ជីវិត&អាជីវកម្ម | October 09, 2019 | 370

ទម្លាប់​ដូចគ្នា​របស់​មនុស្ស​ពូកែ​ធ្វើការ​ដែល​មានជីវិត​រីករាយ​

តើមាន​កត្តា​អ្វីខ្លះ​ដែល​ប្រែក្លាយ​អ្នកធ្វើការ​កម្រិត​ធម្មតា​ទៅជា​មនុស្ស​សម្រេច​បាន​ស្នាដៃ​ធំ​? យោង​តាម​អ្នកនិពន្ធ​ល្បីឈ្មោះ​ និង​ជា​គ្រូបង្ហាត់​ផ្នែក​របៀប​ធ្វើការ​ ជំហាន​ទៅ​រក​ស្នាដៃ​អស្ចារ្យ​មាន​លក្ខណ​សាមញ្ញ​ណាស់​រហូតដល់​មនុស្ស​ភាគច្រើន​មើល​រំលង​។ លក​ Brendon​ Burchard​ បាន​ណែនាំ​ឱ្យ​អ្នកធ្វើការ​ទាំងអស់​បង្កើត​ទម្លាប់​ទាំងនេះ​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​និង​ផលិតភាព​ខ្ពស់​ពី​ការងារ​ ៖

១/ ស្វែង​រភាព​ច្បាស់លាស់​

មនុស្ស​ពូកែ​ធ្វើការ​ជា​មនុស្ស​ដែល​រៀន​ស្តាប់​ សង្កេត​ និង​សួរ​សំណួរ​។ គេ​ស្វែងរក​របៀប​យល់​រឿងរ៉ាវ​ពី​គ្រប់ជ្រុងជ្រោយ​ និង​មើល​ស្ថានភាព​ការងារ​មួយ​ពី​ទស្សនៈ​របស់​មនុស្ស​ផ្សេង​ៗ។ លទ្ធផល​នៃ​ការងារ​របៀប​នេះ​គឺ​វប្បធម៌​រឹងមាំ​។

 

២/ មាន​ភាព​ស្វាហាប់​ខ្លាំង​

មនុស្ស​ពូកែ​ធ្វើការ​បង្កើត​សមត្ថភាព​រក្សា​ភាព​ស្វាហាប់​និង​ថាមពល​ផ្ទាល់ខ្លួន​របស់​គេ​នៅក្នុង​កម្រិតខ្ពស់​ ព្រមទាំង​លើក​ចំណាប់​អារម្មណ៍​និង​ការ​ប្រឹងប្រែង​របស់​មនុស្ស​ជុំវិញ​ខ្លួន​តាមរយៈ​គំរូ​របស់​គេ​។ លទ្ធផល​នៃ​ការ​មាន​ភាព​ស្វាហាប់​រហូតដល់​ឆ្លង​ទៅ​មនុស្ស​ជុំវិញ​ខ្លួន​បែបនេះ​គឺ​ការ​រីក​ច្រើន​ប្រកបដោយ​និរន្តរភាព​។

 

៣/ ស្វែងរក​មើល​បញ្ហា​

មនុស្ស​ពូកែ​ធ្វើការ​រៀន​សង្កេត​រក​បញ្ហា​ដែល​កើតឡើង​និង​ពិចារណា​គិតរក​មធ្យោបាយ​បន្ថយ​បញ្ហា​និង​កែតម្រូវ​បញ្ហា​ជាជាង​ទទួលយក​ស្ថាន​ភាព​ដដែល​ៗទាំង​ការ​មិន​ពេញចិត្ត​។ ពិភពលោក​សព្វថ្ងៃ​ផ្លាស់​ប្តូរ​យ៉ាង​រហ័ស​ណាស់​ ហើយ​ដំណោះស្រាយ​ដែល​មានប្រសិទ្ធភាព​កាលពី​ខែមុន​ប្រហែល​លែង​មានប្រយោជន៍​សម្រាប់​ខែ​នេះ​ហើយ​។ លទ្ធផល​នៃ​ទម្លាប់​ស្វែងរក​មើល​បញ្ហា​បែបនេះ​គឺ​គំនិត​ច្នៃប្រឌិត​កើនឡើង​។

 

៤/ សម្លឹង​រកមើល​មធ្យោបាយ​កាន់តែ​ងាយស្រួល​

ប្រហែល​គ្មានអ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ​សម្រាប់​មនុស្ស​ដែល​បង្កើន​ផលិតភាព​របស់​គេ​មានការ​ពេញចិត្ត​ច្រើន​និង​ទំនុកចិត្ត​ខ្ពស់​ក្នុង​ជីវិត​។ ពេលវេលា​កន្លងទៅ​រហ័ស​ណាស់​នៅពេល​លោកអ្នក​មាន​អារម្មណ៍​ថាស​ម្រេច​បាន​ស្នាដៃ​និង​ពេញចិត្ត​ចំពោះ​លទ្ធផល​។ សម្រាប់​ស្ថាប័ន​ការងារ​ទាំងមូល​អារម្មណ៍​បែបនេះ​នាំទៅរក​កំណើន​នៃ​ការ​វិនិយោគ​។

 

៥/ ចែករំលែក​អ្វី​ដែល​បាន​រៀន​

បុគ្គល​ដែល​ពូកែ​ធ្វើការ​មិន​ពេញចិត្ត​ក្នុង​ការរស់នៅ​ដាច់​ឆ្ងាយ​ពី​គេឯង​ទេ​ ប៉ុន្តែ​គេ​ចូលចិត្ត​ចែករំលែក​មេរៀន​ដែល​បាន​ទទួល​ថ្មី​ជា​មនុស្ស​ជុំវិញ​ខ្លួន​។ ទម្លាប់​នេះ​មាន​ឥទ្ធិពល​យ៉ាង​ល្អ​សម្រាប់​មនុស្សដទៃ​។ ការចែក​រំលែក​ចំណេះដឹង​ក៏​ជួយ​កាត់បន្ថយ​ឥរិយាបថ​ការពារ​និង​ច្រណែន​គ្នា​នៅក្នុង​កន្លែង​ធ្វើការ​ដែរ​។

 

៦/ បង្ហាញ​ភាព​ក្លាហាន​

នេះ​ជា​ទម្លាប់​មួយ​ដែល​មនុស្ស​ខ្លះ​ហៅថា​ជា​ការ​សុខចិត្ត​យក​ខ្លួន​ទៅ​អះអាង​ធ្វើជា​គំរូ​បើ​ទោះជា​កិច្ចការ​ដែល​ត្រូវ​ធ្វើមាន​លក្ខណៈ​ប្រថុយប្រថាន​ខ្ពស់​និង​លំបាក​យ៉ាងណាក៏ដោយ​។ ការ​ហ៊ាន​និយាយ​ការពារ​ភាព​ត្រឹមត្រូវ​របស់​មិត្ត​រួមការ​ងារ​ និង​ការ​ហ៊ាន​ប្រកាន់យក​ជំហរ​ការពិត​ដែល​ខុសចិត្ត​មនុស្ស​ភាគច្រើន​តម្រូវ​ឱ្យ​មាន​ភាព​ក្លាហាន​ច្រើនណាស់​។

 

ការសិក្សា​ស្រាវជ្រាវ​អ្នកធ្វើការ​ជិត២០ម៉ឺន​នាក់​ក្នុង​ប្រទេស​ចំនួន១៩០បង្ហាញ​ទំនាក់ទំនង​ដោយ​ផ្ទាល់​មួយ​រវាង​ទម្លាប់​ពូកែ​ធ្វើការ​និង​សុភមង្គល​ ទំនុកចិត្ត​ និង​ការ​ពេញចិត្ត​ទាំង​ក្នុង​ការងារ​និង​ក្នុង​ជីវិត​។ និយាយ​ជា​រួម​មក​ សម្រាប់​ជីវិត​ដែល​កាន់តែ​មាន​សុភមង្គល​ និង​អាជីព​កាន់តែ​ជោគជ័យ​ លោកអ្នក​ត្រូវ​រៀន​និង​អនុវត្ត​ទម្លាប់​ល្អ​ប្រចាំថ្ងៃ​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Entrepreneur​

មតិយោបល់