ជីវិត&អាជីវកម្ម | November 08, 2019 | 210

ជំហាន​អនុវត្ត​ដើម្បី​បង្កើត​ទម្លាប់​ថ្មី​

យោង​តាម​អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ​Duke​ ទម្លាប់​មាន​ចំណែក៤០​%នៃ​ឥរិយាបថ​របស់​មនុស្ស​ម្នា​ក់ៗ​រាល់ថ្ងៃ​។ ការយល់​អំពី​របៀប​បង្កើត​ទម្លាប់​ថ្មី​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ភាព​រីកចម្រើន​ចំពោះ​សុខភាព​ សុភមង្គល​ និង​ជីវិត​ជាទូទៅ​។

ក្បួន​អនុវត្ត​ចម្បង​ដែល​លោកអ្នក​ត្រូវការ​ដើម្បី​បង្កើត​ទម្លាប់​ថ្មី​តាម​ការ​ចង់បាន៥ដំណាក់កាល​ ៖

 

១/ ចាប់ផ្តើម​ពី​ទម្លាប់​តូចបំផុត​ទៅ​

នៅពេល​មនុស្ស​ភាគច្រើន​ពិបាក​ប្រកាន់យក​ទម្លាប់​ថ្មី​ គេ​ច្រើនតែ​និយាយ​ថា​គេ​ត្រូវការ​កម្លាំងចិត្ត​បន្ថែម​ទៀត​ ឬគេ​ចង់បាន​ការ​ប្តេជ្ញា​ចិត្តរឹង​មាំ​ជាង​នេះ​។ នេះ​ជា​វិធី​សាស្រ្ត​ខុស​ទេ​។ ការសិក្សា​ស្រាវជ្រាវ​បង្ហាញថា​កម្លាំងចិត្ត​ប្រៀប​ដូចជា​សាច់ដុំ​ដែរ​ គឺ​វា​ក៏​ចេះ​នឿយហត់​ដែរ​នៅពេល​លោកអ្នក​ប្រើប្រាស់​ច្រើនពេក​។ បើ​និយាយ​មួយ​បែប​ទៀត​គឺ​កម្លាំងចិត្ត​របស់​លោកអ្នក​ក៏​មាន​ពេល​ឡើងចុះ​ដែរ​ ប្រៀប​ដូចជា​រលក​ទឹក​។

 

លោកអ្នក​អាច​ដោះស្រាយ​បញ្ហា​នេះ​តាមរយៈ​ការ​ជ្រើសរើស​យក​ទម្លាប់​ថ្មី​ណា​ដែល​ងាយស្រួល​និង​មិន​ត្រូវការ​កម្លាំងចិត្ត​ច្រើន​។ ជំនួស​ឱ្យ​ការ​ចាប់ផ្តើម​ហាត់ប្រាណ៥០នាទី​ភ្លាម​ក្នុង​ថ្ងៃ​ដំបូង​ លោកអ្នក​អាច​ចាប់ផ្តើម​ហាត់​ត្រឹម៥នាទី​រាល់ថ្ងៃ​។ ហើយ​ជំនួស​ឱ្យ​ការ​ចាប់ផ្តើម​ធ្វើស​មា​ធិ១០នាទី​ភ្លាម​ក្នុង​មួយថ្ងៃ​ លោកអ្នក​អាច​ចាប់ផ្តើម​ធ្វើ​ត្រឹម១នាទី​ក្នុង​មួយថ្ងៃ​។ ធ្វើ​យ៉ាងណា​ឱ្យ​មាន​លក្ខណៈ​ងាយស្រួល​ដែល​លោកអ្នក​អាច​ធ្វើ​បាន​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​កម្លាំងចិត្ត​។

 

២/ បង្កើន​ទម្លាប់​ក្នុង​របៀប​តូចតាច​

ជោគជ័យ​តម្រូវ​ឱ្យ​មាន​វិ​ន័យ​ងាយ​ៗមួយចំនួន​ដែល​ត្រូវ​អនុវត្ត​រាល់ថ្ងៃ​។ ចំណែក​បរាជ័យ​វិញ​ជា​កំហុស​តូចតាច​មួយចំនួន​ក្នុង​ការវាយតម្លៃ​ដែល​កើតឡើង​រាល់ថ្ងៃ​។ ការ​បង្កើន​ផ្នែក​ណាមួយ​ក៏ដោយ​ត្រឹមតែ១​%រាល់ថ្ងៃ​ក៏អាច​នាំទៅរក​លទ្ធផល​ច្រើន​ក្នុង​ពេល​ដ៏​ឆាប់​ដែរ​។ ហើយ​ការ​ទម្លាក់​ចុះ​ត្រឹមតែ១​%រាល់ថ្ងៃ​ក៏​នាំទៅរក​លទ្ធ​ប្លែក​ឆាប់​ដែរ​។

 

ជំនួស​ឱ្យ​ការសាកល្បង​ធ្វើ​កិច្ចការ​អស្ចារ្យ​អ្វីមួយ​ក្នុង​ពេល​ចាប់ផ្តើម​ភ្លាម​ លោកអ្នក​អាច​ចាប់ផ្តើម​ធ្វើ​ពីតូច​តាច​ទៅ​និង​បង្កើន​ភាគរយ​បន្តិច​ម្តង​ៗ។ ក្នុង​ពេល​ជាមួយគ្នា​ កម្លាំងចិត្ត​និង​ការ​ប្តេជ្ញា​ចិត្ត​របស់​លោកអ្នក​នឹង​កើនឡើង​ដែរ​ ដែល​នឹង​ធ្វើ​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការបង្កើត​ទម្លាប់​ថ្មី​។

 

៣/ ក្នុង​ពេល​បង្កើត​ទម្លាប់​ថ្មី​ ត្រូវ​បំបែក​ទៅជា​ចំ​ណែ​កតូច​ៗ

បើ​លោកអ្នក​បន្ត​បង្កើន១​%រាល់ថ្ងៃ​ លោកអ្នក​នឹង​មើលឃើញ​ភាព​ខុសប្លែក​គ្នា​ខ្លាំង​នៅក្នុង​បេ​លពីរ​ឬបី​ខែ​។ ចំណុច​សំខាន់​គឺ​ត្រូវ​រក្សា​ទម្លាប់​នី​មួយ​ៗក្នុង​របៀប​ដែល​មានហេតុ​ផល​ដើម្បី​លោកអ្នក​អាច​រក្សា​ចង្វាក់​និង​ធ្វើ​ឱ្យ​ឥរិយាបថ​ងាយស្រួល​សម្រេច​បាន​។

 

បើ​លោកអ្នក​ចង់​បង្កើត​ទម្លាប់​ធ្វើស​មា​ធិ២០នាទី​រាល់ថ្ងៃ​ ត្រូវ​ចាប់ផ្តើម​ដោយ​បំបែក​ទៅជា​ពីរ​ចំណែក​ដែល​មាន​ពេល១០ជាដំបូង​។ បើ​លោកអ្នក​ត្រូវការ​ហាត់ប្រាណ៥០នាទី​ក្នុង​មួយថ្ងៃ​ លោកអ្នក​ត្រូវ​បំបែក​ទៅជា​ប្រាំ​ដំណាក់កាល​ដែល​មាន​ពេល១០នាទី​ជាមុន​សិន​។

 

៤/ នៅពេល​ខកខាន​ ត្រូវ​ប្រញាប់​អនុវត្ត​ឡើងវិញ​

មធ្យោបាយ​ល្អ​បំផុត​ដើម្បី​អភិវឌ្ឍ​ការគ្រប់គ្រង​ខ្លួន​គឺ​ត្រូវ​មើល​របៀប​និង​មូលហេតុ​ដែល​លោកអ្នក​បាត់បង់​ការគ្រប់គ្រង​នោះ​។ មនុស្ស​ខ្លាំងពូកែ​ក៏​ធ្លាប់​បង្កើត​កំហុស​ និង​ដើរ​ធ្លាក់​ផ្លូវ​ដូច​មនុស្ស​ទូទៅ​ដែរ​។ ភាព​ខុសគ្នា​ស្ថិតនៅ​ត្រង់ថា​គេ​ប្រញាប់​ត្រឡប់​មករ​កផ្លូវត្រូវ​វិញ​ភ្លាម​ក្រោយពី​ដឹងខ្លួន​ថា​ដើរខុស​។

 

ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា​ការ​ខកខាន​ធ្វើតាម​ទម្លាប់​ម្តង​មិន​មាន​ឥទ្ធិពល​អ្វី​ធំដុំ​លើ​ដំណើរ​រីកចម្រើន​រយៈពេល​យូរអង្វែង​ទេ​។ ជំនួស​ឱ្យ​ការ​ព្យាយាម​ធ្វើ​ឱ្យ​បាន​ល្អឥតខ្ចោះ​ លោកអ្នក​ត្រូវ​លះបង់​ផ្នត់គំនិត​ដែល​ត្រូវតែ​មាន​ទាំងអស់​ឬមិន​បាច់​មាន​អ្វី​សោះ​។ លោកអ្នក​មិន​គួរ​រំពឹង​ដល់​បរាជ័យ​ទេ​ ប៉ុន្តែ​លោកអ្នក​គួរតែ​រៀបចំផែនការ​ត្រៀម​ទុក​សម្រាប់​បរាជ័យ​។

 

៥/ អត់ធ្មត់​និង​បោះជំហាន​ក្នុង​កម្រិត​មួយ​ដែល​អាច​ដើរ​បាន​

ការ​រៀន​អត់ធ្មត់​ប្រហែលជា​ជំនាញ​សំខាន់​បំផុត​ក្នុង​ជីវិត​។ លោកអ្នក​អាច​ទទួល​បាន​ភាព​រីកចម្រើន​អស្ចារ្យ​ប្រសិនបើ​លោកអ្នក​មាន​ភាព​អត់ធ្មត់​និង​បន្ត​ធ្វើ​ទៀងទាត់​។ បើ​លោកអ្នក​ចង់​ហាត់ប្រាណ​សម្រក​ទម្ងន់​ លោកអ្នក​ប្រហែល​នឹង​ទទួល​បាន​លទ្ធផល​យឺតយូរ​ជាង​ការគិតទុក​។

 

គ្មាន​ទម្លាប់​ថ្មី​ណាមួយ​ធ្វើ​ឱ្យ​លោកអ្នក​មាន​អារម្មណ៍​ងាយស្រួល​ភ្លាម​ទេ​ ជាពិសេស​នៅពេល​ចាប់ផ្តើម​។ បើ​លោកអ្នក​ប្រឹងប្រែង​អនុវត្ត​ឱ្យ​បាន​ទៀងទាត់​ និង​បន្ត​បង្កើន​ទម្លាប់​នោះ​ លោកអ្នក​នឹង​ទទួល​បាន​លទ្ធផល​នៅពេល​ណាមួយ​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Entrepreneur​

មតិយោបល់