ជីវិត&អាជីវកម្ម | July 12, 2019 | 198

មេដឹកនាំចិត្តល្អធ្វើការទទួលបានលទ្ធផលខ្ពស់

តើលោកអ្នកវាយតម្លៃមេដឹកនាំល្អដោយរបៀបណា? នៅក្នុងពាណិជ្ជកម្ម ផលចំណេញពីការវិនិយោគជារង្វាស់ដែលគេច្រើនតែប្រើសម្រាប់ដឹងកម្រិតជោគជ័យ។ នៅពេលោកអ្នកវាយតម្លៃបុគ្គលិក លោកអ្នកវាស់សមិទ្ធផលផ្ទាល់ខ្លួនរបស់គេ។ នៅពេលលោកអ្នកពិចារណាដល់ជោគជ័យនៃផ្នែកណាមួយ លោកអ្នកត្រូវសម្លឹងមើលផលចំណេញ។ ប៉ុន្តែតើផលចំណេញល្អពីការវិនិយោគជាអ្វីសម្រាប់មេដឹកនាំ?


ដោយសារផលចំណេញពីការវិនិយោគស្មើនឹងលទ្ធផល ជារឿងសមហេតុផលដែលត្រូវវាយតម្លៃភាពជាអ្នកដឹកនាំមានប្រសិទ្ធភាពលើលទ្ធផល ៖ តើយើងបានសម្រេចគោលដៅរបស់យើងទេ? ការរុញច្រានដើម្បីលទ្ធផលបែបនេះជាគោលបំណងចម្បងរបស់មេដឹកនាំមែនហើយ ប៉ុន្តែមិនគួរប្រើជាវិធីសាស្រ្តចម្បងទេ។ មេដឹកនាំជាច្រើនផ្តោតចិត្តលើលទ្ធផលរហូតដល់គេក្លាយខ្លួនជាអ្នករុញច្រាន និងមើលឃើញក្រុមការងារថាជាម៉ាស៊ីននៃភាពរីកចម្រើន។ គេអាចនឹងទទួលបានជោគជ័យកម្រិតខ្លះតាមរបៀបនេះ ប៉ុន្តែជោគជ័យបែបនេះមានអាយុខ្លីណាស់។ ជោគជ័យយូរអង្វែងតម្រូវឱ្យមានកិច្ចសហការជាបន្តបន្ទាប់រវាងមេដឹកនាំនិងក្រុមការងារ។


អ្នកជំនាញចាត់ទុកថាចិត្តល្អជាជំហានទីមួយនាំទៅរកកិច្ចសហការដែលពង្រឹងទំនាក់ទំនងល្អហើយនាំទៅសម្រេចបានលទ្ធផលខ្ពស់។ បើចិត្តល្អជាជំហានទីមួយ តើលោកអ្នកអាចអភិវឌ្ឍបានដោយរបៀបណា? មុននឹងមនុស្សចាប់ផ្តើមសហការជាមួយមេដឹកនាំ គេតែងតែសម្លឹងមើលចម្លើយចំពោះសំណួរទាំងនេះ ៖ តើមេដឹកនាំយកចិត្តទុកដាក់ចំពោះគេទេ? តើមេដឹកនាំអាចជួយគេទេ? តើគេអាចទុកចិត្តលើមេដឹកនាំបានទេ?


១/ តើមេដឹកនាំយកចិត្តទុកដាក់ចំពោះអ្នកក្រោមបង្គាប់ទេ?
ស្ថាប័នការងារមួយមានសមាជិកជាមនុស្សដែលមានតម្រូវការ មហិច្ឆតានិងសង្ឃឹម។ ដើម្បីឆ្លើយនឹងសំណួរនេះបានត្រឹមត្រូវ មេដឹកនាំត្រូវតែចេះឱ្យតម្លៃមនុស្សឱ្យលើសពីគម្រោង។ មើលបុគ្គលិកឱ្យឃើញថាជាមនុស្សជាជាងត្រឹមតែជាធនធាន។ ដើម្បីបែបនេះបានលោកអ្នកត្រូវស្គាល់សមាជិកបុគ្គលិក រៀនយល់ពីគេឱ្យបានច្រើន និងរកឱ្យឃើញថាមានកត្តាអ្វីដែលអាចជំរុញចិត្តបុគ្គលិកឱ្យខិតខំធ្វើការ។


លោកអ្នកត្រូវសម្តែងទឹកចិត្តចំពោះគុណតម្លៃដែលគេគោរព សួរសុខទុក្ខរឿងផ្ទាល់ខ្លួននិងគ្រួសារ យកចិត្តទូកដាក់ចំពោះពាក្យសម្តីនិងចម្លើយរបស់គេ។ លោកអ្នកក៏អាចប្រាប់បុគ្គលិកដោយត្រង់ថាហេតុអ្វីបានជាលោកអ្នកជឿជាក់លើគេ។ នៅពេលលោកអ្នកកំណត់គោលដៅឱ្យតម្លៃមនុស្ស លោកអ្នកនឹងបង្ហាញឱ្យគេឃើញតាមសកម្មភាពរាល់ថ្ងៃរបស់លោកអ្នក។


២/ តើមេដឹកនាំអាចជួយគេបានទេ?
ចំណុចនេះប្រហែលផ្ទុយនឹងការគិតទូទៅបន្តិច ពីព្រោះមេដឹកនាំត្រូវការមនុស្សដើរតាមដើម្បីជួយឱ្យសម្រេចបានបេសកកម្មអ្វីមួយទាំងអស់គ្នា។ អ្នកជំនាញខាងទ្រឹស្តីលើកទឹកចិត្ត លោក Zig Ziglar ធ្លាប់និយាយថា “អ្នកអាចទទួលបានអ្វីៗគ្រប់យ៉ាងក្នុងជីវិតនេះ ប្រសិនបើអ្នកគ្រាន់តែជួយមនុស្សដទៃឱ្យទទួលបាននូវអ្វីដែលគេចង់បាន។” អាថ៌កំបាំងមានភាពសាមញ្ញរបៀបនេះ គឺមនុស្សមិនសហការបានយូរអង្វែងទេនៅក្នុងទំនាក់ទំនងដែលមានតែម្ខាង។ ជួយគេដើម្បីជួយខ្លួនឯង។


បន្ទាប់ពីផ្តល់តម្លៃឱ្យក្រុមការងាររបស់លោកអ្នក កិច្ចការបន្ទាប់ទៀតគឺត្រូវគិតរកមើលរបៀបដែលលោកអ្នកអាចបន្ថែមគុណតម្លៃដល់ពួកគេ។ តើមនុស្សម្នាក់ៗត្រូវការឬចង់បានអ្វីដែលលោកអ្នកមានសមត្ថភាពអាចផ្តល់ឱ្យបាន? តើលោកអ្នកអាចធ្វើឱ្យមានការផ្លាស់ប្តូរវិជ្ជមានដូចម្តេចខ្លះនៅក្នុងជីវិតរបស់គេ? នៅពេលលោកអ្នកផ្តល់ឱ្យគេដោយមិនគិតចង់បានការតបស្នងអ្វីមកវិញ លោកអ្នកនឹងទទួលបានភក្តីភាពនិងការគាំទ្រជាមិនខាន។


៣/ តើគេអាចទុកចិត្តលើមេដឹកនាំបានទេ?
ចិត្តល្អនឹងស្តែងឱ្យបុគ្គលិកមើលឃើញច្បាស់នៅពេលមេដឹកនាំបង្ហាញជាញឹកញាប់តាមសកម្មភាព។ សំណួរមួយនេះត្រូវឆ្លើយតាមសកម្មភាពដែលលោកអ្នកធ្វើជាប្រចាំ។ ការបង្កើតទំនុកចិត្តត្រូវការពេលវេលាខ្លះ គឺពេលវេលាដើម្បីគោរពតាមសន្យា ផ្គូផ្គងពាក្យសម្តីនឹងទង្វើ និងឱ្យតម្លៃជាប្រចាំចំពោះក្រុមការងារ។
ការបណ្តុះនិងការរក្សាទំនុកចិត្តត្រូវការតាំងចិត្តច្បាស់លាស់។ ហើយបើទោះជាការបង្កើតទំនុកចិត្តត្រូវការពេលវេលា ក៏វាអាចរលាយបាត់ទៅវិញភ្លាមៗបានដែរ។ ដើម្បីបន្តឆ្លើយស្របចំពោះសំណួរនេះ លោកអ្នកត្រូវបង្ហាញក្នុងសកម្មភាពរាល់ថ្ងៃ។
បើលោកអ្នកឆ្លើយស្របទៅនឹងសំណួរទាំងបីខាងលើនេះ ដំណើរឆ្ពោះទៅរកជោគជ័យរបស់លោកអ្នកមានលំនឹងល្អណាស់ ហើយបើបន្តធ្វើជាប្រចាំ លោកអ្នកនឹងសម្រេចបានជោគជ័យជាមួយនឹងក្រុមការងារជាក់ជាមិនខាន។


ប្រែសម្រួល ៖ វេហា
ប្រភព ៖ Success

មតិយោបល់