ជីវិត&អាជីវកម្ម | August 13, 2019 | 53

តើការគោរព និងការស្រឡាញ់ចូលចិត្ត មួយណាសំខាន់ជាងសម្រាប់មេដឹកនាំ?

ទំនាក់ទំនងល្អរបស់មេដឹកនាំគ្រប់រូបជាមួយនឹងមនុស្សនៅក្រោមបង្គាប់តម្រូវឱ្យមានទាំងការគោរពផងនិងការស្រឡាញ់ផង។ មេដឹនាំដែលគួរឱ្យស្រឡាញ់អាចធ្វើការបានល្អជាមួយមនុស្សក្រោមបង្គាប់ទាំងនៅក្នុងកម្រិតផ្ទាល់ខ្លួននិងកម្រិតវិជ្ជាជីវៈ ដែលជួយសម្រួលដល់ការងារនិងបង្កើនកម្លាំងចិត្តក្នុងការងារថែមទៀតផង។ បន្ថែមពីលើនេះ មេដឹកនាំដែលគួរឱ្យគោរពនឹងទាក់ទាញបានការយកចិត្តទុកដាក់ និងវិន័យពីមនុស្សក្រោមបង្គាប់ នាំទៅបង្កើតបានកន្លែងធ្វើការដែលកាន់តែមានសណ្តាប់ធ្នាប់។ 

ទោះជាយ៉ាងណា បញ្ហាស្ថិតនៅត្រង់ថា ការគោរពនិងការស្រឡាញ់ចូលចិត្តច្រើនតែមិនសូវនៅជាមួយគ្នាបានទេ។ ការធ្វើសកម្មភាពមួយដើម្បីធ្វើខ្លួនឱ្យគេស្រឡាញ់ចូលចិត្តអាចនឹងនាំឱ្យបាត់បង់ការគោរពខ្លះ។ ហើយការធ្វើសកម្មភាពដើម្បីទាមទារការគោរពអាចនឹងនាំឱ្យបាត់បង់ការស្រឡាញ់ចូលចិត្ត។ ដូច្នេះតើមួយណាសំខាន់ជាង? ហើយតើមេដឹកនាំម្នាក់អាចមានចំណុចល្អទាំងពីរនេះក្នុងពេលជាមួយគ្នាបានទេ?


ការគោរពជារឿងចាំបាច់
ដំបូង ក្នុងនាមជាមេដឹកនាំ លោកអ្នកត្រូវយល់ថាការគោរពជារឿងចាំបាច់ ហើយការគោរពមានពីរប្រភេទ។ បុគ្គលិកខ្លះនឹងធ្វើតាមការបញ្ជារបស់លោកអ្នក ដោយសារគេខ្លាចបាត់បង់ការងារ។ ចំណែកបុគ្គលិកខ្លះទៀតកោតសរសើររបៀបដឹកនាំរបស់លោកអ្នក ហើយគេចង់ដើរតាមការដឹកនាំរបស់លោកអ្នក។
ទោះជាក្នុងរបៀបណាក៏ដោយ ក៏មេដឹកនាំត្រូវមានមនុស្សក្រោមបង្គាប់គោរពធ្វើតាមដែរ។ បើបុគ្គលិករបស់លោកអ្នកមិនគោរពលោកអ្នកទេ គេប្រហែលមិនធ្វើតាមការណែនាំ ឬការបង្គាប់បញ្ជារបស់លោកអ្នកទេ ហើយលោកអ្នកនឹងជួបការលំបាកគ្រប់គ្រងមនុស្សផងនិងមិនអាចសម្រេចគោលដៅបានផង។ ដោយសារហេតុផលនេះ ការគោរពមានអាទិភាពជាងការស្រឡាញ់ចូលចិត្ត។


ទោះជាយ៉ាងណា បើមេដឹកនាំម្នាក់មិនមានការស្រឡាញ់ចូលចិត្តពីមនុស្សក្រោមបង្គាប់ទេ លោកអ្នកអាចនឹងប្រឈមឥទ្ធិពលអាក្រក់មួយចំនួនដូចជា ៖


•    វប្បធម៌អាប់អ៊ួនៅការិយាល័យ
បើលោកអ្នកតឹងតែងពេក មិនចេះបត់បែនទៅតាមស្ថានការណ៍ វប្បធម៌ក្រុមហ៊ុនទាំងមូលអាចនឹងជួបការលំបាក។ វប្បធម៌បំពុលនៅកន្លែងធ្វើការមិនមែនជារឿងល្អសម្រាប់បុគ្គលិកទេ។


•    ភ័យខ្លាច ឬបំភិតបំភ័យ
បើការគោរពចំពោះមេដឹកនាំប្រែក្លាយទៅជាការភ័យខ្លាច ឬការបំភិតបំភ័យ បុគ្គលិករបស់លោកអ្នកនឹងមិនហ៊ានប្រាប់ការពិតអំពីអ្វីៗដែលកំពុងតែកើតឡើងនៅក្នុងក្រុមហ៊ុនទេ។ ការដាក់ពាក្យលាឈប់របស់បុគ្គលិកនឹងកើនឡើង ហើយលោកអ្នកនឹងលែងទុកចិត្តអ្វីៗទាំងអស់ដែលបុគ្គលិកប្រាប់។


•    បាត់បង់ភាពស្វាហាប់ក្នុងក្រុមការងារ
បើលោកអ្នកធ្វើខ្លួនមិនឱ្យមនុស្សក្រោមបង្គាប់ស្រឡាញ់ចូលចិត្តទេ លោកអ្នកពិបាកនឹងបញ្ហាឬគ្រប់គ្រងលើការងារជាក្រុមណាស់។ បើទោះជាលោកអ្នកនៅពីលើមនុស្សគ្រប់គ្នាក៏ដោយ ក៏លោកអ្នកត្រូវពឹងផ្អែកលើមនុស្សគ្រប់គ្នាដើម្បីសម្រេចគោលដៅរបស់លោកអ្នកដែរ។


ប្រែសម្រួល ៖ វេហា
ប្រភព ៖ Entrepreneur

មតិយោបល់