ជីវិត&អាជីវកម្ម | August 13, 2019 | 55

ការចំណាយពេលនៅតែម្នាក់ឯងក៏អាចនាំប្រយោជន៍មិននឹកស្មានដល់ដែរ

សព្វថ្ងៃនេះ មនុស្សយើងរស់នៅជាមួយទំនាក់ទំនងគ្រប់ពេល រហូតដល់មើលលែងឃើញសារៈសំខាន់នៃការនៅស្ងប់ស្ងាត់តែម្នាក់ឯង។ ការិយាល័យសព្វថ្ងៃចាប់ផ្តើមបែរទៅរកបរិស្ថានបើកទូលាយលែងមានបន្ទប់ផ្ទាល់ខ្លួនធ្វើការដោយឯករាជ្យទៀតហើយ។ សិស្សសាលាក៏ចំណាយពេលច្រើនធ្វើការជាក្រុមជាជាងសំងំអាននិងពិសោធន៍ដោយខ្លួនឯង។ សូម្បីតែកិច្ចការផ្ទាល់ខ្លួនមួយចំនួនទៀតក៏ត្រូវមនុស្សយកទៅធ្វើនិងបង្ហាញឱ្យគេឃើញជាសាធារណៈដែរ។
លទ្ធផលមួយនៃទំនាក់ទំនងសង្គមមិនដាច់បែបនេះគឺមនុស្សភាគច្រើនកម្រមានពេលនៅតែឯងណាស់។

ក្នុងពេលដែលមនុស្សភាគច្រើនអះអាងថាការភ្ជាប់ទំនាក់ទំនងគ្រប់ពេលបែបនេះជារឿងល្អ ហើយការមានមនុស្សស្គាល់និងគាំទ្រច្រើនជាជីវិតដែលមានន័យ ក៏លោកអ្នកអាចនឹងមានរឿងល្អច្រើនពេកដែរ។
ការសិក្សាក្រុមអ្នកបង្កើតកម្មវិធីកុំព្យូទ័រ៦០០នាក់ក្នុងក្រុមហ៊ុនចំនួន៩២បានរកឃើញថាក្នុងពេលដែលកម្រិតផលិតភាពមានប្រហាក់ប្រហែលគ្នានៅក្នុងក្រុមហ៊ុននីមួយៗ ក៏គេកត់សម្គាល់ឃើញចំណុចខុសគ្នាខ្លះដែរ។ ក្រុមហ៊ុនដែលមានផលិតភាពខ្ពស់មានលក្ខណៈដូចគ្នាមួយគឺ ក្រុមហ៊ុនទាំងនោះរៀបចំការិយាល័យផ្ទាល់ខ្លួនដែលផ្តល់សេរីភាពនិងគ្មានការរំខានដល់បុគ្គលិករបស់គេ។ ជាលទ្ធផល មនុស្សពូកែធ្វើការជាង៦០ភាគរយមានបន្ទប់ផ្ទាល់ខ្លួន ចំណែកមនុស្សដែលធ្វើការខ្សោយជិត៨០ភាគរយនិយាយថាគេមានការរំខានមិនចាំបាច់ជាញឹកញាប់។


ភាពស្ងប់ស្ងាត់មិនត្រឹមតែមានគុណប្រយោជន៍ក្នុងអាជីពប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អចំពោះសុខភាពផ្លូវចិត្ត និងសុខមាលភាពផ្លូវអារម្មណ៍ដែរ។ ដើម្បីទទួលបានប្រយោជន៍ច្រើនបំផុតពីជីវិត លោកអ្នកត្រូវតែរៀនចំណាយពេលនៅម្នាក់ឯង ដោយគ្មានការរំខាន។ គុណប្រយោជន៍ពីភាពស្ងប់ស្ងៀមមានដូចជា ៖


១/ អាចទទួលបានថាមពលពេញលេញឡើងវិញ
មនុស្សយើងទាំងអស់គ្នា សូម្បីតែមនុស្សដែលចូលចិត្តនិយាយច្រើន ត្រូវការពេលវេលាខ្លះដើម្បីសម្រាកនិងទទួលបានថាមពលឡើងវិញ។ គ្មានវិធីណាដែលល្អជាងការចំណាយពេលនៅតែម្នាក់ឯងដើម្បីទទួលបានថាមពលបែបនេះទេ។ ភាពស្ងប់ស្ងៀម និងអារម្មណ៍ស្ងប់ដែលលោកអ្នកទទួលបានពេលនៅតែម្នាក់ឯងមានសារៈសំខាន់ណាស់សម្រាប់ការក្រោកចេញពីសម្ពាធអារម្មណ៍នៃជីវិតរាល់ថ្ងៃ។


២/ អាចកិច្ចការណាដែលចង់ធ្វើ
ការនៅជាមួយមនុស្សដទៃធ្វើឱ្យលោកអ្នករីករាយមែនហើយ ប៉ុន្តែលោកអ្នកក៏ត្រូវតែសម្របសម្រួលនិងបត់បែនតាមគេដែរ។ ពេលខ្លះទៀតលោកអ្នកត្រូវផ្លាស់ប្តូរគំនិតខ្លួនគេដើម្បីផ្គាប់ចិត្តអ្នកដទៃទៀតផង។ ការនៅតែឯងជួយរំដោះលោកអ្នកពីសម្ពាធទាំងអស់ ហើយលោកអ្នកអាចធ្វើកិច្ចការអ្វីក៏បានតាមចិត្តចង់។ លោកអ្នកអាចស្លៀកពាក់ ទទួលទាន និងគិតអំពីអ្វីក៏បាន។


៣/ រៀនជឿជាក់លើខ្លួនឯង
សេរីភាពមានន័យលើសពីការធ្វើកិច្ចការណាដែលលោកអ្នកចង់ធ្វើ។ សេរីភាពជាសមត្ថភាពដើម្បីជឿជាក់លើអារម្មណ៍ខ្លួនឯង និងគិតបានយ៉ាងច្បាស់ ដោយគ្មានសម្ពាធ ឬឥទ្ធិពលអ្វីទាំងអស់ពីខាងក្រៅ។ ការចំណាយពេលនៅតែម្នាក់ឯងជួយលោកអ្នកយល់ច្បាស់អំពីខ្លួនឯង ដឹងថាខ្លួនឯងចេះអ្វីខ្លះ និងរឿងអ្វីខ្លះដែលត្រឹមត្រូវសម្រាប់លោកអ្នក។ ពេលវេលាបែបនេះនឹងបង្រៀនលោកអ្នកឱ្យជឿជាក់លើខ្លួនឯង។ ពេលនៅជាមួយអ្នកដទៃ ទោះជាលោកអ្នកដឹងខ្លួនឬមិនដឹងខ្លួន ក៏លោកអ្នកតែងតែសង្កេតប្រតិកម្មតបរបស់អ្នកដទៃដើម្បីសម្របសម្រួលខ្លួនឱ្យចុះជាមួយគេ។ 


៤/ បង្កើនប្រាជ្ញាអារម្មណ៍
ប្រាជ្ញាអារម្មណ៍ជាសមត្ថភាពទទួលស្គាល់និងយល់អារម្មណ៍ក្នុងខ្លួនលោកអ្នកនិងអារម្មណ៍អ្នកដទៃ និងជាសមត្ថភាពប្រើប្រាស់ការយល់ដឹងនេះដើម្បីគ្រប់គ្រងឥរិយាបថនិងទំនាក់ទំនងបានល្អ។ ការសិក្សាស្រាវជ្រាវមនុស្សជាងមួយលាននាក់បានរកឃើញថា មនុស្សពូកែធ្វើការ៩០%មានប្រាជ្ញាអារម្មណ៍ខ្ពស់។ ការស្គាល់ខ្លួនឯងជាគ្រឹះនៃប្រាជ្ញាអារម្មណ៍ ហើយលោកអ្នកអាចបង្កើនប្រាជ្ញាអារម្មណ៍បានតាមរយៈការចំណាយពេលនៅម្នាក់ឯង។


ប្រែសម្រួល ៖ វេហា
ប្រភព ៖ Entrepreneur

មតិយោបល់