ជីវិត&អាជីវកម្ម | October 09, 2019 | 103

វិធី​សាស្រ្ត​យកឈ្នះ​បញ្ហា​សម្ពាធ​អារម្មណ៍​ដើម្បី​បង្កើត​ទំនាក់ទំនង​ល្អ​ក្នុង​ពាណិជ្ជកម្ម​

តើ​លោកអ្នក​ធ្លាប់​គិត​អំពី​ការបង្កើត​ទំនាក់ទំនង​ល្អ​ញឹកញាប់​កម្រិត​ណា​? ក្នុងនាម​ជា​មេដឹកនាំ​ លោកអ្នក​ដឹង​ច្បាស់​ថា​ការបង្កើត​ទំនាក់ទំនង​រឹងមាំ​មាន​សារៈសំខាន់​កម្រិត​ណា​។ តើ​លោកអ្នក​ចំណាយពេល​គ្រប់គ្រាន់​ដើម្បី​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន​ សមាជិក​ក្រុមការងារ​ និង​ដៃគូ​ពាណិជ្ជកម្ម​ដែរ​ឬទេ​? ទំនាក់ទំនង​ល្អ​មិនមែន​កើតឡើង​ឯកឯង​ទេ​ ប៉ុន្តែ​មាន​ជំនាញ​និង​ការអនុវត្ត​មួយចំនួន​ដែល​លោកអ្នក​អាច​រៀន​បន្ថែម​បាន​។ ខាងក្រោម​នេះ​ជា​ជំហាន​ដែល​អាច​ជួយ​លោកអ្នក​ពង្រឹង​ទំនាក់ទំនង​ដើម្បី​ជោគជ័យ​ក្នុង​ពាណិជ្ជកម្ម​។

១/ បង្កើន​ប្រាជ្ញា​អារម្មណ៍​

រឿង​សំខាន់​គឺ​ត្រូវ​ចំណាយពេល​គ្រប់គ្រាន់​ដើម្បី​អភិវឌ្ឍ​ជំនាញ​ប្រាជ្ញា​អារម្មណ៍​របស់​លោកអ្នក​តាមរយៈ​ការ​គិត​យ៉ាង​ប្រុងប្រយ័ត្ន​អំពី​សកម្មភាព​រាល់ថ្ងៃ​របស់​លោកអ្នក​។ តើ​លោកអ្នក​មាន​ឥរិយាបថ​ដូចម្តេច​ខ្លះ​នៅក្នុង​ស្ថានភាព​ពោរពេញ​ដោយ​សម្ពាធ​អារម្មណ៍​? ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ សូម​ព្យាយាម​ប៉ាន់ស្មាន​និង​ស្រមៃ​ដល់​របៀប​ដែល​លោកអ្នក​នឹង​មាន​អារម្មណ៍​នៅក្នុង​ស្ថានភាព​នី​មួយ​ៗ។ ត្រូវ​ដឹង​និង​យល់​អំពី​ភាសា​កាយវិការ​របស់​លោកអ្នក​និង​ភាសា​កាយវិការ​របស់​មនុស្ស​ជុំវិញ​ខ្លួន​លោកអ្នក​។ លោកអ្នក​ក៏អាច​ប្រើប្រាស់​សៀវភៅកំណត់​ហេតុ​ផ្ទាល់ខ្លួន​និង​ពិចារណា​អំពី​របៀប​ដែល​អារម្មណ៍​របស់​លោកអ្នក​មាន​ឥទ្ធិពល​លើ​បទពិសោធន៍​របស់​លោកអ្នក​ដែរ​។ លោកអ្នក​នឹង​មើលឃើញ​របៀបរបប​និង​រឿងរ៉ាវ​ខ្លះ​ដែល​លោកអ្នក​មិនបាន​ដឹង​កន្លងមក​ ហើយ​កម្លាំង​នៃ​ទំនាក់ទំនង​របស់​លោកអ្នក​ក៏​កាន់តែ​រីកចម្រើន​តាមរយៈ​កម្រិត​នៃ​ការយល់​ដឹង​ទាំងអស់​នេះ​ដែរ​។ ការសិក្សា​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា​ប្រាជ្ញា​អារម្មណ៍​ជួយ​កាត់បន្ថយ​សម្ពាធ​អារម្មណ៍​ដោយសារ​លោកអ្នក​មាន​សមត្ថភាព​គ្រប់គ្រង​លើ​អារម្មណ៍​របស់​ខ្លួនឯង​។

 

២/ ធ្វើខ្លួន​ជា​ស្ពាន​រវាង​ក្រុម​មនុស្ស​ផ្សេងគ្នា​

ការ​ចំណាយពេល​នៅជា​មួយ​ក្រុម​មនុស្ស​ដែល​លោកអ្នក​ស្គាល់​ច្បាស់​ធ្វើ​ឱ្យ​លោកអ្នក​មាន​អារម្មណ៍​សុវត្ថិភាព​ ប៉ុន្តែ​ការ​ធ្វើបែប​នេះ​មិនមែន​ជា​របៀប​បង្កើត​បណ្តាញ​ទំនាក់ទំនង​ជោគជ័យ​ទេ​។ ភាពជា​អ្នកដឹកនាំ​គឺ​អំពី​ឥទ្ធិពល​វែងឆ្ងាយ​ ហើយ​មេដឹកនាំ​ដែល​មានប្រសិទ្ធភាព​បំផុត​បង្កើត​បណ្តាញ​ទំនាក់ទំនង​ដែល​បើកចំហ​និង​ចម្រុះ​។ សូម​ព្យាយាម​កំណត់​ដឹង​កម្លាំង​រួម​រវាង​ក្រុម​មនុស្ស​ផ្សេងគ្នា​និង​ទាញ​ទំនាក់ទំនង​ព្រមទាំង​កំណត់​ឱ្យ​ដឹង​ថា​មនុស្ស​ណាខ្លះ​ដែល​អាច​ទទួល​បាន​ប្រយោជន៍​ពីគ្នា​ទៅវិញទៅមក​។ មេដឹកនាំ​ដែល​មានប្រសិទ្ធភាព​បង្កើត​បណ្តាញ​ទំនាក់ទំនង​បើកចំហ​និង​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​ចំណង​ទំនាក់ទំនង​ដែល​ទន់ខ្សោយ​។ ឱកាសល្អ​បំផុត​ច្រើនតែ​កើតឡើង​នៅក្នុង​ទំនាក់ទំនង​កម្រិត​ទីពីរ​ឬទីបី​។ នៅពេល​លោកអ្នក​ពង្រីក​ទំនាក់ទំនង​ លោកអ្នក​និង​បើក​ចិត្ត​ទទួលយក​ទស្សនៈ​ប្លែក​ៗ និង​អភិវឌ្ឍ​ទាំង​ប្រាជ្ញា​អារម្មណ៍​និង​ទំនាក់ទំនង​ល្អ​។

 

៣/ ធ្វើជា​អ្នក​ឱ្យ​

ទំនាក់ទំនង​មិនមែន​គ្រាន់តែ​ជា​រឿង​យក​និង​ឱ្យ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​បើ​ចង់​ទទួល​បាន​ប្រសិទ្ធភាព​កាន់តែ​ច្រើន​ថែមទៀត​នោះ​ គេ​ត្រូវ​បង្ហាញ​សណ្តាន​ចិត្ត​ឱ្យ​បាន​ច្រើន​។ ចិត្តល្អ​និង​ចិត្តសប្បុរស​បិទ​លំហូរ​នៃ​អារម្មណ៍​អាក្រក់​ដូចជា​ការ​ច្រណែន​ ការ​ខកចិត្ត​ ការ​ស្តាយក្រោយ​ និង​សម្ពាធ​អារម្មណ៍​។ តាមពិត​ទៅ​អារម្មណ៍​ដឹងគុណ​មាន​ឥទ្ធិពល​អាច​ជួយ​កាត់បន្ថយ​កម្រិត​សម្ពាធ​អារម្មណ៍​បាន​ជាង២០​%។ សូម​ព្យាយាម​ប្រើប្រាស់​ទំនាក់ទំនង​ដើម្បី​រកមើល​មធ្យោបាយ​ជួយ​អ្នកដទៃ​។ តើ​លោកអ្នក​អាច​ជួយ​អ្វី​បាន​ខ្លះ​ ក្នុង​ទម្រង់​ជា​ដំបូន្មាន​ ពេលវេលា​ និង​ជំនាញ​? តើ​លោកអ្នក​អាច​យល់ចិត្ត​គេ​និង​ជួយ​ផ្តល់​កម្លាំងចិត្ត​ដល់​គេ​បានទេ​? គេ​នឹង​ជឿ​ទុកចិត្ត​លើ​លោកអ្នក​ ហើយ​ជា​លទ្ធផល​ការ​ទទួល​បានការ​គាំទ្រ​ពី​សមាជិក​ក្រុមការងារ​របស់​លោកអ្នក​នឹង​ជួយ​ពង្រឹង​សមត្ថភាព​របស់​លោកអ្នក​ដើម្បី​ដឹកនាំ​និង​កាត់បន្ថយ​កម្រិត​សម្ពាធ​អារម្មណ៍​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Entrepreneur​

មតិយោបល់