បច្ចេកវិទ្យា | November 08, 2019 | 119

ចិនចាប់ផ្តើមស្រាវជ្រាវទៅលើបច្ចេកវិទ្យា6G ខណៈអាមេរិកមានគម្រោងដែរ

បណ្តាញផ្សព្វផ្សាយព័ត៌មានរដ្ឋចិនបានផ្សាយថា ប្រទេសចិនបានចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវជាផ្លូវការទៅលើបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី០៦ឬហៅកាត់ថា 6G ហើយកិច្ចការស្រាវជ្រាវនេះត្រូវបានគេពិព័រណ៌នាថា ជាការប៉ុនប៉ងដើម្បីលើកកម្ពស់បច្ចេកវិទ្យានវានុវត្តន៍គ្មានខ្សែចុងក្រោយ។

 

 

វិទ្យាស្ថាន និងក្រសួងស្ថាប័នរដ្ឋាភិបាលចិនបានធ្វើការជួបប្រជុំគ្នាមួយនៅក្នុងសប្តាហ៍នេះ ដោយគេហៅកិច្ចប្រជុំនោះជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីលើការងារស្រាវជ្រាវផ្នែកបច្ចេកវិទ្យា6G នេះបើយោងតាមក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចិនបានចេញផ្សាយនៅព្រឹត្តិបត្រ័មួយមានឈ្មោះថា Science and Technology Daily។

 

 

កាលពីពេលថ្មីៗកន្លងទៅ បច្ចេកវិទ្យាដែលទាក់ទងទៅនឹងសេវាដើរលឿនរហ័សបំផុតនោះបានក្លាយទៅជាចំណុចជម្លោះដ៏សំខាន់មួយរវាងសហរដ្ឋអាមេរិក ហើយនិងប្រទេសចិន ស្របពេលដែលបណ្តាប្រទេសមួយចំនួនធំនៅពាសពេញសកលលោកបានដាក់ចេញនូវការប្រើប្រាស់បណ្តាញបច្ចេកវិទ្យា5G ដោយសារតែប្រពន្ធ័បច្ចេកវិទ្យាដើរលឿនជាង4Gរហូតដល់ទៅ២០ដងឯណោះ។

 

 

កាលពីខែមេសាកន្លងទៅ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានចេញផ្សាយដោយស្រង់សំដីក្រុមមន្រ្តីកូរ៉េខាងត្បូងអំពីការប្រកាសជោគជ័យទៅលើសហរដ្ឋអាមេរិក និងចិនអំពីការចាប់ផ្តើមនូវបណ្តាញទូរគមនគមន៍5Gលើផ្នែកពាណិជ្ជកម្មលើកដំបូងរបស់ពិភពលោក។

 

 

គួររំលឹកផងដែរថា កាលពីខែកុម្ភះ លោកប្រធានាធិបតីដូណាល់ត្រំាបានបង្ហាញនៅលើប្រពន្ធ័ត្វីតធ័ររបស់ខ្លួនថា លោកចង់ឲ្យមានបច្ចេកវិទ្យា6G នៅក្នុងសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន ដោយជំរុញឲ្យក្រុមហ៊ុនបច្ចេកវិទ្យានានានៅអាមេរិកត្រូវតែបង្កើនល្បឿងប្រឹងប្រែងដើម្បីឈោងចាប់ឲ្យបាន៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Reuters

 

មតិយោបល់