កម្សាន្ត | July 11, 2019 | 89

ផ្ទុះការសង្ស័យពេល Fan Bingbing បាត់មុខពីកន្លែងថតរឿងថ្មីជាមួយតារាហូលីវូដ

 

បន្ទាប់ពីប្រឈមមុខនឹងរឿងក្ដីគេចពន្ធ និងបែកបាក់ជាមួយគូដណ្ដឹង តារាសម្ដែងចិន Fan Bingbing នឹងត្រលប់មកប្រឡូកការងារសិល្បៈវិញតាមរយៈភាពយន្តបែបស៊ើបអង្កេតរបស់ហូលីវូដ មានចំណងជើងថា "355"។ ខណៈដែលតួអង្គសំខាន់ផ្សេងៗកំពុងចេញមុខថតនៅឯទីក្រុងប៉ារីស ប៉ុន្តែ Fan Bingbing ដែលជាតួសំខាន់ម្នាក់ដែរមិនបានបង្ហាញខ្លួននៅទីនោះទេ ដែលធ្វើឲ្យមានមតិជាច្រើនចោទសួរ ដោយសង្ស័យថានាងត្រូវគេដកចេញពីរឿងនេះហើយ ដោយសាររឿងអាស្រូវកន្លងមក។

 

 

ដឹកនាំដោយ Simon Kinberg ភាពយន្តបែបស៊ើបអង្កេតដែលមានតួអង្គសំខាន់សុទ្ធតែនារីដូចជា Penelope Cruz, Jessica Chastain, Diane Kruger និង Lupita Nyong’o ព្រមជាមួយតួឯកប្រុស គឺតារាសម្ដែង Sebastian Stan។ នៅក្នុងវីដេអូក្រៅឆាកមួយដែលទើបចេញកាលពីពេលថ្មីៗ គេឃើញតួអង្គទាំងអស់កំពុងមមាញឹកក្នុងការរៀបចំ និងហ្វឹកហាត់សម្រាប់ការថតភាពយន្តនេះ បាត់មុខតែ Fan Bingbing។

ទោះ យ៉ាងណាតារាស្រីត្រកូល Fan បានបង្ហោះវីដេអូដាច់ដោយឡែកមួយដែលបង្ហាញពីសកម្មភាពរបស់នាងក្នុងការហ្វឹកហាត់ត្រៀមថតសម្រាប់ភាពយន្តនេះ និងបានសរសេរ Caption ថា "រីករាយដែលបានចូលរួម 355"។

 

 

មូលហេតុនៃអវត្តមានរបស់ Fan Bingbing ជាមួយតារាដទៃនេះ ត្រូវបានវេបសាយ Variety បកស្រាយថា ទំនងជាដោយសារ តារាស្រីចិនរូបនេះកំពុងជាប់បម្រាមហាមហោះហើរទៅក្រៅប្រទេសនៅឡើយដោយសាររឿងក្ដីគេចពន្ធរបស់នាង។ ដូច្នេះឈុតឆាកដែលមាន Fan Bingbing នឹងត្រូវថតដាច់ដោយឡែក ហើយនឹងត្រូវកាត់បញ្ចូលក្នុងភាពយន្តក្នុងដំណាក់កាលកាត់ត ៕

 

ប្រែសម្រួល៖ វណ្ណារិទ្ធិ

ប្រភព៖ ettoday

 

មតិយោបល់