កម្សាន្ត | July 11, 2019 | 147

ជីវិតពេញដោយក្ដីសុខ Chakrit ឆ្លៀតធ្វើចម្ការទុរេន និងផ្លែឈើផ្សេងៗច្រើនសន្ធឹកទុកចែកឲ្យកូន

 

បន្ទាប់ពីបរាជ័យក្នុងជីវិតគ្រួសារម្ដងជាពីរដង នៅពេលនេះ តារាសម្ដែងជើងចាស់ថៃដ៏ល្បីល្បាញ Chakrit Yamnarm ហាក់កំពុងមានក្ដីសុខខ្លាំងជាមួយភរិយាថ្មីក្រៅរង្វង់សិល្បៈ Ann Patra។

 

 

នៅពេលនេះអ្នកទាំងពីរកំពុងមានកូនប្រុសដំបូងជាមួយគ្នា ដោយកូនប្រុសរបស់ពួកគេមានអាយុ ១ខួប២ខែ។ ក្រៅពីជីវិតនៅទីក្រុង ប្ដីប្រពន្ធមួយគូនេះក៏បានគិតគូរពីអនាគតឲ្យកូនប្រុសរួចហើយ ដោយបានទិញដីធ្វើចម្ការដ៏ធំនៅខេត្តច័ន្ទបុរី ដើម្បីទុកបេះផ្លែហូប និងយកទៅលក់មានទាំង ទុរេន មង្ឃុត ឡុងកុងនិងផ្លែឈើមួយចំនួនទៀត។

 

 

ថ្មីៗនេះភរិយាវ័យក្មេងរបស់តារាប្រុសវ័យ ៤១ឆ្នាំបានបង្ហោះរូបដើមទុរេន ព្រមទាំងសរសេររៀបរាប់តាមរយៈបណ្ដាញ Instagram របស់ខ្លួនថា៖ "ដើមទុរេននេះមានអាយុស្មើអូន Pooth តែម្ដង។ អនាគតទៅកូននឹងមានផ្លែឈើទុកហូប និងលក់ណាកូន។ និយាយតាមត្រង់ នេះជាលើកដំបូងហើយដែលម៉ាក់ដាំដើមទុរេនខ្លួនឯង ជីកដីខ្លួនឯង ដាក់ជីរខ្លួនឯង អ្វីដែលម៉ាក់មិនដែលធ្វើម៉ាក់ធ្វើអស់ហើយ តែក៏សប្បាយម៉្យាង និងបានដឹងថាជីវិតអ្នកចម្ការមិនងាយស្រួលទេ ណាត្រូវតស៊ូជាមួយអាកាសធាតុ គ្រោះធម្មជាតិ ហត់ផង ក្ដៅផង ទម្រាំបានផល..."។

 

 

គួររំឭកថា Chakrit និងភរិយាក្រៅសិល្បៈរូបនេះបានរៀបការជាមួយគ្នាកាលពីចុងឆ្នាំ២០១៨ បន្ទាប់ពី Chakrit បានរៀបការ និងលែងលះប្រពន្ធពីរដងមកហើយ ប៉ុន្តែប្រពន្ធទីមួយទីពីររបស់គេសុទ្ធតែជាអ្នកសិល្បៈ ៕

 

 

ប្រែសម្រួល៖ វណ្ណារិទ្ធិ

ប្រភព៖ sanook

 

 

មតិយោបល់