ជីវិត&អាជីវកម្ម | August 24, 2019 | 97

គន្លឹះ​គ្រប់គ្រង​សម្រាប់​មេដឹកនាំ​ក្រុមការងារ​ច្រើន​

គោលការណ៍​គ្រប់គ្រង​មួយចំនួន​ដូចជា​ការ​បណ្តុះ​ផ្នត់គំនិត​រីកចម្រើន​ក្នុងចំណោម​បុគ្គលិក​ ឬការដឹកនាំ​ដោយ​សមានចិត្ត​អាចប​ង្កើត​ឧបសគ្គ​មួយចំនួន​។ ប៉ុន្តែ​នៅពេល​លោកអ្នក​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ការគ្រប់គ្រង​ក្រុមការងារ​ទ្រង់ទ្រាយ​ធំ​ បញ្ហា​ប្រឈម​នឹង​មាន​កាន់តែ​ច្រើន​ដែរ​។ ពេល​មាន​ក្រុមការងារ​កាន់តែ​ធំ​ លោកអ្នក​នឹង​លំបាក​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើស​មា​ជិ​កម្នា​ក់ៗ​។ បើ​លោកអ្នក​មិន​ប្រុងប្រយ័ត្ន​ទេ​ លោកអ្នក​អាច​នឹង​បាត់បង់​ទំនួល​ខុសត្រូវ​ខ្លះ​ដោយ​មិនដឹង​ខ្លួន​។ 

ដំណឹងល្អ​គឺថា​ការគ្រប់គ្រង​ក្រុមការងារ​ទោះជា​ធំ​យ៉ាងណា​ក៏​នៅតែ​អាច​ទៅរួច​ដែរ​។ តាមរយៈ​ការ​បញ្ចូល​គន្លឹះ​គ្រប់គ្រង​សំ​ខាន់​ៗទាំងនេះ​ លោកអ្នក​នឹងអាច​ដឹកនាំ​ក្រុមការងារ​ទៅ​រក​ជោគជ័យ​បាន​ ៖

 

១/ បើក​ច្រក​ទំនាក់ទំនង​

ពេល​មាន​សមាជិក​ក្រុមការងារ​ច្រើន​ លោកអ្នក​នឹង​កាន់តែ​លំបាក​ជួប​ប្រជុំ​ម្តង​ម្នាក់​ឱ្យ​បាន​ទៀងទាត់​ណាស់​។ ទោះជាយ៉ាងណា​ លោកអ្នក​មិន​ត្រូវ​ឈប់​ខ្វល់ខ្វាយ​រឿង​ច្រក​ទំនាក់ទំនង​នោះ​ទេ​។ សូម្បីតែ​បុគ្គលិក​ថ្មី​ដែល​ទើបតែ​ចាប់ផ្តើម​ធ្វើការ​ក៏​ចង់បាន​ការ​យកចិត្ត​ទុកដាក់​ខ្លះ​ពី​លោកអ្នក​ថា​ការចូលរួម​វិភាគទាន​របស់​គេ​ជាផ្នែក​សំខាន់​និង​មានតម្លៃ​ដែរ​។ ដំណោះស្រាយ​គឺ​លោកអ្នក​ត្រូវ​ប្រើប្រាស់​ច្រក​ទំនាក់ទំនង​បន្ថែម​តាមរយៈ​បច្ចេកវិទ្យា​ដូចជា​កម្មវិធីSlack​ ឬBasecamp​ ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយ​ក្រុមការងារ​បាន​គ្រប់ពេល​និង​គ្រប់​ទីកន្លែង​។

 

២/ បែងចែក​ការងារ​និង​ទំនួល​ខុសត្រូវ​

ក្នុង​ពេល​ដែល​ក្រុមការងារ​របស់​លោកអ្នក​រីក​កាន់តែ​ធំ​ ទម្ងន់​ការងារ​ក៏​កាន់តែ​មាន​ច្រើន​ដែរ​ ហើយ​លោកអ្នក​មិន​អាច​ដោះស្រាយ​កិច្ចការ​ទាំងអស់​តែម្នាក់ឯង​បានទេ​។ ការបែងចែក​ការងារ​ទៅ​ឱ្យ​មនុស្ស​ត្រូវ​តាម​ជំនាញ​និង​ចំណង់​ចំណូលចិត្ត​នឹង​ជួយ​បញ្ជៀស​លោកអ្នក​ពី​បញ្ហា​ការងារ​លើស​កម្លាំង​ បង្កើន​ផលិតភាព​ក្រុមការងារ​ជា​រួម​ និង​ផ្តល់​ពេលវេលា​បន្ថែម​ឱ្យ​លោកអ្នក​បាន​គ្រប់គ្រង​សមាជិក​នី​មួយ​ៗ។ ការសិក្សា​ស្រាវជ្រាវ​មួយ​បង្ហាញថា​ការបែងចែក​ការងារ​ជួយ​បង្កើន​ឥរិយាបថ​ស្វែងរក​យោបល់​ស្ថាបនា​ក្នុងចំណោម​បុគ្គលិក​ និង​នាំទៅរក​លទ្ធផល​កាន់តែ​ប្រសើរ​។

 

៣/ សម្លឹង​រកមើល​ក្រែង​មាន​ទំនាស់​

ទំ​នា​សមិន​ល្អ​នៅក្នុង​ក្រុមការងារ​អាច​នឹង​នាំទៅរក​ការខាតបង់​ផលិតភាព​និង​កម្លាំងចិត្ត​ដើម្បី​បំពេញការងារ​។ មនុស្ស​ទាំងអស់​មានទម្លាប់​ប្រកាន់បក្ស​ពួក​ ហើយ​បើ​មានការ​ប្រេះស្រាំ​តែ​បន្តិច​នៅក្នុង​ក្រុមការងារ​ សាមគ្គីភាព​នឹង​លែង​មានន័យ​។ ក្នុងនាម​ជា​មេដឹកនាំ​ក្រុមការងារ​ លោកអ្នក​ត្រូវ​កំណត់​ការ​រំពឹង​ទុក​ឱ្យ​បាន​ច្បាស់លាស់​សម្រាប់​របៀប​ដោះស្រាយ​ទំនាស់​ក្នុង​ក្រុមការងារ​ និង​ត្រូវ​ត្រៀមខ្លួន​ដើរតួ​ជា​អ្នក​ដោះស្រាយ​បញ្ហា​។ ការ​ស្គាល់​បរិស្ថាន​ការងារ​គ្រប់ពេល​នឹង​ជួយ​លោកអ្នក​កំណត់​ដឹង​បញ្ហា​ដែល​អាច​នឹង​ប្រែក្លាយ​ទៅជា​ទំនាស់​បាន​ ដូច្នេះ​លោកអ្នក​អាច​នឹង​ចាត់វិធានការ​ទាន់ពេល​វេលា​។

 

៤/ មើល​ឱ្យ​បាន​ឆ្ងាយ​

នៅពេល​មាន​ក្រុមការងារ​កាន់តែ​ធំ​ សមត្ថភាព​សម្លឹង​មើល​និង​វិភាគ​គុណភាព​នៃ​លទ្ធផល​ការងារ​របស់​សមាជិក​ម្នា​ក់ៗ​កាន់តែ​មាន​សារៈសំខាន់​ខ្លាំង​ឡើង​។ ការ​សម្លឹង​មើល​ដំណើរការ​ មធ្យោបាយ​ទំនាក់ទំនង​ និង​តួនាទី​របស់​សមាជិក​ក្រុមការងារ​ម្នា​ក់ៗ​ក្នុង​របៀប​ជា​រួម​នឹង​ជួយ​លោកអ្នក​កំណត់​ដឹង​ផ្នែក​ណាខ្លះ​ដែល​ក្រុមការងារ​មិនសូវ​ប៉ិនប្រសប់​ ឬធ្វើការ​មិនសូវ​មានប្រសិទ្ធភាព​។ កិច្ចការ​គ្រប់គ្រង​លម្អិត​ក៏​នៅតែ​សំខាន់​ដែរ​ ប៉ុន្តែ​ការ​ដក​មួយ​ជំហាន​ថយក្រោយ​និង​មើល​ឱ្យ​កាន់តែ​ឆ្ងាយ​នឹង​ជួយ​លោកអ្នក​បាន​កាន់តែ​ប្រសើរ​ក្នុង​ការ​តម្រង់​តាម​គោលដៅ​។

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Entrepreneur​

មតិយោបល់