ជីវិត&អាជីវកម្ម | September 11, 2019 | 70

បើ​មិន​មាន​ផែនការ​ពាណិជ្ជកម្ម​ច្បាស់លាស់​ លោកអ្នក​មិន​ធ្វើ​ពា​ណិ​ញ្ជ​កម្ម​ឱ្យ​ដល់កម្រិត​ទេ​

ការ​ជជែក​ដេញដោល​គ្នា​ជុំវិញ​ទំនាក់ទំនង​នៃ​ផែនការ​ពាណិជ្ជកម្ម​ជា​ប្រធានបទ​មួយ​ដែល​បន្ត​ខ្វែងគំនិត​គ្នា​រហូតមកដល់​ពេលនេះ​ទៀត​។ បើ​ទោះជា​ការយល់​ដឹង​ជាទូទៅ​បង្ហាញថា​ផែនការ​ពាណិជ្ជកម្ម​មាន​តួនាទី​ក្នុង​ការសម្រេច​ជោគជ័យ​របស់​ក្រុមហ៊ុន​មួយ​ ក៏​នៅក្នុង​ពិភព​ពាណិជ្ជកម្ម​ថ្មី​មួយចំនួន​នៅ​ស្ទាក់ស្ទើរ​មិនព្រម​ជឿ​តាម​នោះ​ទេ​។

ទោះជាយ៉ាងណា​ ផែនការ​ពាណិជ្ជកម្ម​នៅតែ​ជា​ធាតុផ្សំ​ចាំបាច់​នៃ​ជោគជ័យ​ពាណិជ្ជកម្ម​ ជាពិសេស​នៅពេល​លោកអ្នក​ពិចារណា​ដល់​បរាជ័យ​របស់​ពាណិជ្ជកម្ម​ជាច្រើន​។ ផែនការ​ពាណិជ្ជកម្ម​ល្អជា​កន្លែង​ដែល​សហគ្រិន​បកស្រាយ​លទ្ធផល​ពី​ការសាកល្បង​គំនិត​ពាណិជ្ជកម្ម​របស់​គេ​ ដើម្បី​គេ​អាច​បង្ហាញ​យុទ្ធ​សាស្រ្ត​មួយ​ដែល​មានឱកាស​ល្អ​បំផុត​ដើម្បី​ជោគជ័យ​។ ការវាយតម្លៃ​តាមរបៀប​នេះ​ជា​ការបែងចែក​ដ៏​សំខាន់​មួយ​រវាង​ផែនការ​ពាណិជ្ជកម្ម​ដែល​មាន​ឥទ្ធិពល​ពី​ឯកសារ​ដែល​មិន​ទាក់ទង​។

 

បើ​លោកអ្នក​ចង់ឱ្យ​ពាណិជ្ជកម្ម​ទទួល​បាន​ជោគជ័យ​ ទោះជា​ដើម្បី​ទាក់ទាញ​អតិថិជន​ ប្រមូល​ដើមទុន​ ឬជួល​ក្រុមការងារ​ខ្លាំងពូកែ​ក៏ដោយ​ ក៏​លោកអ្នក​ត្រូវ​យកចិត្ត​ទុកដាក់​លើ​រឿង​អនុវត្ត​ផែនការ​ពាណិជ្ជកម្ម​រឹងមាំ​ដែរ​។

 

ហេតុអ្វីបានជា​ផែនការ​ពាណិជ្ជកម្ម​នៅតែ​សំខាន់​?

ក្រៅពី​ផែនការ​ពាណិជ្ជកម្ម​ដើរតួ​ជា​ឧបករណ៍​មួយ​ដែល​ធនាគារ​និង​វិនិយោគិន​ប្រើប្រាស់​ដើម្បី​សម្រេចចិត្ត​ផ្តល់​ដើមទុន​ វា​ក៏​បម្រើ​ដល់​គោលបំណង​សំ​ខាន់​ៗមួយចំនួន​ទៀត​ដែរ​។ វា​ជួយ​ឱ្យ​លោកអ្នក​គិត​បាន​សព្វ​ជ្រុងជ្រោយ​អំពី​ពាណិជ្ជកម្ម​និង​យុទ្ធ​សាស្រ្ត​របស់​លោកអ្នក​ក្នុង​របៀប​មួយ​ដែល​ការ​គ្រាន់តែ​និយាយ​មិន​អាច​ផ្តល់​ភាព​ច្បាស់លាស់​បាន​។ វិធី​សាស្រ្ត​តែមួយគត់​ដែលគេ​អាច​ដឹង​អំពី​តម្លៃពិត​ប្រាកដ​នៃ​ផែនការ​ពាណិជ្ជកម្ម​គឺ​តាមរយៈ​ការសាកល្បង​ការ​សន្និដ្ឋាន​និង​ការ​បកស្រាយ​លទ្ធផល​។

 

តើ​អតិថិជន​របស់​លោកអ្នក​ជា​នរណា​ខ្លះ​? តើ​គេ​ចង់បាន​អ្វីខ្លះ​ពី​ផលិតផល​ឬសេវាកម្ម​របស់​លោកអ្នក​? តើ​គេ​សុខចិត្ត​ចាយ​លុយ​ច្រើន​ប៉ុណ្ណា​ដើម្បី​ទិញ​ផលិតផល​ឬសេវាកម្ម​របស់​លោកអ្នក​? ហើយ​គូប្រជែង​របស់​លោកអ្នក​កំពុងតែ​ធ្វើអ្វី​ខ្លះ​ដែល​លោកអ្នក​មិន​អាច​ធ្វើ​បាន​? ទាំងនេះ​ជា​សំណួរ​ដែល​ស្ថាបនិក​ក្រុមហ៊ុនAirbnb​ ប្រើប្រាស់​ដើម្បី​បង្កើត​កន្លែង​ជួល​ស្នាក់នៅ​ទូទាំង​ពិភពលោក​។ ការ​សន្និដ្ឋាន​របស់​លោកអ្នក​អាចយ​កទៅ​សាកល្បង​បាន​តាមរយៈ​ផែនការ​ពាណិជ្ជកម្ម​។

 

ធ្វើ​យ៉ាងណា​ដើម្បី​រៀបចំផែនការ​ពាណិជ្ជកម្ម​បាន​ល្អ​?

ដើម្បី​បញ្ជៀស​ផែនការ​ពាណិជ្ជកម្ម​របស់​លោកអ្នក​ពី​ការ​សន្និដ្ឋាន​ដែល​គ្មាន​ការសាកល្បង​ច្រើនពេក​ ការ​ផ្តោត​លើ​ការវាយតម្លៃ​ដូច​ខាងលើ​នេះ​ជា​មធ្យោបាយ​ល្អ​បំផុត​មួយ​ដើម្បី​បង្ហាញ​បំណង​។ ដោយសារ​ការវាយតម្លៃ​ទាំងនេះ​ធ្វើ​បាន​ល្អ​បំផុត​តាមរយៈ​ការ​ជួប​ផ្ទាល់​ជាមួយនឹង​អតិថិជន​ មាន​ឧបករណ៍​មួយចំនួន​ដែល​អាច​ប្រើប្រាស់​បាន​ដើម្បី​ស្វែងរក​អតិថិជន​និង​គូប្រជែង​។ ការប្រើ​ប្រាស់​កម្មវិធី​ស្វែង​លើ​បណ្តាញ​សង្គមTwitter​ Facebook​ និង​LinkedIn​ Groups​ ជា​មធ្យោបាយ​ល្អ​ដើម្បី​ចាប់ផ្តើម​ស្វែងរក​មនុស្ស​ដែល​លោកអ្នក​ចង់និយាយ​ជាមួយ​។

 

នៅពេល​លោកអ្នក​ស្វែងរក​អតិថិជន​ឃើញ​ហើយ​ លោកអ្នក​ត្រូវ​សួរ​សំណួរ​ឱ្យ​ចំ​គោលដៅ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ដែល​ទាក់ទង​និង​អាច​ប្រាប់​បាន​ថា​ពាណិជ្ជកម្ម​របស់​លោកអ្នក​គួរតែ​ផ្តោត​លើ​ដំណោះស្រាយ​អ្វីខ្លះ​។ ដូច្នេះ​លោកអ្នក​ត្រូវ​ស្តាប់​គ្រប់​សម្តី​របស់​អតិថិជន​និង​ជជីកសួរ​បន្ថែម​ទៀត​ដើម្បី​យល់ដឹង​ឫសគល់​នៃ​បញ្ហា​របស់​គេ​។ បន្ទាប់មក​ត្រូវ​បង្កើត​ដំណោះស្រាយ​មួយ​និង​ផ្ទៀងផ្ទាត់​ជាមួយ​អតិថិជន​រហូតដល់​លោកអ្នក​រក​ឃើញ​និង​បង្កើត​បាន​ដំណោះស្រាយ​ត្រឹមត្រូវ​។

 

ធានា​ឱ្យ​បាន​ថា​ផែនការ​ពាណិជ្ជកម្ម​របស់​លោកអ្នក​នៅតែ​មានប្រយោជន៍​

គួរ​ឱ្យ​ស្តាយ​ដែល​កាលណា​រៀបចំ​រួចរាល់​ហើយ​ ពាណិជ្ជកម្ម​ជាច្រើន​មិនព្រម​វិល​ទៅ​រក​ផែនការ​ពាណិជ្ជកម្ម​វិញ​ទេ​ក្រោយពេល​ផលិត​។ ផែនការ​ពាណិជ្ជកម្ម​នោះ​ស្ថិតនៅ​តែ​ក្នុង​ទូ​និង​ត្រូវ​គេ​បំភ្លេច​ចោល​។ ទោះជាយ៉ាងណា​ គុណភាព​នៃ​ផែនការ​ពាណិជ្ជកម្ម​នោះ​ឆ្លុះបញ្ចាំង​តាមរយៈ​ភាព​ញឹកញាប់​នៃ​ការពិនិត្យ​មើល​ឡើងវិញ​របស់​សហគ្រិន​។ ការបង្កើត​ផែនការ​ពាណិជ្ជកម្ម​ក្នុង​របៀប​ខាងលើ​នេះ​នឹង​ប្រាប់​លោកអ្នក​ឱ្យ​ដឹង​អំពី​ការ​សន្និដ្ឋាន​សំ​ខាន់​ៗ និង​ការ​ប្រថុយ​មួយចំនួន​ក្នុង​ផែនការ​របស់​លោកអ្នក​។ ការ​ប្រតិកម្ម​តប​ទៅ​នឹង​អ្វី​ដែល​កើតឡើង​ក្នុង​ការអនុវត្ត​ផែនការ​ជាក់ស្តែង​នឹង​ជួយ​ឱ្យ​លោកអ្នក​បត់បែន​ផែនការ​ពាណិជ្ជកម្ម​នោះ​ ដើម្បី​លោកអ្នក​អាចប​ង្កើត​ឯកសារ​មួយ​ដែល​កែតម្រូវ​ទៅតាម​ភាព​ចាំបាច់​នៃ​កាលៈទេសៈ​សម្រាប់​ពាណិជ្ជកម្ម​។

 

សារៈសំខាន់​នៃ​ផែនការ​ពាណិជ្ជកម្ម​បែបនេះ​នឹង​ឆ្លើ​បញ្ចាំង​សម្រាប់​ធនាគារ​ វិនិយោគិន​ និង​បុគ្គលិក​ដែល​មាន​សក្តា​នុ​ពល​។ កម្រិត​នៃ​ភាព​លម្អិត​និង​ការ​ដឹងខ្លួន​របស់​លោកអ្នក​នឹង​ធ្វើ​ឱ្យ​លោកអ្នក​ស្ថិតនៅ​ក្នុង​ជំហរ​ល្អ​នៃ​ពិភព​ពាណិជ្ជកម្ម​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Entrepreneur​

មតិយោបល់