ជីវិត&អាជីវកម្ម | November 08, 2019 | 246

ហេតុផល​ដែល​នាំ​ឱ្យ​មនុស្ស​បរាជ័យ​

មនុស្ស​ជោគជ័យ​ទាំងអស់​នឹង​សារភាព​ថា​បរាជ័យ​កើតឡើង​ដោយ​ជៀស​មិន​រួច​ចំពោះ​មនុស្ស​គ្រប់គ្នា​។ ប៉ុន្តែ​ចេញពី​បរាជ័យ​នី​មួយ​ៗ យើង​ទទួល​បាន​មេរៀន​សំខាន់​ពីរ​ដូចគ្នា​។ មេរៀន​ទីមួយ​គឺ​យ៉ាងហោចណាស់​មានហេតុ​ផល​មួយ​ដែល​នាំ​ឱ្យ​បរាជ័យ​ ហើយ​មេរៀន​ទីពីរ​គឺ​យើង​អាច​ក្រោកឈរ​ឡើងវិញ​ម្តង​ទៀត​បាន​ក្រោយពេល​បរាជ័យ​។

ដូច្នេះហើយ​ តើ​ហេតុអ្វីបានជា​មនុស្ស​បរាជ័យ​? ហើយ​ត្រូវ​ដោះស្រាយ​រឿង​បរាជ័យ​ដោយ​របៀបណា​? យោង​អ្នកនិពន្ធ​ Shiv​ Khera​ បរាជ័យ​កើតឡើង​ពី​ហេតុផល​មួយចំនួន​ ហើយ​បរាជ័យ​នី​មួយ​ៗអាច​បង្រៀន​មេរៀន​យ៉ាង​មានតម្លៃ​ និង​អាច​បង្ហាញ​របៀប​ដែល​យើង​អាច​ជៀស​ផុត​ពី​បរាជ័យ​ដដែល​នោះ​នៅពេល​ក្រោយ​។ ខាងក្រោម​នេះ​ជា​មូលហេតុ​បរាជ័យ​និង​គន្លឹះ​ដោះស្រាយ​មួយចំនួន​ ៖

 

១/ ខ្វះ​ការ​តស៊ូ​

មនុស្ស​ភាគច្រើន​បរាជ័យ​មិនមែន​ដោយសារ​គេ​ខ្វះ​ចំណេះដឹង​ ឬទេពកោសល្យ​ទេ​ ប៉ុន្តែ​ដោយសារ​គេ​បោះបង់​ព្យាយាម​ចោល​។ ការ​តស៊ូ​ជា​រឿង​សំខាន់ណាស់​ គឺ​លោកអ្នក​ត្រូវ​សាកល្បង​វិធី​សា​ស្រ្តថ្មី​ៗ។ ទោះជាយ៉ាងណា​ ការ​ប្រឹងប្រែង​អនុវត្ត​តាម​សកម្ម​ភាព​ដដែល​ៗ ដោយ​រំពឹង​ចង់បាន​ជោគជ័យ​មិនមែន​ជា​ផ្លូវ​ដែល​លោកអ្នក​ត្រូវ​ដើរទេ​។ សម្លឹង​មើល​ការ​ប្រឹងប្រែង​កន្លងមក​របស់​លោកអ្នក​ដែល​មិនបាន​ជោគជ័យ​ និង​សម្រេច​រកមើល​ចំណុច​ដែល​ត្រូវ​កែប្រែ​ដោយ​ប្រើប្រាស់​បទពិសោធន៍​ជា​មគ្គុទ្ទេសក៍​។

 

២/ ខ្វះ​ជំនឿ​ចិត្ត​

មនុស្ស​ដែល​ខ្វះ​ជំនឿ​ចិត្ត​តែងតែ​ចាក់ខ្សែ​កណ្តាល​ជានិច្ច​។ ប៉ុន្តែ​នឹង​មានរឿង​អ្វី​កើតឡើង​នៅត្រង់​កណ្តាលផ្លូវ​? គឺ​លោកអ្នក​ងាយ​នឹង​ជួប​គ្រោះថ្នាក់​ណាស់​។ មនុស្ស​ដែល​មាន​ជំនឿ​ចិត្ត​ធ្វើការ​ដោយ​ខ្វះ​ភាព​ក្លាហាន​។ គេ​ធ្វើតាម​អ្នកដទៃ​ដើម្បី​ទទួល​បានការ​គាំទ្រ​ឬការ​ទទួលស្គាល់​ បើ​ទោះជា​ក្នុង​ពេល​ដែលគេ​ដឹង​ថា​រឿង​ដែលគេ​ធ្វើ​នោះ​ខុស​ក៏ដោយ​។ សម្រេចចិត្ត​ឱ្យ​ច្បាស់​ថា​រឿង​អ្វី​ដែល​សំខាន់​ចំពោះ​លោកអ្នក​ ហើយ​បណ្តោយ​ឱ្យ​មហិច្ឆតា​របស់​លោកអ្នក​ដឹកមុខ​។ រឿង​សហការ​ដើម្បី​ជោគជ័យ​មិនមែន​ជា​បញ្ហា​អ្វី​ទេ​ ប៉ុន្តែ​លោកអ្នក​មិន​គួរ​បោះបង់​គុណ​តម្លៃ​ខ្លួនឯង​ចោល​នោះ​ទេ​។

 

៣/ គិត​រឿងហេតុ​ផល​ច្រើនពេក​

អ្នកឈ្នះ​ប្រហែល​វិភាគ​ខ្លះ​ ប៉ុន្តែ​គេ​មិនដែល​គិត​ច្រើនជ្រុល​រឿងហេតុ​ផល​ទេ​។ ចំណែក​អ្នក​ចាញ់​វិញ​គិតតែ​រឿងហេតុ​ផល​ និង​មាន​លេស​រាប់មិនអស់​ដើម្បី​ប្រាប់​ខ្លួនឯង​ថា​ជា​មូលហេតុ​ដែលគេ​មិនបាន​ជោគជ័យ​។ ផ្លាស់​ប្តូរ​ទស្សនៈ​របស់​លោកអ្នក​។ កុំ​គិតដល់​ការប៉ុនប៉ង​ដែល​មិនបាន​ជោគជ័យ​ទាំងអស់​ថា​ជា​បរាជ័យ​។ មាន​មនុស្ស​តិច​នាក់​ណាស់​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ពេល​សាកល្បង​ជាលើកដំបូង​។ មនុស្ស​ភាគច្រើន​សម្រេច​គោលដៅ​ក្រោយពេល​ព្យា​យាម​ដដែល​ៗច្រើនដង​។ រៀន​យល់ដឹង​គ្រប់យ៉ាង​អំពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​និង​មូលហេតុ​របស់​វា​។

 

៤/ ច្រានចោល​កំហុស​អតីត​

ផ្តល់​និយមន័យ​ឱ្យ​បញ្ហា​ក្នុង​របៀប​ដែល​កាន់តែ​ប្រសើរ​ជាង​មុន​ វិភាគ​ស្ថានការណ៍​ឱ្យ​ច្បាស់​ គឺ​រក​ឱ្យ​ឃើញថា​លោកអ្នក​ចង់បាន​អ្វី​ លោកអ្នក​មាន​យុទ្ធ​សាស្រ្ត​អ្វី​? ហេតុអ្វីបានជា​យុទ្ធ​សាស្រ្ត​នោះ​មិន​មានប្រសិទ្ធភាព​? តើ​លោកអ្នក​ពិតជា​មើល​បញ្ហា​ក្នុង​របៀប​ត្រឹមត្រូវ​ទេ​? បើ​លោកអ្នក​ត្រូវការ​លុយ​ លោកអ្នក​អាច​មាន​ជម្រើស​ផ្សេងទៀត​ក្រៅពី​បង្កើន​ប្រភព​ចំណូល​ គឺ​លោកអ្នក​អាច​កាត់បន្ថយ​ចំណាយ​។ សូម​គិតដល់​កិច្ចការ​ដែល​លោកអ្នក​ពិតជា​កំពុង​ព្យាយាម​ធ្វើ​។  ​

 

៥/ ខ្វះ​វិន័យ​

មនុស្ស​ដែល​បានសម្រេច​ស្នាដៃ​ធំដុំ​មិនដែល​ធ្វើការ​ដោយ​គ្មាន​វិន័យ​ទេ​។ វិន័យ​តម្រូវ​ឱ្យ​មានការ​គ្រប់គ្រង​លើ​ខ្លួនឯង​ ការ​លះបង់​ និង​ការ​ជៀសវាង​ពី​ការ​រំខាន​ ហើយ​អ្នកធ្វើ​ត្រូវ​ចេះ​ផ្តោត​ចិត្ត​ឱ្យ​មូល​លើ​កិច្ចការ​ចំពោះមុខ​។ កុំ​ព្យាយាម​ធ្វើជា​មនុស្ស​ល្អឥតខ្ចោះ​។ ប្រហែល​លោកអ្នក​បាន​បង្កើត​ទស្សនវិស័យ​ល្អ​បំផុត​មួយ​ដើម្បី​ជោគជ័យ​ ប៉ុន្តែ​ប្រហែល​ការ​គិត​នោះ​មិន​អាច​ក្លាយជា​ការពិត​បានទេ​។ ការសម្រេច​បាន​ជោគជ័យ​ក្នុង​គោលដៅ​អ្វីមួយ​មិន​អាច​លុបបំបាត់​បញ្ហា​ទាំងអស់​របស់​លោកអ្នក​ទេ​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Success​

មតិយោបល់