បច្ចេកវិទ្យា | October 09, 2019 | 236

អាមេរិកពង្រីកបញ្ជីខ្មៅទៅលើបច្ចេកវិទ្យាAIបន្ថែមទៀតនៅមុនពិភាក្សាពាណិជ្ជកម្មជាមួយនឹងចិន

រដ្ឋការក្រុងវ៉ាស៊ីងតោនបាននឹងកំពុងតែពង្រីកនូវការដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់ចិន AI នៅមុនពេលមានកិច្ចពិភាក្សារឿងបញ្ហាពាណិជ្ជកម្មរវាងប្រជាជាតិទំាងពីរពោលគឺអាមេរិក និងចិនដែលអាចប្រព្រឹត្តិធ្វើឡើងនៅក្នុងរង្វង់សប្តាហ៍នេះ។

 

 

ទោះបីជាបែបណាក៏ដោយចុះ កំសួលកំដៅសភាពតានតឹងផ្នែកវិស័យពាណិជ្ជកម្មរវាងភាគីទំាងពីរនៅមិនទាន់ត្រជាក់នៅឡើយ ខណៈដែលកិច្ចសន្ទនាមួយអាចនឹងបង្កើតឡើងដើម្បីរួមចំណែករំសាយកំដៅ។

 

 

ពាក់ពន្ធ័លើរឿងនេះ ក្រុមមន្ត្រីសហរដ្ឋអាមេរិកបានលើកឡើងថា ចំណាត់ការនោះមិនបានចងភ្ជាប់ទៅនឹងការបន្តកិច្ចពិភាក្សាស្តីពាណិជ្ជកម្មជាមួយនឹងប្រទេសចិនឡើយ ប៉ុន្តែវាជាសញ្ញាដែលមិនអាចឲ្យលោកប្រធានាធិបតីដូណាល់ត្រំាមានជំហរឹងមំាបន្តទៀតនោះទេ ស្របពេលដែលមហាយក្សសេដ្ឋកិច្ចទំាងពីររបស់ពិភពលោកកំពុងតែស្វះស្វែងរកការបញ្ចប់នូវសង្គ្រាមពាណិជ្ជកម្មដែលបានអូសបន្លាយរយៈពេល១៥ខែកន្លងមកហើយ។

 

 

ដោយឡែកក្រសួងពាណិជ្ជកម្មចិនឯណោះវិញ មិនបានឆ្លើយតបទៅនឹងការសាកសួររបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រទៅលើចំណាត់ការវាយបកត្រឡប់ទៅកាន់សហរដ្ឋអាមេរិកចំពោះចេតនាពង្រីកនូវការដាក់ទណ្ឌកម្មដល់ក្រុមហ៊ុនបច្ចេកវិទ្យាចិនបន្តទៀតឡើយ។

 

គួររំលឹកផងដែរថា ការដាក់ក្នុងបញ្ជីខ្មៅទៅលើក្រុមហ៊ុន Huawei បានធ្វើឲ្យប៉ះពាល់ខ្លំាងដល់ក្រុមហ៊ុនផ្គត់ផ្គង់អាមេរិកដែលពឹងពាក់ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំសម្បើមនៅក្នុងពិភពលោកមួយនេះ ជាពិសេសក្នុងការស្វែងរកចំណូល និងមានការលំបាកក្នុងការលក់ផលិតផលថ្មីៗបន្តទៀតរបស់ក្រុមហ៊ុន Huawei។

 

 

ប្រទេសចិនកំពុងតែប្រឈមមុខទៅនឹងការថ្កោលទោសពីសំណាក់ក្រុមលោកខាងលិចទាក់ទិននឹងការរំលោភសិទ្ធិមនុស្សរួមទំាងការបង្កើតឡើងនូវមជ្ឈមណ្ឌលឃុំឃំាងមនុស្សដែលក្រុមអ្នកជំនាញការរបស់អង្គការសហប្រជាជាតិបានហៅថា មានលក្ខណៈទ្រង់ទ្រាយធំទៅលើអំបូរភាគតិចម៉ូស្លីមអ៊ុយហ្គ័រប្រមាណជា១លាននាក់៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Reuters

 

មតិយោបល់