ជីវិត&អាជីវកម្ម | August 24, 2019 | 85

យុទ្ធ​សាស្រ្ត​សម្រាប់​សហគ្រិន​ប្រើប្រាស់​សម្រាប់​បង្កើត​បណ្តាញ​ទំនាក់ទំនង​

សហគ្រិន​ចំណាយពេល​វេលា​ច្រើន​ក្នុង​ការបង្កើត​បណ្តាញ​ទំនាក់ទំនង​ដើម្បី​បំពេញ​ចន្លោះ​កង្វះខាត​។ ព្រឹត្តិ​ការណ៍​បង្កើត​បណ្តាញ​ទំនាក់ទំនង​ផ្តល់​ឱកាស​យ៉ាង​ល្អ​សម្រាប់​សហគ្រិន​ ប៉ុន្តែ​តើ​លោកអ្នក​ត្រូវ​ធ្វើខ្លួន​ដូចម្តេច​ដើម្បី​បង្ហាញ​ភាព​លេចធ្លោ​និង​ទទួល​បាន​ប្រយោជន៍​ច្រើន​មកវិញ​? តើ​លោកអ្នក​អាច​ធ្វើ​ឱ្យ​មនុស្ស​ក្នុង​បណ្តាញ​ទំនាក់ទំនង​កត់សម្គាល់​លោកអ្នក​បាន​ដោយ​របៀបណា​?

យុទ្ធ​សាស្រ្ត​ទាំង​បី​ខាងក្រោម​នេះ​នឹង​ជួយ​លោកអ្នក​ទាំង​នៅមុន​ពេល​ ក្នុង​ពេល​ និង​ក្រោយពេល​បង្កើត​បណ្តាញ​ទំនាក់ទំនង​ ៖

 

១/ កេរ្តិ៍ឈ្មោះ​ពាណិជ្ជកម្ម​មាន​ភាព​ស្របគ្នា​នៅ​លើ​បណ្តាញ​សង្គម​

មនុស្ស​ភាគច្រើន​មាន​វត្តមាន​នៅ​លើ​អ៊ីនធឺណិត​ ជាពិសេស​បណ្តាញ​សង្គម​។ មនុស្ស​ដែល​លក់​ផលិតផល​ឬសេវាកម្ម​កាន់តែ​ត្រូវការ​បណ្តាញ​សង្គម​ដើម្បី​បង្កើន​ច្រក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​និង​ពង្រីក​ទីផ្សារ​។ ហេតុដូច្នេះ​ហើយ​ ការ​បង្ហោះ​រូប​ឬសារ​អ្វីមួយ​របស់​លោកអ្នក​នៅ​លើ​បណ្តាញ​សង្គម​ ទោះជា​ទាក់ទង​ឬមិន​ទាក់ទង​ជាមួយ​ពាណិជ្ជកម្ម​របស់​លោកអ្នក​ ក៏​មាន​ឥទ្ធិពល​លើ​ពាណិជ្ជកម្ម​របស់​លោកអ្នក​ដែរ​។

 

បើ​លោកអ្នក​ស្គាល់​នរណា​ម្នាក់​នៅក្នុង​ព្រឹត្តិ​ការណ៍​បង្កើត​បណ្តាញ​ទំនាក់ទំនង​ ហើយ​គេ​ចាប់ផ្តើម​ចូល​មើល​គេហទំព័រ​ឬបណ្តាញ​សង្គម​របស់​លោកអ្នក​ តើ​រូបភាព​ឬសា​រថ្មីៗ​បំផុត​របស់​លោកអ្នក​មាន​ឆ្លុះបញ្ចាំង​អ្វីខ្លះ​អំពី​លោកអ្នក​និង​ពាណិជ្ជកម្ម​របស់​លោកអ្នក​? ប្រហែល​លោកអ្នក​គួរតែ​ពិចារណា​ឡើងវិញ​ដែរ​ចំពោះ​វេទិកា​រប​ណ្តាញ​សង្គម​ណា​ដែល​លោកអ្នក​មិនសូវ​បាន​ប្រើ​ញឹកញាប់​និង​ទៀងទាត់​។ លោកអ្នក​អាច​នឹង​ឈប់​ប្រើប្រាស់​បណ្តាញ​សង្គម​ណា​ដែល​មិនសូវ​សកម្ម​ឬជួលមនុស្ស​មក​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

 

២/ បោះពុម្ព​សៀវភៅ​ផ្ទាល់ខ្លួន​ជា​នាម​បណ្ណ​ពាណិជ្ជកម្ម​សម័យថ្មី​

តាមរយៈ​បច្ចេកវិទ្យា​សព្វថ្ងៃ​នេះ​ សហគ្រិន​ជាច្រើន​ដេញដោល​អំពី​តម្រូវការ​សម្រាប់​នាម​បណ្ណ​ពាណិជ្ជកម្ម​ ហើយ​នៅក្នុង​ព្រឹត្តិ​ការណ៍​បង្កើត​បណ្តាញ​ទំនាក់ទំនង​ លោកអ្នក​អាច​ប្រើប្រាស់​វិធី​សាស្រ្ត​ជាច្រើន​ទាំង​របៀប​ដែល​មាន​នាម​បណ្ណ​និង​របៀប​ដែល​មិន​ចាំបាច់​មាន​នាម​បណ្ណ​។ ជម្រើស​ថ្មី​មួយទៀត​ នៅពេល​ដែល​នរណា​ម្នាក់​សួរ​លោកអ្នក​ថា​លោកអ្នក​ធ្វើការងារ​អ្វី​ លោកអ្នក​អាច​នឹង​ជូនសៀវភៅ​មួយ​ក្បាល​ដែល​លោកអ្នក​សរសេរ​និង​មាន​ហត្ថលេខា​របស់​លោកអ្នក​ផង​ដើម្បី​ប្រាប់​គេ​អំពី​ជំនាញ​និង​ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុង​របៀប​ដែលគេ​ពិបាក​នឹង​បំភ្លេច​បាន​។

 

ការ​ធ្វើបែប​នេះ​ទោះបី​ត្រូវ​ចំណាយធនធាន​និង​ពេលវេលា​ច្រើន​បន្តិច​មែន​ ប៉ុន្តែ​វា​ជា​មធ្យោបាយ​ដែល​ធ្វើ​ឱ្យ​គេ​ជឿជាក់​និង​យកចិត្ត​ទុកដាក់​ពិតប្រាកដ​លើ​រូបលោក​អ្នក​។ វា​ក៏​ជា​មធ្យោបាយ​ដែល​បើក​ច្រក​ឱ្យ​អ្នកដទៃ​បាន​ស្គាល់​កាន់តែ​ច្រើន​អំពី​លោកអ្នក​និង​ពាណិជ្ជកម្ម​របស់​លោកអ្នក​ដែរ​។ តាមរយៈ​ការ​សរសេរ​សៀវភៅ​ លោកអ្នក​ក៏​ក្លាយ​ខ្លួន​ជា​មនុស្ស​ជំនាញ​នៅក្នុង​ឧស្សាហកម្ម​របស់​លោកអ្នក​ដែរ​។

 

៣/ ការ​មាន​វគ្គសិក្សា​ឬក្រុម​មេគំនិត​នឹង​ជួយ​ឱ្យ​លោកអ្នក​លេចធ្លោ​ជាងគេ​

តាមរយៈ​ការ​មាន​គន្លឹះ​ពីរ​ខាងដើម​ មនុស្ស​នឹង​ចង់​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​លោកអ្នក​ទាំង​នៅមុន​ពេល​ ក្នុង​ពេល​និង​ក្រោយពេល​ព្រឹត្តិ​ការណ៍​បង្កើត​បណ្តាញ​ទំនាក់ទំនង​។ ដូច្នេះហើយ​តើ​លោកអ្នក​បន្ត​បង្រៀន​និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ទាំងនោះ​ដោយ​របៀបណា​? សៀវភៅ​ដែល​លោកអ្នក​បាន​និពន្ធ​និង​បោះពុម្ព​ផ្សាយ​រួចហើយ​នោះ​អាច​ប្រែក្លាយ​ទៅជា​វគ្គសិក្សា​តាម​អ៊ី​នថឺ​ណិ​តបាន​។ ជំពូក​នី​មួយ​ៗផ្តល់​ជូន​ឱកាស​បាន​សិក្សា​និង​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែម​ទៀត​តាមរយៈ​កម្មវិធី​បង្រៀន​នៅ​លើ​អ៊ី​នថឺ​ណិ​ត។

 

វគ្គសិក្សា​តាម​អ៊ី​នថឺ​ណិ​ត ឬក្រុម​អ្នកអាន​សៀវភៅ​របស់​លោកអ្នក​អាច​នឹង​ទទួល​បាន​ប្រយោជន៍​កាន់តែ​ច្រើន​តាមរយៈ​ការ​បន្ត​ចូលរួម​ជួយ​ផ្តល់​យោបល់​និង​ពន្យល់​ណែនាំ​ពី​លោកអ្នក​ទាំង​ក្នុង​ពេល​ជួប​ផ្ទាល់​មួយ​សប្តាហ៍​ម្តង​ ឬនៅ​ក្នុង​បណ្តាញ​សង្គម​។

ការបង្កើត​និង​ភ្ជាប់​បណ្តាញ​ទំនាក់ទំនង​ជាមួយ​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ​ជា​គន្លឹះ​ជោគជ័យ​សម្រាប់​សហគ្រិន​។ សូម​ចងចាំ​ថា​បណ្តាញ​ទំនាក់ទំនង​របស់​លោកអ្នក​ជា​រង្វាស់​កម្រិត​ជោគជ័យ​និង​ធនធាន​របស់​លោកអ្នក​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Addicted2Success​

មតិយោបល់