ជីវិត&អាជីវកម្ម | August 13, 2019 | 46

គន្លឹះងាយសម្រាប់អនុវត្តដើម្បីបានដើរកម្សាន្តផងនិងធ្វើការផង

ការធ្វើដំណើរកម្សាន្តជាផ្នែកធំមួយនៃដំណើរជីវិតរបស់សហគ្រិន។ ដំណើរកម្សាន្តជារឿងល្អសម្រាប់ពាណិជ្ជកម្ម ដោយសារមនុស្សយើងត្រូវការពេលសម្រាកដើម្បីកាត់បន្ថយសម្ពាធអារម្មណ៍ពីការងារ។ ម្ចាស់ពាណិជ្ជកម្មគួរតែឆ្លៀតរកពេលយ៉ាងហោចណាស់៤សប្តាហ៍ក្នុងមួយឆ្នាំដើម្បីសម្រាកកម្សាន្ត។
បញ្ហាស្ថិតនៅត្រង់ថា សហគ្រិនមិនអាចកាត់ផ្តាច់ទាំងស្រុងពីការងារបានទេ ប៉ុន្តែតាមរយៈបច្ចេកវិទ្យាបច្ចុប្បន្ននេះ លោកអ្នកអាចធ្វើការដោយគ្មានការរំខានអ្វីទាំងអស់ និងអាចដើរកម្សាន្តដោយមិនប៉ះពាល់ដល់ការងារឡើយ។

ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលលោកអ្នកអាចអនុវត្តដើម្បីរកឃើញសេរីភាពបែបនេះ ៖


១/ ដាក់អាទិភាពនៅចំពោះមុខនិងជាស្នូល
ការកំណត់អាទិភាព ហើយសរសេរទុកធ្វើឱ្យលោកអ្នកដឹងច្បាស់ថាកិច្ចការណាដែលសំខាន់នៅចំពោះមុខ។ ការដឹងបែបនេះ នឹងជួយលោកអ្នកឱ្យប្រឹងប្រែងធ្វើកិច្ចការអាទិភាពទាំងនោះរួចរាល់មុននឹងចេញទៅដើរកម្សាន្ត។ កិច្ចការណាដែលមិនសូវសំខាន់និងមិនបន្ទាន់ពេកទេ លោកអ្នកអាចទុករហូតដល់ពេលត្រឡប់មកពីដំណើរកម្សាន្តវិញ។ ការកំណត់អាទិភាពបែបនេះក៏ជួយបញ្ជៀសទម្ងន់ការងារមុននឹងលោកអ្នកចេញទៅដើរកម្សាន្តដែរ។ អាថ៌កំបាំងគឺធ្វើយ៉ាងណាសម្រាលបន្ទុកការងារ ជាជាងបន្ថែមទម្ងន់ការងារនៅមុនពេលចេញដំណើរកម្សាន្ត។


២/ ផ្ទេរទំនួលខុសត្រូវឱ្យអ្នកដទៃ
សកម្មភាពមួយទៀតដែលលោកអ្នកគួរតែធ្វើនៅមុនពេលចេញដំណើរកម្សាន្តគឺការប្រគល់ទំនួលខុសត្រូវឱ្យអ្នកដទៃ។ ដាក់មនុស្សម្នាក់ឱ្យចាំមើលការងារនិងដោះស្រាយបញ្ហាពេលអវត្តមានរបស់លោកអ្នក។ បើលោកអ្នកមានពេល គួរតែរៀបចំប្រជុំម្នាក់ទល់នឹងម្នាក់ជាមួយមនុស្សដែលលោកអ្នកប្រុងនឹងផ្ទេរទំនួលខុសត្រូវឱ្យនោះ។ បន្ថែមពីលើនេះ លោកអ្នកក៏គួរតែជួនដំណឹងអតិថិជនសំខាន់ៗរបស់លោកអ្នកឱ្យដឹងថាត្រូវទាក់ទងទៅនរណាខ្លះនៅពេលលោកអ្នកមិននៅក្នុងកន្លែងធ្វើការ ក្នុងករណីគេមានកិច្ចការត្រូវទាក់ទងបន្ទាន់។


៣/ ប្រែក្លាយដំណើរពាណិជ្ជកម្មទៅជាការសម្រាកកម្សាន្ត
ការធ្វើដំណើរ ទោះជាក្នុងគោលដៅពាណិជ្ជកម្មឬជាការកម្សាន្តផ្ទាល់ខ្លួនក៏ដោយ ក៏តម្រូវឱ្យមានការរៀបចំទុកជាមុនដែរ។ ការរៀបចំទុកជាមុននេះក៏អាចធ្វើឱ្យលោកអ្នកឈឺក្បាល និងស៊ីពេលវេលារបស់លោកអ្នកពីកិច្ចការផ្សេងទៀតដែរ។ លោកអ្នកអាចបញ្ចៀសបញ្ហាស្មុគស្មាញបានច្រើន និងទាញយកប្រយោជន៍ពីការរៀបចំដំណើរពាណិជ្ជកម្មដោយការឆ្លៀតបញ្ចូលដំណើរកម្សាន្តផ្ទាល់ខ្លួនទ្រង់ទ្រាយតូចជាមួយផង។ លោកអ្នកអាចនឹងប្រើប្រាស់ពេលវេលាមុនឬក្រោយ ឬក៏នៅក្នុងចន្លោះការងារដើម្បីដើរកម្សាន្តបានយ៉ាងងាយ ប្រសិនបើមានការរៀបចំទុកជាមុន។


៤/ កុំប្រើប្រាស់ពេលាលើសពីកម្រិតដែលលោកអ្នកមាន
បើលោកអ្នកមានពេលសម្រាកត្រឹមតែបួនថ្ងៃទេ លោកអ្នកមិនគួររៀបចំដំណើរកម្សាន្តឆ្លងទ្វីបទេ។ បើលោកអ្នកមានពេលតិច ហើយរៀបចំដំណើរកម្សាន្តទៅកន្លែងឆ្ងាយ ឬមានបំណងច្រើនពេក លោកអ្នកនឹងទទួលបានប្រយោជន៍តិចបំផុតពីដំណើរកម្សាន្តតក់ក្រហល់បែបនេះ។ ជំនួសមកវិញ លោកអ្នកគួរតែកំណត់គោលដៅទៅកម្សាន្តនៅកន្លែងណាដែលមិនឆ្ងាយពេក និងជាកន្លែងដែលផ្តល់ការសម្រាកពិតប្រាកដដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយនិងភាពស្វាហាប់មកវិញ។ គន្លឹះអាថ៌កំបាំងនៅត្រង់ចំណុចនេះគឺត្រូវមានភាពបត់បែន និងមិនចាំបាច់រៀបចំផែនការលម្អិតពេកដើម្បីដាក់កម្រិតខ្លួនឯងទេ។


៥/ ផ្តាច់ទំនាក់ទំនងទាំងអស់ រួចសម្រាក
ទីបំផុតទៅ លោកអ្នកមិនត្រូវភ្លេចគោលបំណងដើមនៃដំណើរកម្សាន្តនេះទេ គឺលោកអ្នកត្រូវកាត់ផ្តាច់ការរំខានទាំងអស់ពីការងារនិងសម្រាកពិតប្រាកដ ទាំងកាយនិងចិត្ត។ បើមិនដូច្នេះទេ តើមានប្រយោជន៍អ្វីក្នុងការចំណាយពេលវេលានិងធនធានដើម្បីធ្វើដំណើរទៅឆ្ងាយ? ដំណើរកម្សាន្តល្អបំផុតជាដំណើរដែលលោអ្នកបានសម្រាកពិតប្រាកដពីការងារ។ លោកអ្នកត្រូវការវិន័យផ្ទាល់ខ្លួនខ្លះ ប៉ុន្តែលោកអ្នកមិនចាំបាច់បារម្ភពេកទេបើត្រូវការបិទទូរស័ព្ទចោលមួយរយៈ។ ការសម្រាកម្តងម្កាលដោយមានផែនការច្បាស់លាស់មិនធ្វើឱ្យពាណិជ្ជកម្មរបស់លោកអ្នកដួលរលំភ្លាមទេ ប៉ុន្តែបើលោកអ្នកប្រឹងប្រែងរែកពុនទូលលីពាណិជ្ជកម្មគ្រប់ពេលពេក ប្រហែលលោកអ្នកនឹងដួលរលំនៅពេលណាមួយ។


ប្រែសម្រួល ៖ វេហា
ប្រភព ៖ Entrepreneur

មតិយោបល់