ​ចំណេះដឹង​ទាំងអស់​នោះ​គ្មាន​ប្រយោជន៍​ទេ​ លុះត្រាតែ​លោកអ្នក​យក​ទៅ​អនុវត្ត​ជាក់ស្តែង​។ ការ​រៀន​តែ​ម្យ៉ាង​ប្រហែល​មានប្រយោជន៍​សម្រាប់​តែ​ការ​បំពេញចិត្ត​លោកអ្នក​តែប៉ុណ្ណោះ​ ប៉ុន្តែ​បើ​លោកអ្នក​ចង់​បង្កើត​ប្រយោជន៍​ឱ្យ​មនុស្សដទៃ​ លោកអ្នក​ត្រូវ​រក​មធ្យោបាយ​បង្ហាញ​ចំណេះដឹង​នោះ​។

 

សរុប​មក​ លោកអ្នក​ប្រហែល​សួរ​ថា​តើ​ការ​រៀន​តែ​ម្យ៉ាង​ពិតជា​គ្មាន​ប្រយោជន៍​មែនទេ​? មិនមែនទេ​ ការ​រៀន​ដើម្បី​ចំណេះដឹង​អាច​ជា​រឿង​ល្អ​។ ការ​ទទួល​បាន​ព័ត៌មាន​ច្រើន​ជួយ​លោកអ្នក​សម្រេចចិត្ត​បាន​ល្អ​នៅពេល​ត្រូវ​ធ្វើសកម្មភាព​អ្វីមួយ​។ ប៉ុន្តែ​គោលបំណង​សំខាន់​នៃ​ការ​លើកឡើង​និង​ប្រៀបធៀប​អំពី​ការ​រៀន​និង​ការអនុវត្ត​នេះ​គឺ​ចង់​បង្ហាញថា​ការ​រៀន​តែ​ម្យ៉ាង​មិន​អាច​នាំទៅរក​លទ្ធផល​បានទេ​។ មនុស្សយើង​ច្រើនតែ​លាក់ខ្លួន​នៅ​ពីក្រោយ​ព័ត៌មាន​ ហើយ​ប្រើប្រាស់​ការ​រៀន​ជា​លេស​ដើម្បី​ពន្យា​ពេល​សម្រេចចិត្ត​ធ្វើ​កិច្ចការ​ដែល​សំខាន់​និង​លំបាក​ជាង​នេះ​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Entrepreneur​

មតិយោបល់