បច្ចេកវិទ្យា | August 24, 2019 | 85

អង្គការណាសានឹងបើកស្ថានីយអវកាសអន្តរជាតិដល់អ្នកទេសចរទៅទស្សនា

អង្គការណាសា គ្រោងនឹងអនុញ្ញាតឲ្យក្រុមអ្នកទេសចរអាចទៅទស្សនាស្ថានីយអវកាសអន្តរជាតិបានចាប់ពីឆ្នំា២០២០តទៅ ដែលគេអាចចំណាយថវិកាប្រមាណជា៣៥,០០០ដុល្លារអាមេរិក ក្នុងមួយយប់ឬស្មើនឹង២៧,៥០០ផោន។

 

ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិកដដែលបាននិយាយថា ខ្លួននឹងបើកទូលាយនូវស្ថានីយអវកាសស្ថិតនៅឯគន្លងគោចររបស់ផែនដីដើម្បីប្រយោជន៍ដល់ក្រុមអ្នកទេសចរ និងកិច្ចការដទៃទៀត។

 

 

បើតាមលោក Robyn Gatens នាយករងស្ថានីយអវកាសអន្តរជាតិបានលើកឡើងថា នៅទីនោះមានបេសកកម្មអ្នកអវកាសជាលក្ខណៈឯកជនរយៈពេលខ្លីចំនួនពីរលើកក្នុងមួយឆ្នំាៗ ដោយគេអនុញ្ញាតឲ្យក្រុមអ្នកអវកាសឯកជនធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិបានក្នុងរយៈពេល៣០ថ្ងៃធ្វើដំណើរនៅលើយានអវកាសសហរដ្ឋអាមេរិក។

 

 

ដោយឡែកប្រមុខផ្នែកហិរញ្ញវត្ថុ Jeff DeWit របស់អង្គការណាសានៅក្នុងបុរីញូវយ៉កវិញបានរៀបរាប់ថា អង្គការណាសា បើកចំហស្ថានីយអវកាសអន្តរជាតិដើម្បីជាឱកាសធ្វើពាណិជ្ជកម្មនិងទីផ្សារដែលយើងមិនធ្លាប់បានធ្វើកាលពីមុនមកពាក់ពន្ធ័នឹងបញ្ហាអវកាស។

 

អង្គការណាសាបានលើកឡើងបន្តទៀតថា អង្គភាពពាណិជ្ជកម្មឯកជននិងត្រូវទទួលខុសត្រូវថាតើត្រូវកំណត់សមាសភាពប៉ុន្មាននាក់ ខណៈដែលរយៈកាលកន្លងមកធ្លាប់អង្គការណាសាធ្លាប់បានជួលក្រុមហ៊ុនចំនួនពីរមានក្រុមហ៊ុន SpaceXនិងប្រើប្រាស់យានចម្លង Dragon ហើយនិងក្រុមហ៊ុន Boeing ដែលបង្កើតយានអវកាសឈ្មោះ Starliner។

 

 

ក្រុមហ៊ុនទំាងអស់នេះ ទំនងជាយកថ្លៃស្រដៀងគ្នាទៅនឹងក្រុមអ្នកអវកាសឯកជនដែរ ក្នុងតម្លៃដឹកជញ្ជូនមិនក្រោមពី៦០លានដុល្លារនោះទេក្នុងមួយជើងៗ។ កាលពីមុន អង្គការណាសាធ្លាប់ធ្វើការហាមឃាត់មិនអនុញ្ញាតឲ្យមានការប្រើប្រាស់ស្ថានីយអវកាសម្រាប់បំណងពាណិជ្ជកម្មនោះឡើយ លើកលែងតែកិច្ចការស្រាវជ្រាវអំពីលំហតែប៉ុណ្ណោះ។

 

 

កាលពីឆ្នំា២០០១ ពាណិជ្ជករអាមេរិកមួយរូបឈ្មោះលោក Dennis Tito បានក្លាយទៅជាអ្នកទេសចរទី១នៅពេលដែលគាត់បានចំណាយឲ្យប្រទេសរុស្ស៊ីប្រមាណជា២០លានដុល្លារអាមេរិកសម្រាប់ដំណើរកំសាន្តទៅកាន់ទីលំហ៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ BBC

 

មតិយោបល់