កម្សាន្ត | October 09, 2019 | 186

ទោះមានជីវភាពប្រសើរតែ គឹម ចាន់រតនា មិនភ្លេចអតីតកាលជាតន្ត្រីករ

 

អតីតតន្ត្រីករលោក គឹម ចាន់រតនា និយាយថាលោកមិនដែលភ្លេចទេពីអតីតកាលរបស់ខ្លួនបានតស៊ូពុះពារជាខ្លាំងក្នុងជីវិតតន្ត្រីករ បើទោះជាបច្ចុប្បន្នលោកមានជីវភាពប្រសើរជាងមុនតាមរយៈការបើកក្រុមហ៊ុនផ្ទាល់ខ្លួនក្ដី។

 កាលពី៥ឆ្នាំមុន លោក គឹម ចាន់រតនា គ្រាន់តែជាតន្ត្រីករកម្សត់មួយរូបរកព្រឹកខ្វះល្ងាចក្នុងវង់តន្ត្រីសាមញ្ញមួយ នៅខេត្តកំពង់ចាមប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងពេលនេះ លោកបានក្លាយជាសេដ្ឋី និងជាថៅកែធំម្នាក់នឹកស្មានមិនដល់ ដោយក្រៅពីមានក្រុមហ៑ុនផ្ទាល់ខ្លួន ក៏ប្រើសុទ្ធតែរថយន្តឡិចសុីស ៥៧០ ស៑េរី២០១៩ តម្លៃជាង២៤មុឺន ជាមួយនឹងភាពជោគជ័យនឹកស្មានមិនដល់។

 

 

 លោក គឹម ចាន់រតនា បញ្ជាក់ថា ក្នុងពេលជីវិតរបស់លោកស្ថិតក្នុងអាជីពអាជីពជាអ្នកលេងឩបករណ៍សូឡូ និងព្យាណូ លោកពីនាក់ប្តីប្រពន្ធគឺអ្នកស្រី ជិន វណ្ណារី ដែលក្នុងពេលនោះគឺជាអ្នកចម្រៀង ក្នុងវង់តន្ត្រីជាមួយ សូម្បីតែផ្ទះនៅខេត្តកំពង់ចាមក៏គ្មានរស់នៅសមរម្យនឹងគេនោះដែរ។

 

 

 លោកត្រូវប្រើជីវិតជាអ្នកដើរលេងភ្លេងតាំងពីឆ្នាំ២០០៨ ខណៈភរិយាទៅច្រៀងកាត់ទឹកកាត់ព្រៃដេកផ្លូវបណ្ដើរ រកលុយបង់ឈ្នួលផ្ទះនៅខេត្តកំពង់ចាមបណ្ដើរប្រកបដោយការតស៑ូ។ នៅក្នុងពេលនោះជីវិតប្ដីប្រពន្ធឌុបគ្នាដើរតាមវង់ភ្លេង ក៏ឆ្លងកាត់ពាក្យសម្ដីប្រមាថមាក់ងាយស្ទើរបាក់ទឹកចិត្តបន្តដំណើរទៅមុខម្ដងៗផងដែរ ជាពិសេសនៅពេលគេមើលឃើញថាលោក និងភរិយា លេងភ្លេងផង ច្រៀងផង មិនស្គាល់ឈឺជា ប៉ុន្តែរកលុយលេងរបស់ថ្លៃៗនឹងគេមុនបាន។

 

 

 យ៉ាងណាមិញ នៅក្នុងពេលរកលុយដ៏លំបាក ហើយមិនហ៑ានសុីចាយហុឺហារនៅក្នុងពេលនោះ លោក និងភរិយា បានសន្សំលុយដ៏តិចតួចដែលបានពីវង់តន្ត្រីដ៏លំបាកទិញបានដីស្រែតាមការណែនាំរបស់មិត្តភ័ក្ត្រ និងអ្នកស្គាល់គ្នាជាហូរហែរ នៅម្ដុំជម្ពូរវ័ន្ត និងនៅម្ដុំវត្តព្រះធាតុផ្លូវគួរស្រូវ ច្រកទៅតាកែវសព្វថ្ងៃបានជាច្រើនកន្លែង ក្នុងពេលតំបន់ទាំងនោះ មិនទាន់អភិវឌ្ឍន៍ហើយតម្លៃដីនៅទាបដែលលទ្ធភាពលោកអាចផ្សំទិញបាន។

 

 

 លោកថាតម្លៃដីផ្លាស់ប្ដូរ នៅក្នុងតំបន់នោះ បានជួយអោយលោកលក់បានតម្លៃខ្ពស់ ហើយជួយអោយលោក និងភរិយា ទិញបានដីស្រែធំៗនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ម្ដុំស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ និងនៅតំបន់មួយចំនួនទៀត ដែលធ្វើអោយលោកមានលទ្ធភាពក្លាយជាថៅកែពុះដីឡូតិ៍នាពេលចុងក្រោយ ហើយប្រែប្រួលជីវិតតែមួយពព្រិចភ្នែក។ មកទល់ពេលនេះ អតីតតន្ត្រីករកម្សត់លោក គឹម ចាន់រនតា បានបើកក្រុមហ៑ុន LYK គឹមចាន់រតនា ហ្សាណា ដែលជាក្រុមហ៑ុនពុះលក់ដីឡូតិ៍ធំមួយនៅស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ ដោយក្រុមហ៑ុនរបស់លោកក៏មានការចាប់ដៃជាមួយអតីតពិធីករល្បីឈ្មោះនៅទូរទស្សន៍ My TV គឺលោក វីជេ រតនា ផងដែរ។

 

 

 លោកថាអតីតកាលធ្លាប់ជាតន្ត្រីករនៅតែធ្វើអោយលោកដក់អារម្មណ៍ក្នុងចិត្ត ហើយធ្វើអោយលោកប្រកាសគម្រោងរៀបចំក្រុមការងារផលិតបទចម្រៀងក្នុងពេលឆាប់ៗ ដើម្បីអោយតារាក្មេងជំនាន់ក្រោយ ដែលលោកយល់ថានឹងមានសមត្ថភាពបានច្រៀងបង្ហាញសាធារណជន។ 

 

 

បើទោះជាលោកជោគជ័យមុខជំនួញ ហើយមានជីវភាពធូរធារតែលោកនៅយល់ថាខ្លួនមានកំណើតពីអាជីពសិល្បៈ អុីចឹងហើយទើបលោក និង ក្រុមមិត្តភ័ក្ត្រ នៅតែជួបជុំប្រគំតន្ត្រីលេងកម្សាន្តជារឿយៗ បើទោះជាការប្រគំក្នុងប៉ុន្មានឆ្នាំនេះ មិនមែនដើម្បីរកកម្រៃដូចមុន។ 

 

 

លោកថាក្នយងពេលក្រុមចម្រៀងរបស់លោកលេចចេញរូបរាង លោក និងភរិយា ក៏នឹងអាចចេញបទចម្រៀងមួយចំនួន ដើម្បីរំលឹកអតីតកាលដែលធ្លាប់តស៑ូក្នុងវង់តន្ត្រី មុនពេលជោគជ័យផងដែរ ដើម្បីបំពេញចំណូលចិត្ត និងអោយកូនស្រីរបស់លោកទាំងពីរដឹងថា មុនពេលលោកមានលទ្ធភាពក្លាយជាម្ចាស់ក្រុមហ៑ុន គឺច្រៀង និង លេងភ្លេងកណ្ដាលភ្លៀង ហើយត្រូវគេស្ដី គេថារាប់មិនអស់។ ជាមួយនឹងការលាតត្រដាងពីអតីតកាលរបស់លោក ត្រូវបានគេមើលឃើញថាកំពុងក្លាយជាបទពិសោធន៍មួយដ៏ប្រសើរ សម្រាប់មនុស្សទូទៅដែលមិនទាន់ជោគជ័យ មានកម្លាំងតស៑ូ៕

 

មតិយោបល់