ជីវិត&អាជីវកម្ម | August 24, 2019 | 196

ជំនាញ​ចាំបាច់​ដើម្បី​ជោគជ័យ​ក្នុង​ដំណើរ​ជីវិត​សហគ្រិន​

មាន​ក្បួនច្បាប់​ច្រើនណាស់​អំ​ពី​បណ្តុំ​ជំនាញ​ដែល​ត្រូវការ​ដើម្បី​ជោគជ័យ​ក្នុងនាម​ជា​សហគ្រិន​។ គ្មានអ្វី​គួរ​ឱ្យ​សង្ស័យ​ទេ​ថា​សហគ្រិន​តែងតែមាន​ភាព​មិន​ច្បាស់លាស់​អំពី​ជំនាញ​ដែល​ត្រឹមត្រូវ​សម្រាប់​គេ​។ ដូច្នេះតើ​សហគ្រិន​ជោគជ័យ​ដឹង​បាន​ដោយ​របៀបណា​ថា​ជំនាញ​អ្វីខ្លះ​ដែល​ត្រូវ​មាននៅ​ក្នុង​ប្រតិបត្តិ​ការ​ប្រចាំថ្ងៃ​របស់​គេ​?

ទោះជា​លោកអ្នក​ជា​សហគ្រិន​ជើងថ្មី​ឬជើងចាស់​ក៏ដោយ​ ក៏​លោកអ្នក​ត្រូវ​មាន​ជំនាញ​ទាំងនេះ​ដែរ​ដើម្បី​ទទួល​បាន​ជោគជ័យ​ ៖

 

១/ គ្រប់គ្រង​លុយ​

លោកអ្នក​មិន​អាច​សម្រេច​គោលដៅ​សហគ្រិន​បានទេ​បើ​លោកអ្នក​មិន​ចេះ​របៀប​គ្រប់គ្រង​ហិរញ្ញវត្ថុ​។ លោកអ្នក​ត្រូវ​មាន​រចនាសម្ព័ន្ធ​ក្នុង​ដៃ​ដើម្បី​តាមដាន​ប្រភព​ចំណូល​និង​ចំណាយ​។ សួរ​ខ្លួនឯង​ថា​តើ​លោកអ្នក​ចាយ​ច្រើនជាង​រកបាន​ឬទេ​ ហើយ​ត្រូវ​គណនា​ផលធៀប​នៃ​ការ​សន្សំ​ផង​។ លោកអ្នក​ត្រូវតែ​ចេះ​ក្បួនច្បាប់​វិនិយោគ​ហិរញ្ញ​វត្ថុ​ថ្មី​ៗនិង​របៀប​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅក្នុង​ពេល​ជួប​បញ្ហា​។

 

២/ មហិច្ឆតា​

មហិច្ឆតា​ជា​ជំនាញ​ដែល​លំបាក​បំផុត​សម្រាប់​សហគ្រិន​។ គោលដៅ​គឺ​ជំនាញ​ដែ​លោកអ្នក​ត្រូវការ​ដើម្បី​បន្តដំណើរ​ទៅមុខ​ជានិច្ច​នៅពេល​ជួប​ស្ថានភាព​លំបាក​។ នេះ​ជា​សមត្ថភាព​ដើម្បី​ដឹង​គោលដៅ​និង​មិន​ត្រូវ​បាត់បង់​ការ​ផ្តោត​ចិត្ត​។ សហគ្រិន​ជោគជ័យ​មាន​ចរិត​មានះ​ ហើយ​ចរិត​នេះ​ក៏​ជំរុញ​ឱ្យ​គេ​ខិតខំ​ធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​។

 

៣/ ចូលចិត្ត​រៀន​

ការ​រៀន​ជា​ដំណើរ​មិន​ចេះ​ចប់​។ សហគ្រិន​ភាគច្រើន​បង្កើត​កំហុស​ក្នុង​ការកំណត់​ព្រំដែន​នៃ​ការអប់រំ​ខ្លួនឯង​។ ចំណេះដឹង​ជា​ដំណើរ​ពេញ​មួយ​ជីវិត​ ហើយ​វា​ជំនាញ​ចាំបាច់​សម្រាប់​សហគ្រិន​ជោគជ័យ​។ ដូច្នេះហើយ​ លោកអ្នក​ត្រូវតែ​បង្កើន​ចំណេះដឹង​អំពី​បច្ចេកវិទ្យា​ បរិស្ថាន​ និង​ឧស្សាហកម្ម​របស់​លោកអ្នក​គ្រប់ពេល​។

 

៤/ គំនិត​ច្នៃប្រឌិត​

លោកអ្នក​ត្រូវការ​ជំនាញ​ច្នៃប្រឌិត​ដើម្បី​សម្រេច​បាន​ជោគជ័យ​ក្នុងនាម​ជា​សហគ្រិន​។ ការ​ព្យាយាម​ធ្វើ​កិច្ចការ​ក្នុង​របៀប​ដដែល​ៗយូរ​ទៅ​នឹង​បាន​ទទួល​ត្រឹមតែ​លទ្ធផល​ដដែល​ប៉ុណ្ណោះ​។ ហេតុដូច្នេះ​ហើយ​ លោកអ្នក​ត្រូវ​ប្រើប្រាស់​គំនិត​ច្នៃប្រឌិត​ដើម្បី​រក​វិធី​សា​ស្រ្តថ្មី​ៗ។ ទោះជាយ៉ាងណា​ការ​មានគំនិត​ច្នៃប្រឌិត​មិនមែន​មានន័យថា​លោកអ្នក​ត្រូវ​ធ្វើ​កិច្ចការ​ក្នុង​របៀប​ខុសគេ​ដោយ​គ្មាន​ហេតុផល​នោះ​ទេ​។ ពេលខ្លះ​លោកអ្នក​ត្រូវការ​សកម្មភាព​សាមញ្ញ​ដើម្បី​ទទួល​បាន​គំ​និ​តថ្មី​ៗ។

 

៥/ ផលិតភាព​

សហគ្រិន​ជោគជ័យ​បាន​រៀន​របៀប​ប្រើប្រាស់​ជំនាញ​ផលិតភាព​តាមរយៈ​ការ​រក​ឃើញ​គន្លឹះ​នៃ​ផលិតភាព​សម្រាប់​ខ្លួន​គេ​។ ជាទូទៅ​សហគ្រិន​ជោគជ័យ​បង្កើត​ផលិតភាព​តាមរយៈ​ការ​ធ្វើការ​នៅក្នុង​ពេល​ដែល​ថាមពល​របស់​គេ​ស្ថិតនៅ​ក្នុង​កម្រិតខ្ពស់​។ ផលិតភាព​ក៏​ត្រូវ​មាន​ឧបករណ៍​ជំនួយ​មួយចំនួន​ដែរ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​សហគ្រិន​ម្នា​ក់ៗ​។

 

៦/ ជំនាញ​សង្គម​

សហគ្រិន​ខ្លះ​មើលស្រាល​សារៈសំខាន់​នៃ​ជំនាញ​សង្គម​។ មនុស្ស​ប្រភេទ​នេះ​មិនដឹង​ថា​គេ​អាច​បង្កើន​ឱកាស​ជោគជ័យ​តាមរយៈ​ការរាប់​អាន​មនុស្ស​ត្រូវ​ទេ​។ ស្វែងរក​សហគ្រិន​ដែល​មាន​គោលដៅ​ស្រដៀងគ្នា​ និង​សង្កេតមើល​របៀប​ដែលគេ​ជម្នះ​ឧបសគ្គ​និង​បញ្ហា​។ ជាង​នេះ​ទៅទៀត​ លោកអ្នក​ត្រូវ​សិក្សា​យុទ្ធ​សាស្រ្ត​ជោគជ័យ​របស់​គេ​ដើម្បី​រៀន​ធ្វើ​ផែ​នការព​ណិ​ជ្ជ​កម្ម​ឱ្យ​កាន់តែ​ប្រសើរ​។

 

៧/ ជំនាញ​គ្រប់គ្រង​

ការ​រៀន​ត្រឹមតែ​ជំនាញ​ដែល​រៀបចំ​មក​ខាងដើម​នេះ​មិនទាន់​គ្រប់គ្រាន់​ទេ​បើ​គ្មាន​ការ​បង្កើន​ជំនាញ​គ្រប់គ្រង​។ ក្នុងនាម​ជា​សហគ្រិន​ លោកអ្នក​នឹង​ត្រូវ​គ្រប់គ្រង​មនុស្ស​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ទទួល​បាន​លទ្ធផល​ខ្ពស់​។ នេះ​ជា​ពេល​ដែល​ត្រូវ​រៀន​លើកទឹកចិត្ត​ និង​គាំទ្រ​បុគ្គលិក​របស់​លោកអ្នក​។ ការ​រៀន​ជំនាញ​គ្រប់គ្រង​នឹង​ជួយ​លោកអ្នក​ចេះ​ប្រើ​មនុស្ស​ទៅតាម​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​របស់​គេ​។

 

៨/ តស៊ូ​ជម្នះ​

សហគ្រិន​ជោគជ័យ​ទាំងអស់​សុទ្ធតែ​ធ្លាប់​ជួប​រឿង​បរាជ័យ​។ គេ​អាច​ឈរជើង​បាន​នៅក្នុង​ស្ថានភាព​លំបាក​ ក្នុង​ពេល​ដែល​មនុស្សជា​ច្រើន​ផ្សេងទៀត​ព្រម​ទទួលចុះចាញ់​។ សហគ្រិន​ជោគជ័យ​តស៊ូ​ជម្នះ​គ្រប់ពេល​លំបាក​តាមរយៈ​ការ​ជ្រើសរើស​រៀន​និង​ហ៊ាន​សម្រេចចិត្ត​យ៉ាង​ប្រុងប្រយ័ត្ន​ដោយ​ផ្អែកលើ​បទពិសោធន៍​។

 

៩/ គ្រប់គ្រង​ពេលវេលា​

ការគ្រប់គ្រង​ពេលវេលា​ជា​ជំនាញ​ដែល​មានតម្លៃ​ខ្ពស់​សម្រាប់​សហគ្រិន​។ តាមរយៈ​ការគ្រប់គ្រង​ពេលវេលា​ លោកអ្នក​ត្រូវ​មាន​ផែនការ​លម្អិត​សម្រាប់​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ប្រចាំថ្ងៃ​។ ជំនាញ​នេះ​ជួយ​លោកអ្នក​កំណត់​អាទិភាព​កិច្ចការ​ និង​របៀប​ដោះស្រាយ​កិច្ចការ​សំ​ខាន់​ៗ។ ការគ្រប់គ្រង​ពេលវេលា​ក៏​ជួយ​លោកអ្នក​ប្រយុទ្ធ​នឹង​ការ​អូស​បន្លាយពេល​វេលា​និង​ការសម្រេច​ចិត្ត​ពាណិជ្ជកម្ម​រាល់ថ្ងៃ​ដែរ​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Addicted2Success​

មតិយោបល់