ជីវិត&អាជីវកម្ម | October 09, 2019 | 112

កត្តា​សំខាន់​ដើម្បី​ផ្លាស់​ប្តូរ​ចិត្ត​របស់​លោកអ្នក​ទៅជា​ផ្នត់គំនិត​ពាណិជ្ជកម្ម​

ការ​អភិវឌ្ឍ​ខ្លួន​មាន​សារៈសំខាន់​ណាស់​ ហើយ​ប្រសិនបើ​លោកអ្នក​សម្រេចចិត្ត​ធ្វើការ​អភិវឌ្ឍ​ខ្លួនឯង​ លោកអ្នក​កំពុងតែ​ដើរ​លើ​ផ្លូវត្រូវ​ហើយ​។ រឿង​សំខាន់​ដែល​ត្រូវ​ដឹង​នោះ​គឺថា​លោកអ្នក​ពិតជា​អាច​ប្រែក្លាយ​ខ្លួន​ទៅជា​មនុស្ស​ខុសពី​បច្ចុប្បន្ន​នេះ​ ប្រសិនបើ​លោកអ្នក​ប្រឹងប្រែង​និង​ចំណាយពេល​គ្រប់គ្រាន់​ ហើយ​អនុវត្ត​តាម​ជំហាន​ទាំងនេះ​ ៖

១/ ផ្នត់គំនិត​

របៀប​ដែល​លោកអ្នក​គិត​អំពី​ជីវិត​របស់​លោកអ្នក​នឹង​កំណត់​ជោគជ័យ​ក្នុង​កិច្ចការ​ដែល​លោកអ្នក​ធ្វើ​។ អ្វី​ៗទាំងអស់​ស្ថិតនៅ​លើ​ការ​ផ្លាស់​ប្តូរ​របៀប​ដែល​លោកអ្នក​គិត​។ សហគ្រិន​ជា​ប្រភេទ​មនុស្ស​ដែល​ហ៊ាន​ប្រថុយ​ ប៉ុន្តែ​សូម្បីតែ​លោកអ្នក​មិនមែន​ជា​មនុស្ស​បែបនេះ​ពី​កំណើត​មក​ ក៏​លោកអ្នក​នៅតែ​អាច​ក្លាយជា​សហគ្រិន​បាន​ដែរ​។

 

លោកអ្នក​គួរតែ​យល់ថា​លោកអ្នក​ជា​មនុស្សម្នាក់​ដែល​សម្រេច​យក​របៀប​ដែល​លោកអ្នក​គិត​និង​ធ្វើការ​ក្នុង​ជីវិត​។ អ្វី​ៗទាំងអស់​ស្ថិតនៅ​លើ​លោកអ្នក​ទាំងស្រុង​ក្នុង​ការ​មាន​ឥរិយាបថ​បែប​ណា​ចំពោះ​ស្ថាន​ការ​បែប​ណា​។ បើ​លោកអ្នក​យល់ថា​របៀប​ដែល​លោកអ្នក​គិត​និង​ធ្វើ​មិនបាន​ជួយ​លោកអ្នក​ឱ្យ​រីកចម្រើន​ទេ​ លោកអ្នក​អាច​ផ្លាស់​ប្តូរ​បាន​។ ឈប់​ទទួល​យក​អ្វី​ៗគ្រប់យ៉ាង​ដែល​កើតឡើង​ចំពោះ​លោកអ្នក​ ហើយ​ត្រូវ​ហ៊ាន​បដិវត្ត​បើ​ចាំបាច់​។ ជោគជ័យ​យូរអង្វែង​ក្នុង​ពាណិជ្ជកម្ម​ស្ថិតនៅ​លើ​សមត្ថភាព​របស់​លោកអ្នក​ក្នុង​បត់បែន​។

 

២/ ការ​ប្តេជ្ញា​ចិត្ត​

បុគ្គលិក​លក្ខណៈ​សំខាន់​បំផុត​មួយ​របស់​អ្នកជំនួញ​ជោគជ័យ​គឺ​ការ​ប្តេជ្ញា​ចិត្ត​។ ការ​ប្តេជ្ញា​ចិត្ត​មិនមែន​គ្រាន់តែ​ជា​ភាពរឹងមាំ​ដើម្បី​ជម្នះ​ឧបសគ្គ​ដែល​លោកអ្នក​ជួបប្រទះ​នោះ​ទេ​ ឬការ​មាន​កម្លាំងចិត្ត​រឹងមាំ​ដើម្បី​តស៊ូ​គ្រប់​ស្ថានការណ៍​នោះ​ទេ​ ប៉ុន្តែ​ការ​ប្តេជ្ញា​ចិត្ត​ក៏​មានន័យថា​ជា​ការប្រុងប្រៀប​ត្រៀមខ្លួន​ដែរ​។ ការរៀបចំ​ផែនការ​យុទ្ធ​សាស្រ្ត​របស់​លោកអ្នក​ជា​ធាតុ​សំខាន់​ដើម្បី​សម្រេចជោគជ័យ​។

 

ពិត​ណាស់​ថា​លោកអ្នក​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ផែនការ​ជាប្រចាំ​ ហើយ​ពេលខ្លះ​ទៀត​លោកអ្នក​ក៏អាច​ធ្លាក់ទៅក្នុង​ស្ថានភាព​ដែល​មិនបាន​គិតទុកជាមុន​ដែរ​។ បើ​ទោះជា​យ៉ាងនេះ​ក្តី​ ក៏​មិនមែន​មានន័យថា​លោកអ្នក​ត្រូវតែ​ដើរ​ដោយ​គ្មាន​ការប្រុងប្រៀប​ទុកជាមុន​គ្រប់ពេល​នោះ​ទេ​។ បើ​មនុស្សម្នាក់​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ មានន័យថា​គេ​បាន​ត្រៀមខ្លួន​ពិតប្រាកដ​ដើម្បី​ប្រកាន់យក​ជំហរ​តាម​ការសម្រេច​ចិត្ត​របស់​គេ​និង​ធ្វើ​កិច្ចការ​លំបាក​គ្រប់យ៉ាង​ដើម្បី​សម្រេច​ស្នាដៃ​ធំ​នៅក្នុង​ជីវិត​។ គ្មាន​បុគ្គល​ជោគជ័យ​ណា​ម្នាក់​អង្គុយ​រង់ចាំ​ជោគជ័យ​ធ្លាក់​មក​ក្នុង​ដៃគេ​ទេ​។  ​

 

៣/ ទំនាក់ទំនង​

ដូច​អ្វី​ៗគ្រប់យ៉ាង​ផ្សេងទៀត​ដែរ​ ពាណិជ្ជកម្ម​គឺ​ទំនាក់ទំនង​។ ការបង្កើត​ទំនាក់ទំនង​រឹងមាំ​និង​យូរអង្វែង​ជា​ទិដ្ឋភាព​សំខាន់​មួយ​នៃ​ជោគជ័យ​ទាំង​ក្នុង​ពាណិជ្ជកម្ម​និង​ក្នុង​ជីវិត​។ បើ​លោកអ្នក​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​មនុស្ស​ គេ​ក៏​នឹង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​លោកអ្នក​វិញ​ដែរ​។ សហគ្រិន​ជោគជ័យ​ច្រើនតែ​ជា​មនុស្ស​ដែល​ចេះ​របៀប​បង្កើត​ទំនាក់ទំនង​ល្អ​។

 

នៅពេល​លោកអ្នក​បង្កើត​ទំនាក់ទំនង​ជាមួយ​មនុស្ស​ណា​ម្នាក់​ លោកអ្នក​មិន​ត្រូវ​ភ្លេច​ពង្រីក​និង​បន្ត​រឹតចំណង​ក្នុង​របៀប​ផ្សេង​ៗទេ​។ បើ​មិន​ដូច្នេះ​ទេ​ ទំនាក់ទំនង​នោះ​នឹង​សាបរលាប​ទៅតាម​ពេលវេលា​ដែល​លោកអ្នក​ព្រងើយកន្តើយ​។ ទំនាក់ទំនង​រឹងមាំ​ជាមួយ​គ្រួសារ​ មិត្តភក្តិ​ និង​ដៃគូ​ពាណិជ្ជកម្ម​សុទ្ធតែ​មាន​សារៈសំខាន់​ដូចគ្នា​។

 

៤/ ភាពជា​អ្នកដឹកនាំ​

តើ​ការ​ធ្វើជា​មេដឹកនាំ​អស្ចារ្យ​មានន័យ​ដូចម្តេច​? មាន​ចម្លើយ​ច្រើនណាស់​ចំពោះ​សំណួរ​មួយ​នេះ​ ហើយ​ចម្លើយ​ទាំងអស់​នោះ​ក៏​ខុសគ្នា​ដែរ​ដោយសារ​ការ​ធ្វើជា​មេដឹកនាំ​អស្ចារ្យ​ត្រូវ​ពាក់ព័ន្ធ​នឹង​រឿង​ជាច្រើន​ផ្សេងគ្នា​។ លោកអ្នក​មាន​ទំនួល​ខុសត្រូវ​ច្រើនណាស់​នៅពេល​លោកអ្នក​ធ្វើជា​មេដឹកនាំ​។

 

ភាពជា​អ្នកដឹកនាំ​គឺ​ការ​ហ៊ាន​ប្រថុយ​និង​ការ​ផ្តល់​តម្លៃ​ចំពោះ​មនុស្ស​នៅ​ក្រោមបង្គាប់​។ ភាពជា​អ្នកដឹកនាំ​ក៏​ជា​ការ​គិត​រហ័ស​និង​ការសម្រប​សម្រួលកិច្ច​ការ​គ្រប់យ៉ាង​ក្នុង​របៀប​មួយ​ដែល​មានប្រសិទ្ធភាព​បំផុត​ដែរ​។ មេដឹកនាំ​ល្អ​ស្គាល់​មនុស្ស​ជុំវិញ​ខ្លួន​ច្បាស់​និង​ទទួលស្គាល់​ស្នាដៃ​ដែលគេ​សម្រេច​បាន​។ ភាពជា​អ្នកដឹកនាំ​គឺ​ការ​បង្រៀន​និង​ការ​រៀន​។

 

៥/ ចំណេះដឹង​ពាណិជ្ជកម្ម​

សហគ្រិន​ខ្លាំងពូកែ​ជា​មនុស្ស​ដែល​ស្គាល់​ពាណិជ្ជកម្ម​របស់​គេ​ទាំង​ក្នុង​និង​ក្រៅ​។ គេ​មិន​ត្រឹមតែ​ស្គាល់​ពាណិជ្ជកម្ម​មួយ​មុខ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​គេ​ក៏​ស្គាល់​ឧស្សាហកម្ម​និង​គូប្រជែង​ទាំងអស់​ដែរ​។ លោកអ្នក​ត្រូវតែ​ដឹងរឿង​រ៉ាវ​គ្រប់យ៉ាង​ដែល​កំពុងតែ​កើតឡើង​ជុំវិញ​ខ្លួន​លោកអ្នក​ សូម្បីតែ​អ្នកដទៃ​មើល​មិនឃើញ​ថា​ជា​រឿង​សំខាន់​ក៏ដោយ​។ មើល​ស្ថានការណ៍​ឱ្យ​គ្រប់ជ្រុងជ្រោយ​ និង​ទទួលយក​ទស្សន​វិ​ស័យ​ផ្សេង​ៗមក​ពិចារណា​ថ្លឹងថ្លែង​។

 

ជាទូទៅ​ លោកអ្នក​មិន​អាច​ចេះ​ធ្វើ​កិច្ចការ​គ្រប់យ៉ាង​ទេ​ ហេតុដូច្នេះ​ហើយ​បាន​ជា​លោកអ្នក​ត្រូវ​អប់រំ​ខ្លួន​ជាបន្តបន្ទាប់​។ បទពិសោធន៍​ជា​រឿង​អស្ចារ្យ​ ប៉ុន្តែ​ចំណេះដឹង​ក្នុង​ទ្រឹ​ស្តី​ក៏​មាន​សារៈសំខាន់​ដែរ​។ អាន​សៀវភៅ​ ចូលរួម​សិក្ខាសាលា​ និង​អប់រំ​ខ្លួនឯង​ជាប្រចាំ​។  ​

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Addicted2Success​

មតិយោបល់