បច្ចេកវិទ្យា | October 09, 2019 | 67

អាមេរិកបន្ថែមដាក់បញ្ចូលក្រុមហ៊ុនផលិតកាម៉េរាឌីជីថលឃ្លំាមើលរបស់ចិន Hikvision ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម

ចំណាត់ការហាមឃាត់ត្រូវបានគេដាក់ចេញដល់ក្រុមហ៊ុន និងអង្គភាពសហគ្រាសនានាពីការទិញគ្រឿងបន្លាស់ និងសមាសភាគមួយចំនួនចេញពីក្រុមហ៊ុនអាមេរិកដោយគ្មានការយល់ព្រមពីសំណាក់រដ្ឋាភិបាលអាមេរិក។

 

 

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងដាក់ការិយាល័យសន្តិសុខសាធារណៈនិងក្រុមហ៊ុនចិនចំនួន២៨ ក្នុងនោះរាប់បញ្ចូលទំាងក្រុមហ៊ុនផលិតកាម៉េរាឃ្លំាមើលជារូបភាពវីដេអូឈ្មោះ Hikvision ចូលទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មអាមេរិក ដើម្បីឆ្លើយតបទៅនឹងការធ្វើទុក្ខបុកម្នេញដល់អំបូរអ៊ុយហ្គ័រម៉ូស្លីម និងអំបូរជនជាតិភាគតិចម៉ូស្លីមជាច្រើនអំបូរទៀត។

 

 

យោងតាមក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា នៅក្នុងបញ្ជីខ្មៅទំាងអស់នោះ ត្រូវគេហៅថា ជាបញ្ជីអង្គភាព ដោយរាប់បញ្ចូលទំាងការិយាល័យសន្តិសុខសាធារណៈរដ្ឋបាលពលរដ្ឋតំបន់ស្វ័យតអ៊ុយហ្គ័រហ្ស៊ីនជៀង និងទីភ្នាក់ងារអនុតំបន់រដ្ឋបាលចំនួន១៩ទីតំាង រួមទំាងក្រុមហ៊ុនពាណិជ្ជកម្មចំនួន៨ផ្សេងទៀត ដោយសារតែស្ថាប័នទំាងអស់នោះសុទ្ធសឹងតែជាប់ពាក់ពន្ធ័ទៅនឹងការរំលោភសិទ្ធិមនុស្ស មានទំាងការឃុំខ្លួនតាមអំពើចិត្ត ការធ្វើទុក្ខបុកម្នេញទ្រង់ទ្រាយធំ និងការឃ្លំាមើលដោយប្រើប្រាស់បច្ចេកវិទ្យាប្រឆំាងនឹងអំបូរអ៊ុយហ្គ័រ។

 

 

គួរបញ្ជាក់ផងដែរថា Hikvision ត្រូវគេស្គាល់ឈ្មោះផ្លូវការថាជា ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល Hikvision នៃតំបន់ Hangzhou របស់ចិនដែលមានតម្លៃហ៊ុននៅលើទីផ្សារប្រមាណជា៤២ពាន់លានដុល្លារអាមេរិក ដោយបានហៅខ្លួនគេថាជា ក្រុមហ៊ុនផលិតកាម៉េរាឃ្លំាមើលជារូបភាពវីដេអូធំជាងគេក្នុងពិភពលោក។

 

 

បើតាមទីភ្នាក់ងាររ៉យទ័របានរាយការណ៍កាលពីខែសីហាថា Hikvision បានទទួលចំណូលពីបរទេសប្រមាណជា៣០% ស្មើនឹងទឹកប្រាក់ប្រមាណជា៧ពាន់លានដុល្លារអាមេរិក៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Reuters/South China Morning Post

 

មតិយោបល់