កម្សាន្ត | August 13, 2019 | 139

Yang Mi ផ្ដាច់ទំនាក់ទំនងជាមួយ Versace ក្រោយផ្ទុះរឿងអាស្រូវអាវយឺតដាក់អក្សរម៉ាកាវ និងហុងកុងជាប្រទេសឯករាជ្យ

 

តារាសម្ដែងចិន Yang Mi បានសម្រេចចិត្តបញ្ចប់តួនាទីរបស់នាងជាអ្នកតំណាងសម្រាប់ក្រុមហ៊ុនសម្លៀកបំពាក់ Versace បន្ទាប់ពីមានការរិះគន់ថាការរចនាអាវយឺតរបស់ក្រុមហ៊ុននេះកាលពីពេលថ្មីៗគឺជាទង្វើមិនគោរពគោលនយោបាយ "ប្រទេសចិនតែមួយ"។

 

 

ភាពចម្រូងចម្រាសនៃអាវយឺតនេះ បានកើតឡើងបន្ទាប់ពីអ្នកលេងបណ្ដាញសង្គមបានបង្ហោះរូបអាវយឺតថ្មីរបស់ Versace ដែលមានអក្សរបង្ហាញថាហុងកុង និងម៉ាកាវគឺជាប្រទេសដាច់ដោយឡែកពីប្រទេសចិន។ គួរបញ្ជាក់ថា Yang Mi គឺជា Brand Ambassador ចិនដំបូងគេរបស់ Versace ហើយកិច្ចសន្យារបស់នាងជាមួយយីហោដ៏ល្បីរបស់អ៊ីតាលីនេះទើបត្រូវបានចុះហត្ថលេខាកាលពីពេលថ្មីៗប៉ុណ្ណោះ។

 

 

តារាសម្តែង និងម៉ូដែលរូបនេះបាននិយាយថានាងនឹងលែងធ្វើការជាមួយ Versace ទៀតហើយ ដោយសារតែម៉ូដអាវយឺតដែលបានចេញកាលពីថ្ងៃទី ២៤ ខែកក្កដា។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយតាមរយៈស្ទូឌីយោផ្ទាល់ខ្លួន Yang Mi បាននិយាយថា នេះជាកាតព្វកិច្ចរបស់នាងក្នុងនាមជាពលរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងការគោរព និងប្រកាន់ខ្ជាប់នូវគោលនយោបាយ “ចិនតែមួយ” ។

 

 

ទន្ទឹមនឹងដែរ ក្រុមហ៊ុន Versace ក៏បានចេញការសុំទោសជាផ្លូវការដែរដោយសារភាពថាមានកំហុសក្នុងការរចនាម៉ូដ និងបានប្រមូលអាវយឺតដែលលក់ចេញទាំងអស់មកវិញ។ យ៉ាងណាមិញ អ្នកលេងបណ្ដាញសង្គមចិនជាច្រើនយល់ថា ការសុំទោសនេះមិនគ្រប់គ្រាន់ឡើយ ដោយសារ សារសុំទោសនេះត្រូវបានបង្ហោះតែលើបណ្ដាញ Weibo ដែលមើលឃើញតែនៅប្រទេសចិន ប៉ុន្តែមិនបង្ហោះលើ Instagram ដែលគេមើលឃើញជាអន្តរជាតិឡើយ ៕

 

ប្រែសម្រួល៖ វណ្ណារិទ្ធិ

ប្រភព៖ jaynestars

មតិយោបល់